ក្រោយប៉ុន្មានថ្ងៃទទួលដូនតាក្នុងឱកាសបុណ្យសែនដូនតា ជនរួមជាតិខ្មែរបានប្រារព្ធពិធីជូនដោយធ្វើជាទូកស្រទបចេកខាងក្នុងមានរៀបដាក់បាយ នំ ចំណី ផ្លែឈើ គ្រឿងសែនផ្សេងៗ។ នៅវត្តសំរោងឯក អនុសង្កាត់ទី៧ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ពុទ្ធបរិស័ទច្រើនកុះករបានចូលរួម សម្តែងនូវកតញ្ញូកតវេទិតាធម៌ និងរក្សាទំនៀមទម្លាប់ប្រពៃណី។

ពិធីជូនដូនតា មុនពេលបណ្តែតទូកនៅវត្តសំរោងឯក។
ព្រះតេជព្រះគុណ គឹមហ្វឹង ព្រះចៅអធិការរងវត្តសំរោងឯក មានថេរដីកា៖ តាមជំនឿប្រជាប្រិយខ្មែរ ក្នុងរយៈពេល ១៥ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌសែនដូនតា ព្រលឹងដូនតាបានមកស្វែងរកកូនចៅតាមវត្ត ឬតាមផ្ទះសាច់ញាតិ ដើម្បីទទួលចំណែកបុណ្យដែលបានឧទ្ទិសជូន។ ដើម្បីទទួលអំណរបុណ្យសែនដូនតា នៅរាល់គ្រួសារបានសម្អាតផ្ទះសម្បែង រៀបចំកន្លែងសែនព្រេន ទីសក្ការបូជាស្អាតបាត។ រៀបអន្សំជ្រូក នំគម ផ្លែឈើ និងម្ហូបអាហារ; អមជាមួយផ្កាស្រស់ ធូប ទៀនជាដើម។ តាមរបៀបពីដើម ពិធីសែននៅផ្ទះជាទូទៅប្រព្រឹត្តឡើងប្រហែលនៅម៉ោង១៧ ជាពេលដែលគោក្របីចូលក្រោល។ ម្ចាស់ផ្ទះអាចអញ្ជើញលោកអាចារ្យ ឬចាស់ព្រឹទ្ធាចារ្យដែលចេះដឹងពីទំនៀមទម្លាប់មកជួយបូងសង្រួង។ កូនចៅអង្គុយជុំគ្នា រំលឹកដល់គុណូបការៈដែលបានផ្តល់កំណើត ចិញ្ចឹមបីបាច់រក្សា។ ក្នុងប៉ុន្មានថ្ងៃនេះ មាមីងក៏បានទៅវត្តវេរភត្តប្រគេនព្រះសង្ឃ ធ្វើបុណ្យឧទ្ទិសកុសលជូនដល់សាច់ញាតិដែលបានចែកឋានទៅ។

មាមីងដង្ហែក្បូនជូនដូនតា នៅវត្តសំរោងឯក។
នៅពេលជួបជុំបានបញ្ចប់ ពិធីជូនក៏បានប្រព្រឹត្តឡើង។ មានគ្រួសារខ្លះចាត់តាំងនៅផ្ទះ មានអ្នកខ្លះទៅវត្តរួមគ្នារៀបចំ និងប្រគេនទេយ្យទាន។ នៅវត្តសំរោងឯក ទូកតូចៗបានរចនាឡើងយ៉ាងហ្មត់ចត់ តុបតែងលម្អក្បូរក្បាច់រចនាប្រកបដោយលក្ខណៈវប្បធម៌ខ្មែរ។ ចំពោះគ្រួសារដែលចាត់តាំងនៅផ្ទះ មនុស្សចាស់បានណែនាំកូនចៅកាត់យកស្រទបចេកដែលមានប្រវែងប្រហែល ៧០–៨០ សង់ទីម៉ែត្រ រចនាធ្វើជាទូកយ៉ាងប៉ិនប្រសប់ ហើយរៀបចំណីអាហារ និងគ្រឿងសែនព្រេនខាងក្នុង។ នំមួយមុខៗបានកាត់ជាចំណិត ដាក់លាយជាមួយបាយ និងកញ្ចប់អង្ករ អំបិលវេចខ្ចប់ដោយស្លឹកចេក។ ទៅតាមលក្ខណៈគ្រួសារ គ្រឿងសែនព្រេនមានទាំងស្រូវ ពោត សណ្ដែក ស្លាម្លូរ បារី ព្រមទាំងបង្អែមជាដើម។ ទាំងនេះគឺជាវត្ថុធាតុដែលធ្លាប់មានក្នុងជីវភាព បានរៀបចំដូចជាស្បៀងអាហារសម្រាប់ដំណើរផ្លូវឆ្ងាយ។ តាំងពីជ្រើសរើសវត្ថុធាតុដើម រហូតដល់ការតុបតែង រៀបចំអាហារ ដំណាក់ការនីមួយៗតែងបានផ្ចិតផ្ចង់ តាមរយៈនោះ ក្មេងៗមានឱកាសរៀនពីរបៀបធ្វើទូក និងយល់ដឹងពីអត្ថន័យនៃទំនៀមទម្លាប់ពីដូនតា ឪពុកម្ដាយ។

