កីឡា - ទេសចរណ៍ ទេសចរណ៍

29/07/2026 - 21:24

មក​កាន់​ទីវ​កឹង​ ឆ្លង​កាត់​ពិសោធន៍​ "ម៉ាស្សា​ផ្កា​ដូង​" 

សំឡេង​ "ប៉ុកៗ​" លាន់​ឮ​កណ្ដាល​ចម្ការ​ដូង​ ជា​សញ្ញា​បង្ហាញ​ថា​ ទឹក​ផ្កា​ដូង​ដំណក់​ដំ​បូង​បាន​ចាប់​ផ្តើម​ហូរ​។ មក​ដល់​ Sokfarm នៅ​ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ ភ្ញៀវ​ទេស​ចរ​មិន​ត្រឹម​តែ​បាន​ឆ្លង​កាត់​ពិសោធន៍​ "ម៉ាស្សា​ផ្កា​ដូង​" ប្រ​មូល​ទឹក​ផ្កា​ដូង​ និង​ភ្លក់​រស​ជាតិ​ផ្អែម​ស្រាល​ពី​ធម្ម​ជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ស្វែង​យល់​ពី​ដំ​ណើរ​លើក​កម្ពស់​តម្លៃ​ដើម​ដូង​ដែល​ភ្ជាប់​ជា​មួយ​វប្ប​ធម៌​ខ្មែរ​និង​ទេស​ចរណ៍​កសិ​កម្ម​។

Sokfarm ជា​ទី​តាំង​ទេស​ចរណ៍​កសិ​កម្ម​ ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​វប្ប​ធម៌​ខ្មែរ​នៅ​ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​។

សំឡេង​ "ប៉ុកៗ​" លាន់​ឮ​ជា​ប្រ​ចាំ​ពី​លើ​ចុង​ដើម​ដូង​ ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ទាំង​អស់​នាំ​គ្នា​ងើយ​មើល​ឡើង​ទៅ​លើ​។ នៅ​លើ​ដើម​ដូង​ខ្ពស់​ បង​ថា​ច់សេ​រី​ បាន​ច្បូត​ថ្នម​ៗនិង​ម៉ាស្សា​ផ្កា​ដូង​ម្តង​មួយ​ៗ រួច​គោះ​ថ្នម​ៗដើម្បី​ជំ​រុញ​ឱ្យ​ទឹក​ផ្កា​ដូង​ហូរ​ចេញ​។ បង​សេ​រី​ ណែ​នាំ​៖ "ត្រូវ​ច្បូត​និង​ម៉ាស្សា​ផ្កា​ដូង​ថ្នម​ៗ ប្រហែល​២-៣នា​ទី​ ហើយ​គោះ​ដោយ​កម្លាំង​ល្មម​កុំ​ឱ្យ​ផ្កា​ដូង​ជាំ​ ទើប​ទឹក​ផ្កា​ដូង​អាច​ហូរ​បាន​ស្មើ​ល្អ​"។ ខណៈ​ពេល​កំ​ពុង​ពន្យល់​ណែ​នាំ​ បង​ក៏​អនុ​វត្ត​យ៉ាង​រហ័ស​និង​ស្ទាត់​ជំ​នាញ​។

ក្រោយ​ពី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​បង​សេ​រី​ ខ្ញុំ​ក៏​សាក​ល្បង​ឡើង​ដើម​ដូង​ដើម្បី​ឆ្លង​កាត់​ពិ​សោធន៍​ការ​​ដែល​អ្នក​ភូមិ​នៅ​ទី​នេះ​ហៅ​ថា​ "ម៉ាស្សា​ផ្កា​ដូង​"។ ឈរ​នៅ​ត្រង់​ប្រ​គាប់​ធាង​ដូង​ ខ្ញុំ​បាន​ច្បូត​ផ្កា​ដូង​មួយ​ៗដោយ​ប្រុង​ប្រយ័ត្ន​ ហើយ​គោះ​តាម​ចង្វាក់​និង​ចិត​ក្បាល​ចេញ​ តាម​ការ​ណែ​នាំ​របស់​បង​ថា​ច់សេ​រី​។ មិន​បាន​ប៉ុន្មាន​នា​ទី​ផង​ ដំណក់​ទឹក​ផ្កា​ដូង​ថ្លា​ឈ្វេង​ដំ​បូង​ក៏​ចាប់​ផ្តើម​ស្រក់​ចូល​ទៅ​ក្នុង​ដប​ដែល​ព្យួរ​នៅ​ក្រោម​ទង​ផ្កា​។ នៅ​ពេល​លើក​ភ្លក់​ទឹក​ផ្កា​ដូង​ដែល​ទើប​ប្រ​មូល​បាន​មួយ​ស្លាប​ព្រា​ រស​ជាតិ​ផ្អែម​ស្រាល​ ត្រ​ជាក់​ បាន​សាយ​ភាយ​ពេញ​ចុង​អណ្តាត​ ផ្តល់​អា​រម្មណ៍​ប្លែក​ខុស​ពី​រស​ជាតិ​ផ្អែម​របស់​ស្ករ​ ឬ​ទឹក​ដូង​ធម្ម​តា​។ គ្រា​នោះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​យល់​ថា​ ហេ​តុ​អ្វី​បាន​ជា​មុខ​របរ​ប្រ​មូល​ទឹក​ផ្កា​ដូង​ បាន​ក្លាយ​ជា​បទ​ពិសោធន៍​ដ៏​ពិ​សេស​ និង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​នៅ​ពេល​មក​កាន់​ស្រុក​ទីវ​កឹង​។

