ពង្រីកតួនាទីជាគំរូ ឈានមុខរបស់បក្ខជន LỒNG GHÉP លោកយ័ញភឿក នៅភូមិមិញតឹង ឃុំចូវថាញ់ ខេត្តអាងយ៉ាង តែងយកចិត្តទុកដាក់បំពេញការងារដោយស្មោះអស់ពីចិត្ត និងឧស្សាហ៍ព្យាយាមចលនាប្រជាជនរួមកម្លាំងកសាងស្រុកកំណើត។ ឆ្លងកាត់រយៈពេលជាង ៣០ ឆ្នាំផ្សារភ្ជាប់ជិតដិតជាមួយមូលដ្ឋាន លោកបានក្លាយជាបង្អែកដ៏រឹងមាំ ក្នុងការពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅភូមិភាគ។

លោកយ័ញភឿក តែងពង្រីកតួនាទីជាគំរូ ឈានមុខរបស់បក្ខជននៅមូលដ្ឋាន។
កើតឆ្នាំ ១៩៦៥ លោកយ័ញភឿក បានចូលរួមការងារនៅមូលដ្ឋានចាប់ពីឆ្នាំ ១៩៨៨ ក្នុងតួនាទីជាកងយោធាភូមិមិញតឹង ឃុំមិញហ្វា (ចាស់)។ ឆ្លងកាត់តំណែងការងារជាច្រើនដូចជា អនុប្រធានភូមិ អនុលេខាសាខាបក្ស និងទទួលបន្ទុកហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ លោកបន្តទទួលបន្ទុកតួនាទីជាអនុប្រធានភូមិមិញតឹង។ ទោះបីស្ថិតក្នុងតំណែងណាក៏ដោយ លោកតែងតែរក្សាខ្ជាប់ស្មារតីទទួលការខុសត្រូវ និងបំពេញភារកិច្ចដែលបានប្រគល់យ៉ាងល្អប្រសើរ។
ភូមិមិញតឹង មានគ្រួសារប្រជាជនប្រមាណ ១.៦០០ គ្រួសារ ក្នុងនោះជនជាតិភាគតិចមានជាង ៨០%។ ដោយយល់ច្បាស់ថា ការងារឃោសនាចលនាគឺជាស្នូលសម្រាប់ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ លោកយ័ញភឿក តែងតែម្ចាស់ការ “ចុះទៅគ្រប់ច្រកល្ហក គ្រប់ផ្ទះ” ក្ដាប់បានច្បាស់លាស់នូវបំណងប្រាថ្នា របស់មាមីងក្នុងភូមិស្រុក។ លោកយ័ញភឿក រ៉ាយរ៉ាប់៖ “បើចង់ឱ្យបងប្អូនឯកភាព និងជឿទុកចិត្ត គឺកម្មាភិបាលមូលដ្ឋានត្រូវតែធ្វើជាគំរូពិតប្រាកដ និយាយ ទន្ទឹមនឹងធ្វើ និងព្យាយាមពន្យល់ឱ្យមាមីងយល់ច្បាស់ ពីផលប្រយោជន៍នៃកិច្ចការនីមួយៗ។ ខ្លួនយើងត្រូវតែធ្វើមុន ធ្វើពិតប្រាកដ ទើបសម្តីមានឥទ្ធិពលក្នុងការបញ្ចុះបញ្ចូល”។
ស្នាដៃដ៏លេចធ្លោរបស់លោក គឺការចលនាប្រជាជនបង្កើនកម្រិតហេដ្ឋារចនាសម្ព័ន្ធជនបទ។ ជាតួយ៉ាងដូចក្នុងឆ្នាំ ២០២៥ លោកបានចលានាកសាងស្ពានចំនួន ៣ នៅតាមមណ្ឌលប្រជាជនតាំងទីលំនៅដោយមានទុនសរុបប្រមាណ ១០០ លានដុង បានមកពីប្រភពមូលនិធិ “អ្នកមានប្រិយភាព” និងសង្គមូបនីយកម្ម។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ លោកយ័ញភឿក តែងតែគិតគូរ ស្វែងរកដំណោះស្រាយដើម្បីជួយមាមីងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។ អាស្រ័យដោយក្ដាប់ បានច្បាស់នូវគោលនយោបាយអនុគ្រោះរបស់រដ្ឋចំពោះជនជាតិភាគតិច លោកបានសហការណែនាំប្រជាជនឱ្យទទួលបានប្រភពទុនបុលអនុគ្រោះ និងអនុវត្តបច្ចេកវិទ្យាក្នុងការផលិត។ ហេតុដូច្នេះហើយ គំរូសេដ្ឋកិច្ចសមូហភាពជាច្រើនបានដំណើរការយ៉ាង មានប្រសិទ្ធភាព ដូចជាសហករណ៍ត្បាញរបរហ្វាតឹង សហករណ៍ដាំបន្លែផាកដាក ព្រមទាំងគ្រួសារជាច្រើន បានអភិវឌ្ឍការដាំបន្លែ ជាជំហានៗបង្កើនប្រាក់ចំណូល និងលំនឹងជីវភាព។
លោក លឺវហុងកឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំចូវថាញ់ វាយតម្លៃ៖ “លោកយ័ញភឿក គឺជាកម្មាភិបាលមូលដ្ឋានដ៏សកម្មម្នាក់ ដែលតែងជិតដិតជាមួយភូមិឋាន។ ភាពឧស្សាហ៍ព្យាយាមរបស់លោកក្នុងការឃោសនា ចលនាបានបង្កការផ្លាស់ប្តូរជាវិជ្ជមានក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ អភិវឌ្ឍសេដ្ឋកិច្ច និងថែរក្សាសាមគ្គីភាពឱ្យមានភាពស្អិតល្មួតក្នុងសហគមន៍”។
ជាង ២០ ឆ្នាំដែលបានចូលរួមក្នុងកងជួរបក្ស ជាមួយនឹងការរួមចំណែកយ៉ាងសកម្មក្នុងការងារនៅមូលដ្ឋាន លោកយ័ញភឿក ត្រូវបានវាយតម្លៃជាច្រើនឆ្នាំបន្តរបន្ទាប់ បានសម្រេចឆ្នើមភារកិច្ច និងទទួលបានប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើន។ ប៉ុន្តែ សម្រាប់លោក រង្វាន់ដែលមានតម្លៃបំផុត គឺសេចក្តីទុកចិត្តនិងការឯកភាពពីសំណាក់មាមីង។ នោះហើយគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់រូបលោក បន្តធ្វើជាគំរូ យកចិត្តទុកដាក់ចំពោះការងាររួម និងរួមចំណែកកសាងស្រុកកំណើតឱ្យកាន់តែរីកចម្រើន៕
ហុងទើ - ថាច់ធី