ឆ្ពោះដល់ទិវាបុណ្យវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) និងបុណ្យអកអំបុក – ប្រណាំងទូក ង ឆ្នាំ ២០២៦ ទីក្រុងកឹងធើកំពុងត្រៀមលក្ខណៈចាត់តាំង ទន្ទឹមនឹងនោះ ជំរុញការផ្សព្វផ្សាយតម្លៃវប្បធម៌ដ៏ល្អពិសេសរបស់ជនរួមជាតិខ្មែរ ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍។ ពិធីបុណ្យនឹងបើកឱកាសដល់ភ្ញៀវទេសចរ ស្វែងយល់អំពីជីវភាពវប្បធម៌ ស្ថាបត្យកម្មវត្តខ្មែរ សិល្បៈប្រពៃណី និងម្ហូបអាហារដែលមានលក្ខណៈពិសេសនៃតំបន់ដីណាមបូ។

ពិធីបើកបុណ្យអកអំបុក – ប្រណាំងទូក ង ទីក្រុងកឹងធើ នឹងមានកម្មវិធីសិល្បៈជាច្រើនទាក់ទាញអ្នកទស្សនា។
ទិវាបុណ្យវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) និងបុណ្យអកអំបុក – ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ គ្រោងនឹងបើកវគ្គនៅរាត្រីទី ២២ ខែវិច្ឆិកា នៅទីលានបាច់ដាំង សង្កាត់ភូឡើយ។ ពិធីប្រណាំងទូក ងទីក្រុងកឹងធើបើកទូលាយ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ និង២៤ ខែវិច្ឆិកា មានទូក ងផ្នែកបុរស និងនារីទាំងក្នុង និងក្រៅទីក្រុងចូលរួមជាង៦០ទូក។ ស្ថិតក្នុងខ្សែសង្វាក់សកម្មភាព ក៏មានកម្មវិធីបង្ហាញសម្លៀកបំពាក់ប្រពៃណីបណ្តាជនជាតិនៅរាត្រីថ្ងៃទី ២០ ខែវិច្ឆិកា; បណ្តែតប្រទីបតាំងបង្ហាញទូកគែហ៊ៅ នៅលើដងព្រែក Maspero និងពិធីសំពះព្រះខែនៅវត្តឃ្លាំង។ ផ្សារណាត់ជំរុញពាណិជ្ជកម្មផលិតផល OCOP ទីក្រុងកឹងធើ និងផលិតផលប្រណីតប្រចាំតំបន់ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ២៤ ខែវិច្ឆិកា; បរិយាកាសម្ហូបអាហារ និងផ្សព្វផ្សាយទេសចរណ៍ទីក្រុងបម្រើភ្ញៀវទស្សនា។ តាមថេរដីកាព្រះឧបជ្ឈាយ៍ តាំងណោ សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធរមជ្ឈិមនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមាគម ព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ ព្រះចៅអធិការវត្តឃ្លាំង បុណ្យអកអំបុក – ប្រណាំងទូក ង គឺជាពិធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យធំៗរបស់ជនរួមជាតិខ្មែរ ទាក់ទាញភ្ញៀវចូលរួមយ៉ាងច្រើនកុះករទាំងក្នុងនិងក្រៅទីក្រុង។ ដោយឡែកក្នុងបរិវេណវត្ត រៀងរាល់ឆ្នាំតែងចាត់តាំងពិធីសំពះព្រះខែ ដើម្បីឱ្យមាមីងពុទ្ធបរិស័ទនិងភ្ញៀវទេសចរមកមើល និងស្វែងយល់អំពីពិធីបុណ្យនេះ។ បច្ចុប្បន្ន វត្តបាន ត្រៀមលក្ខណៈដើម្បីចាត់តាំងព្រឹត្តិការណ៍និងទទួលស្វាគមន៍ភ្ញៀវ។
អបអរសាទរទិវាវប្បធម៌វៀតណាម ទីក្រុងបានចាត់តាំងការតាំងពិព័រណ៍ក្រោមប្រធានបទ “នឹកពីអតីតកាល” នៅសារមន្ទីរទីក្រុងចាប់ពីថ្ងៃទី ១៩ ដល់ ២៥ ខែវិច្ឆិកា; តាំងពិព័រណ៌សៀវភៅ “វប្បធម៌បំភ្លឺផ្លូវឱ្យប្រជាជនធ្វើដំណើរទៅមុខ”; សម្តែងល្ខោនកៃលឿង រឿង “សំនៀងទន្លេហូវ”។ សកម្មភាពអុជធូប នៅបូជនីយដ្ឋានក្សត្រហុង និងស្តូបរំលឹកគុណអ៊ំហូ ក៏បានចាត់តាំងនៅថ្ងៃនេះ។ ទន្ទឹមនឹងនោះ ទីក្រុងក៏យកចិត្តទុកដាក់ដល់ការងារធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវទឹកអនាម័យបរិស្ថាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាជននិងភ្ញៀវទេសចរចូលរួមសកម្មភាពនេះ។
ចង្អុលការអំពីការងារត្រៀមបម្រុង លោកស្រីង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្ស អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សំណូមពរមន្ទីរជនជាតិនិងសាសនា មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ជំរុញការឃោសនា ផ្សព្វផ្សាយនូវសកម្មភាពនេះ។ ការងារផ្សព្វផ្សាយគប្បីអនុវត្តឱ្យបានឆាប់ព្រមៗគ្នា យកចិត្តទុកដាក់ផ្សព្វផ្សាយនៅតាមផ្លូវច្រក ចូលទីក្រុង និងទីតាំងចាត់តាំងពិធីបុណ្យ។ កាសែត និងវិទ្យុទូរទស្សន៍កឹងធើ បន្តផ្សព្វផ្សាយឱ្យបានគ្រប់សព្វអំពីការងារត្រៀមបម្រុងសកម្មភាពវប្បធម៌ សិល្បៈលើទំព័រកាសែត និងថ្នាលឌីជីថល រួមចំណែកធ្វើឱ្យសាយភាយបរិយាកាសពិធីបុណ្យដល់ប្រជាជននិងភ្ញៀវទេសចរ។
ជាមួយនឹងការត្រៀមបម្រុងរបស់ផ្នែក និងភូមិភាគនានាទិវាបុណ្យវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា) និងបុណ្យអកអំបុក – ប្រណាំងទូក ង ឆ្នាំ ២០២៦ បានរំពឹងថា នឹងរួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរ បង្កើនការសាមគ្គីក្នុងសហគមន៍និងផ្សព្វផ្សាយរូបភាពទីក្រុងកឹងធើ សន្សឹមៗនាំយកវប្បធម៌ធ្វើជាប្រភពធនធានសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព៕
យ្វីអាញ - វិមាន