ភ្ញៀវ​ទេស​ចរ​ឆ្លង​កាត់​ពិសោធន៍​ "ម៉ាស្សា​ផ្កា​ដូង​" និង​ប្រ​មូល​ទឹក​ផ្កា​ដូង​នៅ​ Sokfarm។

ស្ថិត​នៅ​ចម្ងាយ​ប្រ​មា​ណ​ ២ គី​ឡូ​ម៉ែ​ត្រ​ពី​មជ្ឈ​មណ្ឌល​ឃុំ​ទីវ​កឹង​ តំ​បន់​ទេស​ចរណ៍​កសិ​កម្ម​ Sokfarm លាក់​ខ្លួន​យ៉ាង​ស្ងប់​ស្ងាត់​កណ្ដាល​ជួរ​ដើម​ដូង​ពណ៌​បៃតង​។ មិន​មាន​ភាព​អ៊ូ​អរ​ ឬ​កុះ​ករ​នោះ​ទេ​ ប៉ុន្តែ​ទី​នេះ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ ដោយ​ផ្លូវ​តូច​ៗ ម្លប់​ដូង​ត្រ​ជាក់​ ស្ពាន​ឈើ​ គុម្ព​ផ្កា​រីក​ស្រស់​នៅ​តាម​ដង​ផ្លូវ​ និង​ផ្លាក​សញ្ញា​ធ្វើ​ពី​បន្ទះ​ឈើ​ដែល​ត្រូវ​បាន​គូរ​ដោយ​វិចិត្រ​ករ​ខ្មែរ​ លម្អ​ដោយ​ក្បាច់​ផ្កា​ចាន់​ប្រ​ពៃ​ណី​ខ្មែរ​។ នៅ​ច្រក​ចូល​មាន​ពាក្យ​ស្វាគមន៍​ "សួ​ស្ដី​" ជា​ភា​សា​ខ្មែរ​ ដែល​បង្ក​អា​រម្មណ៍​កក់​ក្តៅ​និង​រាក់​ទាក់​ ដូច​ជា​ការ​ចាប់​ផ្តើម​ដំ​ណើរ​មួយ​ដើម្បី​ស្វែង​យល់​អំ​ពី​វប្ប​ធម៌​និង​អត្ត​សញ្ញា​ណ​របស់​អ្នក​ស្រុក​នៅ​ទី​នេះ​។ ដំ​ណើរ​ទស្សនា​រយៈ​ពេល​ប្រ​មា​ណ​ ១,៥ - ២ ម៉ោង​ ភ្ញៀវ​ទេស​ចរ​នឹង​បាន​ស្វែង​យល់​អំ​ពី​ដំ​ណាក់​ការ​ទាំង​មូល​នៃ​ការ​ប្រ​មូល​ទឹក​ផ្កា​ដូង​ ចាប់​ពី​ការ​ថែ​ទាំ​ផ្កា​ដូង​ ការ​ប្រ​មូល​ទឹក​ផ្កា​ដូង​ រហូត​ដល់​ការ​កែ​ច្នៃ​ទៅ​ជា​ផលិត​ផល​ចម្រុះ​ជា​ច្រើន​មុខ​។ គ្រប់​ដំ​ណាក់​ការ​សុទ្ធ​សឹង​ទាម​ទារ​ឱ្យ​មាន​ការ​អត់​ធ្មត់​ ជំ​នាញ​ និង​ការ​ថ្នម​ថ្នាក់​ផ្កា​ដូង​នីមួយៗ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ឱ្យ​ទឹក​ផ្កា​ដូង​ហូរ​បាន​ស្មើ​រៀង​រាល់​ថ្ងៃ​។ លាយឡំ​ជា​មួយ​នឹង​សកម្ម​ភាព​នៃ​ការ​ឆ្លង​កាត់​ពិសោធន៍​ ជា​មួយ​នឹង​បរិយាកាស​ស្ងប់​ស្ងាត់​នៃ​ជន​បទ​ណាម​បូ​ នៅ​ទី​នេះ​ភ្ញៀវ​ទេស​ចរ​ក៏​អាច​ស្រូប​យក​ខ្យល់​អា​កាស​បរិសុទ្ធ​ មាន​អា​រម្មណ៍​ស្រស់​ស្រាយ​ក្រោម​ម្លប់​ដូង​ពណ៌​បៃតង​។

