នាព្រឹកថ្ងៃទី១០ ខែឧសភា នៅឧទ្យានជាតិអ៊ូមិញហា ឃុំដាបាក គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ប្រារព្ធពិធីបើកព្រឹត្តិការណ៍ “ក្លិនក្រអូបព្រៃអ៊ូមិញ” ឆ្នាំ២០២៦។ ព្រឹត្តិការណ៍មានសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ធម្មជាតិសម្បូរបែប ទាក់ទាញអ្នកតំណាងនិងភ្ញៀវទេសចរចូលរួមជាង ២.០០០ នាក់។ នេះជា “កម្លាំងចលករ” ដ៏សំខាន់សម្រាប់ផ្សព្វផ្សាយម៉ាកសញ្ញាទេសចរណ៍ធម្មជាតិពិសេសនៅតំបន់ដីចុងប៉ូចខាងត្បូងនៃមាតុភូមិ។
ព្រឹត្តិការណ៍ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ទី១០ ខែឧសភា ឆ្នាំ២០២៦ នៅឧទ្យានជាតិអ៊ូមិញហា និងមណ្ឌលទេសចរណ៍ធម្មជាតិមឿយង៉ក (នៅភូមិ៤ ឃុំត្រឹងវ៉ាំងថើយ)។ សកម្មភាពលេចធ្លោរួមមាន៖ រត់ប្រណាំងកាត់ព្រៃ ដើរកម្សាន្តកាត់ព្រៃ អុំប្រណាំងទូកបីសន្លឹក អុំប្រណាំងកម្លាំងលើទូកបីសន្លឹក និងសាកល្បងដើរលើស្ពានស្នួ។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរអាចចូលរួមដោះដូរសិល្បៈដើងកាតាយទឺ សកម្មភាពដាក់តាំងរូបភាព តាំងបង្ហាញផលិតផលភូមិភាគ ម្ហូបអាហារប្លែកៗ និងដំណើរទស្សនកិច្ចតភ្ជាប់ឧទ្យានជាតិអ៊ូមិញហាជាមួយមណ្ឌលទេសចរណ៍មឿយង៉ក ដើម្បីបម្រើដល់ភ្ញៀវទេសចរ។

ព្រឹត្តិការណ៍ “ក្លិនក្រអូបព្រៃអ៊ូមិញ” ទាក់ទាញភ្ញៀវទេសចររាប់រយនាក់។
ថ្លែងក្នុងពិធី លោកឡេវ៉ាំងស៊ឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានបញ្ជាក់៖ “ក្លិនក្រអូបព្រៃអ៊ូមិញ” មិនត្រឹមតែជាពិធីបុណ្យប៉ុណ្ណោះទេ នៅទាំងជាសារបញ្ជាក់ពីបំណងប្រាថ្នាអភិវឌ្ឍន៍តំបន់ដីចុងប៉ូចខាងត្បូងនៃមាតុភូមិទៀតផង។ សកម្មភាពក្នុងព្រឹត្តិការណ៍នេះ បានរួមចំណែកផ្សព្វផ្សាយរូបភាព សក្ដានុភាពទេសចរណ៍ធម្មជាតិ និងតម្លៃវប្បធម៌ពិសេសនៃតំបន់ដីអ៊ូមិញហា។ ជាមួយគ្នានោះដែរ ក៏បានបង្កបរិយាកាសដោះដូរ តភ្ជាប់ និងជំរុញការអភិវឌ្ឍទេសចរណ៍ ពាណិជ្ជកម្ម និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌កាម៉ាវដល់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្ត។
ព្រឹត្តិការណ៍នៅទាំងបង្ហាញអំពីសម្រស់ទិដ្ឋភាពដ៏វិសេសវិសាលនៃព្រៃស្មាច់អ៊ូមិញ ប្រព័ន្ធធម្មជាតិតំបន់ដីលិចទឹក និងវប្បធម៌ព្រែកទន្លេនៃភាគខាងត្បូង តាមរយៈមុខរបរប្រពៃណីដូចជា៖ ដាក់បង្គងឃ្មុំ ចាប់ត្រីធម្មជាតិ និងបង្ហាញពីជីវភាពរស់នៅរបស់អ្នកស្រុកតំបន់ព្រៃស្មាច់ ជាមួយម្ហូបអាហារបែបសាមញ្ញ សិល្បៈដើងកាតាយទឺ និងសកម្មភាពវប្បធម៌ដ៏ពិសេសផ្សេងៗទៀត។

ទិដ្ឋភាពទាំងស្រុងនៃទីកន្លែងប្រព្រឹត្តឡើងនូវព្រឹត្តិការណ៍ “ក្លិនក្រអូបព្រៃអ៊ូមិញ”
នេះគឺជាព្រឹត្តិការណ៍ “កម្លាំងចលករ” ដើម្បីផ្សព្វផ្សាយសក្តានុភាពសេដ្ឋកិច្ចទេសចរណ៍ធម្មជាតិ ជួយបំប្លែងសក្តានុភាពធនធានឱ្យក្លាយជាតម្លៃសេដ្ឋកិច្ច។ ខេត្តកាម៉ាវកំពុងកសាងម៉ាកទេសចរណ៍ធម្មជាតិពិសេស ដែលដិតដាមដោយអត្តសញ្ញាណវប្បធម៌ ដើម្បីធ្វើជាគំនូសសញ្ញានៅលើផែនទីទេសចរណ៍វៀតណាម។ តាមរយៈនោះ បង្កឱកាសតភ្ជាប់អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម និងការវិនិយោគទេសចរណ៍ បង្កជាប្រព័ន្ធសេដ្ឋកិច្ចវិលជុំ ដែលធនធានព្រៃឈើត្រូវបានទាញយកផលដោយភាពវៃឆ្លាត នាំមកនូវភាពរុងរឿងយូរអង្វែងសម្រាប់ភូមិភាគ៕
យ្វីអាញ - ថាច់ធី