អ្នកជាច្រើនមានទម្លាប់យកសម្លៀកបំពាក់ដែលទទឹកញើសជោក បន្ទាប់ពីហាត់ប្រាណមកដាក់ចូលម៉ាស៊ីនបោកភ្លាមៗ។ ក្រុមអ្នកជំនាញបានព្រមានថា ទម្លាប់នេះជាមូលហេតុធ្វើឱ្យសម្លៀកបំពាក់មានធុំក្លិនពិបាកទ្រាំ ទោះបីបោកសម្អាតម្តងហើយម្តងទៀតក៏ដោយ។

រូបភាពជាឧទាហរណ៍។
បន្ទាប់ពីហាត់ប្រាណបែកញើសជោក ការយកសម្លៀកបំពាក់កខ្វក់ទៅដាក់ក្នុងម៉ាស៊ីនបោក ឬក្នុងកន្ត្រកដាក់ខោអាវភ្លាមៗ ហាក់ដូច ជាវិធីសាស្ត្រអនាម័យនិងងាយស្រួលបំផុត។ ថ្វីដ្បិត ដូច្នេះក៏ដោយ តាមការបញ្ជាក់របស់ក្រុមអ្នកជំនាញ មកពីអង្គការការពារអ្នកប្រើប្រាស់របស់ចក្រភពអង់គ្លេស ទម្លាប់នេះ ពិតជាកំពុង “ជួយឱ្យ” បាក់តេរីនិងធុំក្លិនញើសជាប់លើសម្លៀកបំពាក់យ៉ាងយូរ។
ក្រុមអ្នកជំនាញបានឱ្យដឹងថា សម្លៀកបំពាក់សម្រាប់ហាត់ប្រាណ ភាគច្រើនត្រូវបានផលិតពីសាច់ក្រណាត់ពិសេសដែលមានសមត្ថភាពប៊ឺតសំណើម ធ្វើឱ្យរាងកាយស្ងួតក្នុងពេលចលនា។ ប៉ុន្តែលក្ខណៈពិសេសនេះក៏ធ្វើឱ្យញើស ខ្លាញ់ពីរាងកាយ និងបាក់តេរីងាយជ្រាបចូលសាច់ក្រណាត់ផងដែរ។
ប្រសិនបើសម្លៀកបំពាក់នៅសើមហើយដាក់ចូលម៉ាស៊ីនបោក ឬក្នុងកន្ត្រកខោអាវកខ្វក់ដោយមិនទុកឱ្យស្ងួតញើសទេ នោះបាក់តេរីនឹងបន្តវិវឌ្ឍន៍ និងបង្កឱ្យមានធុំក្លិនជាប់នៅយូរ។
អាស្រ័យហេតុនេះ ក្រុមអ្នកជំនាញបានផ្ដល់អនុសាសន៍ គប្បីព្យួរឬហាលសម្លៀកបំពាក់ទទឹកញើស ជោករយៈពេលពីរបីម៉ោង ដើម្បីឱ្យស្ងួតញើសសិន មុននឹងយកទៅបោក។ វិធីនេះជួយបន្ថយការប្រមូលផ្តុំរបស់បាក់តេរី ទន្ទឹមនឹងនោះ ក៏ធ្វើឱ្យការបោកសម្អាតនៅពេលក្រោយមានប្រសិទ្ធភាពជាង។
ក្រៅពីនេះ ដើម្បីឱ្យសម្លៀកបំពាក់ហាត់ប្រាណជ្រះស្អាតនិងមិនធុំក្លិន អ្នកប្រើប្រាស់ក៏គួរយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍មួយចំនួននៅពេលបោកសម្អាត។
ត្រឡប់សម្លៀកបំពាក់បញ្ច្រាសខាងក្នុងចេញក្រៅមុនពេលបោក៖ ផ្នែកខាងក្នុងនៃសម្លៀកបំពាក់ជាកន្លែងដែលប៉ះផ្ទាល់នឹងញើស ខ្លាញ់ពីរាងកាយ និងកោសិកាស្បែកដែលងាប់។ នៅពេលត្រឡប់បញ្ច្រាស ផ្នែកដែលកខ្វក់ជាងគេ នឹងប៉ះទឹកនិងសាប៊ូបោកខោអាវដោយផ្ទាល់ ដែលជួយកម្ចាត់បាក់តេរីបានកាន់តែមានប្រសិទ្ធភាព។
កុំប្រើសាប៊ូបោកក្នុងបរិមាណច្រើនពេក៖ សារធាតុលាងសម្អាតដែលសល់នឹងជាប់លើសាច់ក្រ ណាត់ អាចកកជាស្រទាប់ជាប់បាក់តេរីឱ្យនៅខាងក្នុង។ ចំពោះសម្លៀកបំពាក់ដែលធុំក្លិនខ្លាំង អាចត្រាំជាមួយល្បាយទឹកខ្មេះសមុននឹងបោក ។
មិនគួរប្រើទឹកបន្ទន់ក្រណាត់៖ សារធាតុនៅក្នុងទឹកបន្ទន់ក្រណាត់ នឹងបង្កស្រទាប់ជាប់លើសាច់ក្រណាត់ ដែលអាចបិទរន្ធបញ្ចេញខ្យល់របស់សម្លៀកបំពាក់សម្រាប់ហាត់ប្រាណ។ ប្រការនេះ មិនត្រឹមតែធ្វើឱ្យសម្លៀកបំពាក់បាត់បង់សមត្ថភាពប៊ឺតញើសប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណ:ឱ្យបាក់តេរីបង្កធុំក្លិនលើស្រទាប់សាច់ក្រណាត់នោះទៀតផង។
ជ្រើសរើសកម្រិតសីតុណ្ហភាពឱ្យបានត្រឹមត្រូវ៖ ប្រភេទសាច់ក្រណាត់សរសៃចម្រុះដែលដេរសម្លៀកបំពាក់ហាត់ប្រាណងាយរងផលប៉ះពាល់នឹងកម្ដៅ។ អ្នកជំនាញក្រើនរំលឹក គប្បីប្រើមុខងារម៉ាស៊ីនបោក សម្រាប់សាច់ក្រណាត់សរសៃចម្រុះ ឬមុខងារបោក ពិសេសសម្រាប់សម្លៀកបំពាក់ហាត់ប្រាណ។ សីតុណ្ហភាពសមស្រប គឺប្រហែល ៣០°C ឬ ២០°C ដើម្បីការពាររចនាសម្ព័ន្ធសាច់ក្រណាត់។
មិនគួរប្រើម៉ាស៊ីនសម្ងួតទេ៖ កម្ដៅខ្ពស់ពីម៉ាស៊ីនសម្ងួត គឺជា“សត្រូវ”របស់សាច់ក្រណាត់យឺត សរសៃ ក្រណាត់បង្កឱ្យមានកម្រិតយឺតសម្រាប់ខោរឹបនិងខោហាត់ប្រាណ។ ដើម្បីឱ្យសម្លៀកបំពាក់ហាត់ប្រាណប្រើប្រាស់បានយូរ គួរជ្រើសរើសការហាលស្ងួតតាមធម្មតាជាជាងប្រើម៉ាស៊ីនសម្ងួត។
គ្រាន់តែផ្លាស់ប្តូរទម្លាប់បន្តិចបន្តួចក្នុងការបោកសម្លៀកបំពាក់ យើងអាចរក្សាសម្លៀកបំពាក់ហាត់ ប្រាណបានជ្រះស្អាត ក្រអូបនិងប្រើប្រាស់បានយូរអង្វែង៕
ប្រភព៖ vietnamnet.vn - ពេជ្រសឿន