ជាច្រើនឆ្នាំមកនេះ គណៈកម្មាធិការបក្ស រដ្ឋអំណាច និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ តែងយកចិត្តទុកដាក់និងពង្រីកតួនាទីរបស់អ្នកមានប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច។ តាមរយៈនោះ បានរួមចំណែករក្សាឱ្យបានរឹងមាំនូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងជំរុញការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ដែលមានជនជាតិភាគតិចរស់នៅលើភូមិឋានទីក្រុងកឹងធើ។

លោកគឹមថាញស៊ើង តែងពង្រីកតួនាទីជាអ្នកមានប្រិយភាពតាមរយៈការចូលរួមយ៉ាងសកម្មក្នុងការចលនារបស់ភូមិភាគ។
អ្នកមានប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច មិនត្រឹមតែបានរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ផូរផង់របស់ជនជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាខ្ជាប់ សន្តិសុខនយោបាយ និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។
ជាក់ស្តែងដូចជា លោកគឹមថាញស៊ើង អ្នកមានប្រិយភាពនៅមណ្ឌលវត្តពេជ្រ សង្កាត់វិញភឿក តែងឈានមុខក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រក្សាសាមគ្គីភាព និងចូលរួមកសាងជីវភាពវប្បធម៌នៅភូមិភាគ។ សំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនដូចជា ស្ពាននិងផ្លូវគមនាគន៍ តែងមានការរួមចំណែកយ៉ាងសកម្មរបស់លោក។ លោកស៊ើង ចែករំលែក៖ “កន្លងមក ខ្ញុំបានចលនាប្រជាជនជាង ៣០ គ្រួសារចូលរួមបរិច្ចាគដីដើម្បីពង្រីកផ្លូវជនបទ; ខ្ញុំក៏បានចលនាកៀរគរថវិកាសម្រាប់កសាងផ្លូវបេតុងថ្មី ប្រវែង ១.៥០០ ម៉ែត្រ។ រៀងរាល់ឆ្នាំ ខ្ញុំតែងចលនាបានអង្ករចំនួន ១ តោន ដើម្បីចែកជូនប្រជាជនក្រីក្រនៅភូមិភាគ”។ ក្នុងតួនាទីជាសមាជិកគណៈកម្មការវត្តពេជ្រមង្គល លោកស៊ើង បានសហការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនិងអប់រំពុទ្ធបរិស័ទ អនុវត្តល្អនូវគោលការណ៍ និងគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ព្រមទាំងផ្តល់ព័ត៌មានទាន់ពេលវេលាអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់ លុបបំបាត់ អបិយជំនឿ និងរួមចំណែកថែរក្សាផ្នត់រស់នៅវប្បធម៌ ក្នុងឱកាសបុណ្យទាន និងថ្ងៃសីលជារៀងរាល់ខែ។
លោកយ័ញម៉ូរី អ្នកមានប្រិយភាពនៅភូមិយ៉ុងជួA ឃុំអាងនិញ បានក្លាយជាទីទុកចិត្តរបស់រដ្ឋអំណាចភូមិភាគក្នុងការងារកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដោយចីរភាព។ លោកបានចលនាកៀរគរថវិកាជិត ២០០ លានដុង ដើម្បីកសាងស្ពានជនបទចំនួន ៤។ លោកក៏បានផ្តល់យោបល់និងសម្របសម្រួលជាមួយរដ្ឋអំណាចដើម្បីសាងសង់ផ្ទះចំនួន ៦ ខ្នង ជួសជុលផ្ទះចំនួន ៣ ខ្នង ក្នុងកម្មវិធីផ្ទះមហាសាមគ្គី ព្រមទាំងចលនាបានអំណោយរាប់រយចំណែក មកចែកជូនដល់មាមីងដែលមានជីវភាពលំបាកជារៀងរាល់ឆ្នាំ។ “នៅពេលជីវភាពរបស់ប្រជាជនមានភាពប្រសើរឡើង អាចសាងសង់បានផ្ទះរឹងមាំ ផ្លូវថ្នល់ មានភាពល្អប្រសើរ និងសេដ្ឋកិច្ចមានការរីកចម្រើន នោះគឺជាកម្លាំងចិត្តឱ្យខ្ញុំបន្តខិតខំប្រឹងប្រែងក្នុងការងាររបស់ខ្ញុំ” លោក ម៉ូរី បានចែករំលែកដូច្នេះ។
តាមប្រសាសន៍លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ក្នុងរយៈពេលកន្លង អ្នកមានប្រិយភាពនៅតំបន់ជនជាតិភាគតិច បានពង្រីកតួនាទីរបស់ខ្លួនយ៉ាងល្អប្រសើរ ដោយធ្វើជាគំរូនិងឈានមុខក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ; សកម្មក្នុងការចលនាប្រជាជនឱ្យចូលរួមកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដោយចីរភាព និងថែរក្សាអត្តសញ្ញាណវប្បធម៌ដ៏ផូរផង់របស់ជនជាតិ។ ពួកគាត់គឺជាអ្នក “ជំនួយការផ្ទាល់” ដែលរួមចំណែកតភ្ជាប់រវាងគោលគំនិតរបស់បក្សនិងបំណងប្រាថ្នារបស់ប្រជាជន ហើយជាកម្លាំងស្នូលដែលមានឥទ្ធិពលក្នុងសហគមន៍ជនជាតិភាគតិចលើគ្រប់វិស័យនៃជីវភាពសង្គម៕
ថាញវ៉ាង - ពេជ្រសឿន