ទូកផ្ទុកពេញដោយចំណីអាហារ គ្រឿងសែនព្រេនបានបណ្ដែតទៅតាមព្រែក ស្រះ បឹង ក្នុងពិធីជូនដូនតា។
នៅក្បាលទូកសាងខាង មានដោតទង់ក្រពើតំណាងឱ្យព្រលឹងដូនតា; ទូកខ្លះទៀតមានដាក់រូបទីងមោងទៀតផង។ ក្រោយពីបញ្ចប់ មាមីងអុជធូប ទៀន បូងសង្រួងជូនលើកចុងក្រោយ មុននឹងបណ្ដែតទៅក្នុងព្រែក ស្រះ ឬបឹង។ តាមទស្សនៈប្រជាប្រិយ ចំណែកអាហារទាំងនោះគឺជាស្បៀងដើម្បីសាច់ញាតិដែលចែកឋាន បានទៅកាន់ទីបរមសុខ ក្រោយពីបានរស់នៅជាមួយកូនចៅ។ ក្រៅពីនឹករលឹកគុណ ពិធីនេះក៏ជាការផ្តាំផ្ញើក្តីប្រាថ្នាគ្រួសារបានសេចក្តីសុខ- ចម្រើន ការងាររកស៊ីត្រជាក់ត្រជំ ដំណាំដាំដុះបានផលកាក់កប។ ទូកស្រទបចេកប្រកបដោយមនោសញ្ចេតនារបស់អ្នកនៅរស់ សម្តែងពីការយកចិត្តទុកដាក់ហ្មត់ចត់ ចាប់តាំងពីទទួលរហូតដល់ពេលជូនដំណើរ។ ទោះបីរៀបចំនៅផ្ទះ ឬនៅវត្តក៏ដោយអត្ថន័យនោះនៅតែបានមាមីងគោរពថែរក្សារៀងរាល់ឆ្នាំ។
ប្រភពដើមនៃទំនៀមបណ្ដែតទូកបានបកស្រាយតាមរយៈរឿងព្រេងបុរាណខ្មែរ “ទន្លេស្ងួត កន្ទួតមួយដើម”។ រឿងបាននិទានថា មានឈ្មួញមួយក្រុមបានធ្វើដំណើរតាមសំពៅទៅដល់កោះមួយដែលមានពួកប្រេតជាច្រើនបានចាប់ពួកគេស៊ីជាអាហារ។ ដើម្បីសុំដោះលែងអាយុជីវិត ពួកគេបានសន្យាថាពេលត្រឡប់មកដល់ស្រុកវិញ នឹងជូនដំណឹងដល់សាច់ញាតិរបស់ពួកប្រេតទាំងនោះឱ្យធ្វើបុណ្យ និងឧទ្ទិសកុសលជូន។ ពួកប្រេតទាំងនោះក៏បានយល់ព្រម ដោយផ្ដាំថាត្រូវនាំយកបាយ គ្រឿងសែនព្រេនទៅប្រគេនព្រះសង្ឃ ព្រមទាំងធ្វើជាទូក ឬក្បូនរៀបអាហារ រួចបណ្ដែតតាមទឹក។ តាមដំណាលក្នុងប្រជាប្រិយ ពិធីនេះជាទូទៅបានប្រារព្ធនៅថ្ងៃ ១ កើត ខែអស្សុជ បន្ទាប់ពីពិធីបុណ្យសែនដូនតា ហើយរក្សារហូតមកដល់សព្វថ្ងៃ។ រឿងព្រេងបានរួមចំណែកពន្យល់ពីជំនឿដែលផ្សារភ្ជាប់នឹងការរៀបចំស្បៀងអាហារ និងការឧទ្ទិសផលបុណ្យ។ នៅវត្តសំរោងឯក នាឱកាសនេះក៏បានបង្កើតភាពស្និទ្ធស្នាលរវាងពុទ្ធបរិស័ទព្រមទាំងក្រើនរំលឹកកូនចៅជំនាន់ក្រោយឱ្យនឹកពីប្រភពដើម និងរក្សាកតញ្ញូកតវេទិតាធម៌៕
ទីទុយ - លីសៀ