តិច​មាន​អ្នក​ដឹង​ថា​ នៅ​ពី​ក្រោយ​ដំណក់​ទឹក​ផ្កា​ដូង​ដ៏​ផ្អែម​ឆ្ងាញ់​ទាំង​នោះ​ គឺ​ជា​ដំ​ណើរត​ស៊ូ​អស់​រយៈ​ពេល​ជិត​ ៧ ឆ្នាំ​របស់​ប្ដី​ប្រ​ពន្ធ​អ្នក​ស្រី​ ថា​ច់ធី​ចន្ធី​ និង​លោក​ផាម​ឌិញង៉ាយ បោះ​បង់​ទី​ក្រុង​មក​រស់​នៅ​ស្រុក​កំ​ណើត​ ដើម្បី​ស្ដារ​របរ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ និង​បង្កើត​បាន​ពាណិជ្ជ​សញ្ញា​ Sokfarm ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រ​តិដ្ឋ​។ Sokfarm បាន​បង្កើត​នៅ​ឆ្នាំ​ ២០១៩ ក្នុង​បំ​ណង​លើក​កម្ពស់​តម្លៃ​ដើម​ដូង​ បង្កើត​មុខ​រប​រនិង​ប្រាក់​ចំ​ណូល​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ ព្រម​ទាំង​អភិវឌ្ឍ​ទម្រង់​ "កសិ​កម្ម​សុភ​មង្គល​" រហូត​មក​ដល់​បច្ចុប្បន្ន​ អង្គ​ភាព​នេះ​បា​នក​សាង​តំ​បន់​វត្ថុ​ធា​តុ​ដើម​ដូង​សរី​រា​ង្គប្រ​មា​ណ​ ៦២ ហិក​តា​ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ស្តង់​ដារ​អន្តរ​ជាតិ​ ដោយ​សហ​ការ​ជា​មួយ​កសិ​ករ​ប្រ​មា​ណ​ ១៥០ គ្រួ​សារ​ និង​បង្ក​ការ​ងារ​ឱ្យ​កម្ម​ករ​ក្នុង​ភូមិ​ភាគ​ ៩០ នាក់​ ក្នុង​នោះ​ប្រ​មា​ណ​ ៧០% ជា​នា​រី​ជន​ជាតិ​ខ្មែរ​។

លោ​កថា​ច់បូ​រា​ណ​ នៅ​ភូមិ​ស្វាយ​មីង​ បាន​ឱ្យ​ដឹង​ កាល​ពី​មុន​ តម្លៃ​ផ្លែ​ដូង​ប្រែ​ប្រួល​ជា​ញឹក​ញាប់​ ធ្វើ​ឱ្យ​ប្រាក់​ចំ​ណូល​របស់​គ្រួ​សារ​មិន​សូវ​មាន​ស្ថិរ​ភាព​។ ចាប់​តាំង​ពី​បាន​ចូល​រួម​ប្រ​មូល​ទឹក​ផ្កា​ដូង​ផ្គត់​ផ្គង់​ឱ្យ​ Sokfarm អស់​រយៈ​ពេល​ជិត​ ២ ឆ្នាំ​មក​នេះ​ ចំ​នួន​ដើម​ដូង​ជាង​ ៥០ ដើម​របស់​គ្រួ​សា​រលោក​ បាន​ផ្តល់​ប្រាក់​ចំ​ណូល​ជា​ទៀង​ទាត់​ប្រ​មា​ណ​ ១០-១៨ លាន​ដុង​ក្នុង​មួយ​ខែ​។ លោក​ចែក​រំលែក​៖ "របៀប​ធ្វើ​នេះ​ជួយ​ឱ្យ​អ្នក​ដាំ​ដូង​មាន​ទំនុក​ចិត្ត​ជាង​មុន​ ព្រោះ​មិន​សូវ​ប៉ះ​ពាល់​ពេល​តម្លៃ​ផ្លែ​ដូង​ឡើង​ចុះ​មិន​លំ​នឹង​ដូច​មុន​ទៀត​"។

