ហាយវ៉ឹងក្វាង ជាបណ្តុំកេរដំណែលប្រវត្តិសាស្រ្ត ស្ថាបត្យកម្មយោធាក្នុងរាជកាលស្តេចង្វៀង មានទីតាំងនៅចំកណ្តាលកំពូលភ្នំហាយវ៉ឹង ចំណុះភូមិសាស្រ្តទាំងពីរគឺ ទីប្រជុំជនឡាំងកូ ស្រុកភូឡុក ខេត្តថឿថៀងហ្វេ និងសង្កាត់ហ្វាហេបបាក់ ខ័ណ្ឌលៀងចីវ ក្រុងដាណាំង។ ហាយវ៉ឹងក្វាង បានក្រសួងវប្បធម៌កីឡា និងទេសចរណ៍ទទួលស្គាល់ជាកេរដំណែលវប្បធម៌ថ្នាក់ជាតិ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧។
ភ្ញៀវទេសចរមកទស្សនាកេរដំណែលហាយវឹុងក្វាង។
ហាយវ៉ឹងក្វាង ត្រូវបានសាងសង់ឡើងតាំងពីរាជវង្សត្រឹង ហើយបានជួសជុលឡើងវិញក្នុងរាជកាលស្តេចង្វៀង ហាយវឹងក្វាងគឺជាច្រកទ្វារសំខាន់និងជាផ្លូវចូលទៅរាជធានីហ្វេ។ ព្រោះហេតុនោះស្តេចង្វៀងបានប្រមូលផ្តុំកងកម្លាំងនិងអាវុធទំនើបៗនៅហាយវឹងក្វាង ដើម្បីការពាររាជធានី។ ផ្តើមចេញដំណើរពីទីក្រុងដាណាំង តាមផ្លូវជាតិលេខ១ ឆ្ពោះទៅទិសខាងជើងចម្ងាយប្រមាណ២៥គ.មគឺដល់ហាយវ៉ឹងក្វាង។ ធ្វើដំណើរតាមចង្កេះភ្នំ ផ្លូវជម្រាលព័ទ្ធពេនជុំវិញព្រៃភ្នំក្រមថ្ម ពោរពេញទៅដោយការលំបាក។ ចាប់តាំងពីមានផ្លូវរូងហាយវ៉ឹង ផ្លូវស្ងាត់តិចមានមនុស្សធ្វើដំណើរទៅមកណាស់ មានតែរថយន្ត ហើយភាគច្រើនគឺជាភ្ញៀវទេសចរ ធ្វើដំណើរដើម្បីបានស្កប់ចិត្តក្នុងការកម្សាន្តអារម្មណ៍ ចង់យកជាញជ័យខាងឡើងកម្ពស់។ ឈរលើកំពូលភ្នំ យើងអាចសម្លឹងឃើញទីក្រុងដាណាំងទាំងមូល ព័ទ្ធពេនអូសបន្លាយតាមឆ្នេរសមុទ្រ ហើយក៏អាចគន់មើលកូឡាវចាម កាងតៀងសាបានដែរ។ បើសម្លឹងឆ្ពោះទៅខាងថឿថៀងហ្វេ គឺជាដងផ្លូវក្រវិចក្រវៀននៅតាមចង្កេះភ្នំ គន់ពីចម្ងាយគឺឈូងសមុទ្រឡាំងកូ ជាមួយនឹងឆ្នេរខ្សាច់សក្បុសរាបរលូន វែងអន្លាយជាមួយនឹងទឹករលកសមុទ្រខៀវថ្លា។ ទីនេះនៅទាំងជាកន្លែងទេសចរណ៍ដ៏ស្រស់ស្អាត ល្បីឈ្មោះដោយសម្រស់សាមញ្ញនិងប្រកបដោយមនោសញ្ចេតនា មានដើមត្រែង ផ្ការ៉ូយ៉ាល់អាហ្សេលៀ ស្មៅព្រៅ និងស៊ូរសម្លេងបក្សីកញ្ជៀវឆ្លើយឆ្លងនៅក្នុងព្រៃភ្នំ ធ្វើឱ្យទិដ្ឋភាពនៅហាយ វឹងក្វាងកាន់តែស្រស់ស្អាតថែមទៀត។ ជាធម្មតានៅពេលដែលបានឃើញទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យយ៉ាងនេះ អ្នកណាក៏ចង់រកកន្លែងដ៏ស្រស់ស្អាតមួយ ដើម្បីកំណត់ត្រានូវគ្រាដែល មិនអាចបំភ្លេចបាននេះដែរ។ ហាយវឹងក្វាងបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនានៅថ្ងៃបុណ្យក៏ដូចជានៅរដូវក្តៅ។
ហាយវ៉ឹងក្វាង បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្ត និងស្ថាបត្យកម្មសិល្បៈថ្នាក់ជាតិ នឹងជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិរួមដំបូងបង្អស់នៅប្រទេសយេីងដែលខេត្តក្រុងទាំងពីរគ្រប់គ្រង។ ការរៀបចំណាត់ថ្នាក់កេរដំណែលថ្នាក់ជាតិ ជួយឲ្យស្ថាប័នគ្រប់គ្រងវប្បធម៌ ទេសចរណ៍និងរដ្ឋអំណាចភូមិភាគមានលក្ខណអភិរក្ស ពង្រីកបានល្អជាងនូវតម្លៃយ៉ាងពិសេសរបស់ហាយវ៉ឹងក្វាង។ ក្រោយពីបានទទួលស្គាល់ជាកេរដំណែលថ្នាក់ជាតិហាយវ៉ឹងក្វាងនឹងបានមជ្ឈមណ្ឌលអភិរក្សកេរដំណែលរាជធានីបុរាណហ្វេ បញ្ចូលក្នុងតារាងរាយនាមផ្នែកសំណង់ចំណុះកេរដំណែលរាជកាលស្តេចង្វៀង ក្នុងសំណុំបែបបទដើម្បីតែងតាំងឡើងវិញ ប្រជុំកេរដំណែលរាជធានីបុរាណហ្វេ ជាទេសភាពវប្បធម៌លើពិភពលោកដាក់ជូនយូណែស្កូទទួលស្គាល់។
អត្ថបទ & រូបថត៖ វ៉ាន់តឹន