ភ្ញៀវ​ទេស​ចរ​ភ្លក់​រស​ជាតិ​ទឹក​ផ្កា​ដូង​ស្រស់​ ដែល​ជា​ផលិត​ផល​ពិ​សេស​របស់​ Sokfarm។

មិន​ត្រឹម​តែ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ​ Sokfarm ក៏​ជា​ទី​តាំង​ដែល​ភ្ញៀវ​អន្តរ​ជាតិ​ជា​ច្រើន​មក​សិក្សា​ស្វែង​យល់​អំ​ពី​ទម្រង់​កសិ​កម្ម​សរី​រា​ង្គ បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​និង​ការ​អភិវឌ្ឍ​សហ​គម​ន៍។ ជា​រៀង​រាល់​ឆ្នាំ​ ទី​នេះ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេស​ចរ​ជាង​ ១.០០០នាក់​ មក​ទស្សនា​និង​ទទួល​បទ​ពិសោធន៍​ផ្ទាល់​។ តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រី​ ថា​ច់ធី​ចន្ធី​ ប្រ​ការ​ដែល​ធ្វើ​ឱ្យ​ Sokfarm មាន​មោទ​នភាព​បំ​ផុត​ មិន​ត្រឹម​តែ​ការ​លក់​ផលិត​ផល​បាន​កាន់​តែ​ច្រើន​នោះ​ទេ​ ប៉ុន្តែ​គឺ​ការ​ជួយ​ឱ្យ​ភ្ញៀវ​ទេស​ចរ​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​ផលិត​ផល​កសិ​កម្ម​របស់​វៀត​ណាម​ និង​រឿង​រ៉ាវ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ដំណក់​ទឹក​ផ្កា​ដូង​។ បច្ចុប្បន្ន​ Sokfarm បាន​អភិវឌ្ឍ​ផលិត​ផល​សរី​រា​ង្គពី​ទឹក​ផ្កា​ដូង​ចំ​នួន​ ៦ ប្រ​ភេទ​ រួម​មាន​ ទឹក​ផ្កា​ដូង​ស្រស់​ ទឹក​ផ្កា​ដូង​ខាប់​ ស្ករ​ផ្កា​ដូង​ ទឹក​ខ្មេះ​ផ្កា​ដូង​ ទឹក​ស៊ី​អ៊ីវ និង​ផលិត​ផល​កែ​ច្នៃ​ផ្សេង​ៗទៀត​។

នៅ​ពេល​រសៀល​រំ​លង​ទៅ​បន្តិច​ សំឡេង​ "ប៉ុកៗ​" ក៏​លាន់​ឮ​ម្តង​ទៀត​ពី​ចង្កោម​ផ្កា​ដូង​មួយ​ទៀត។ នៅ​ពេល​ចាក​ចេញ​ ពី​ Sokfarm ខ្ញុំ​នៅ​តែ​ចង​ចាំ​រស​ជាតិ​ផ្អែម​ស្រាល​នៃ​ទឹក​ផ្កា​ដូង​ដែល​ទើប​ប្រ​មូល​បាន​ថ្មី​ៗ ហើយ​ក៏​មិន​អាច​បំ​ភ្លេច​ពាក្យ​ស្វាគមន៍​ "សួ​ស្ដី​" ដ៏​សាមញ្ញ​និង​កក់​ក្តៅ​ដែល​បន្លឺ​ឡើង​កណ្តា​លសួន​ដូង​ពណ៌​បៃតង​ត្រ​ជាក់​ភ្នែក​នោះ​បាន​ដែរ​។ ដំ​ណើរ​កម្សាន្ត​លើក​នេះ​ មិន​ត្រឹម​តែ​នាំ​មក​នូវ​បទ​ពិសោធន៍​ថ្មី​ប្លែក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឱ្យ​ខ្ញុំ​យល់​កាន់​តែ​ច្បាស់​អំ​ពី​របៀប​ដែល​ប្រ​ជា​ជន​នៅ​ទីវ​កឹង​ កំ​ពុង​អភិ​រក្ស​និង​បន្ត​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​ខ្មែរ​ លើក​កម្ពស់​តម្លៃ​ដើម​ដូង​ និង​និទាន​រឿង​រ៉ាវ​ភូមិ​ស្រុក​ជន​បទ​សាមញ្ញ​ៗ ប៉ុន្តែ​ពោរ​ពេញ​ដោយ​អត្ថ​ន័យ​៕

ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