កីឡា - ទេសចរណ៍ ទេសចរណ៍

01/05/2026 - 08:40

ទាញ​យក​ផល​ពី​សក្តា​នុភាព ទី​ក្រុង​កឹង​ធើ​លើក​កម្ពស់​ទេស​ចរណ៍​សាស​នា 

ជា​មួយ​សក្តា​នុភាព​លេច​ធ្លោ​ជា​ច្រើន​អំ​ពី​វប្ប​ធម៌ ទី​ក្រុង​កឹង​ធើ​ជា​ជំ​ហានៗ​ទាញ​យក​ផល​ពី​ទេស​ចរណ៍​សាស​នា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​បង្ក​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​អភិ​វឌ្ឍ​វិស័យ​ទេស​ចរណ៍​និង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ។

​ ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​និង​ថត​រូប​នៅ​វត្ត​សំ​រោង។

មិន​ត្រឹម​តែ​ល្បី​ខាង​ទេស​ចរណ៍​តំ​បន់ព្រែក ទន្លេ​ និង​ចម្ការ​ឈើ​ហូប​ផ្លែ​ប៉ុណ្ណោះ​ទេ ទី​ក្រុង​កឹង​ធើ​មាន​វត្ត​ខ្មែរ​ជា​ច្រើន​ដែល​មាន​ស្ថា​បត្យកម្ម​លេច​ធ្លោ​និង​ដិត​ដាម​ដោយ​វប្ប​ធម៌​ពិ​សេសៗ ដូច​ជា៖ វត្ត​ស្រ​ឡូង វត្ត​មហា​ទប់ វត្ត​សំ​រោង...។ នេះ​គឺ​ជា​គ្រឹះ​ដ៏​សំ​ខាន់​សម្រាប់​ទី​ក្រុង​អភិ​វឌ្ឍ​ផលិត​ផល​ទេស​ចរណ៍​សាស​នា ផ្សារ​ភ្ជាប់​ជា​មួយ​អត្ត​សញ្ញាណ​ភូមិ​ភាគ។

រយៈ​ពេល​កន្លង ទី​ក្រុង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​វិនិ​យោគ​និង​ជួស​ជុល​កែ​លម្អ​វត្ត​អា​រាម​មួយ​ចំ​នួន ព្រម​ទាំង​ទាញ​យក​តម្លៃ​វប្ប​ធម៌ ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ទេស​ចរ​ពេល​មក​ទស្ស​នា​និង​គោ​រព​បូ​ជា។ ការ​អភិ​វឌ្ឍ​មិន​ត្រឹម​តែ​អភិ​រក្ស​ស្ថា​បត្យ​កម្ម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ផលិត​ផល​ទេស​ចរណ៍​ព្រមៗ​គ្នា ដូច​ជា៖ ការ​ដាក់​តាំង​បង្ហាញ​វប្ប​ធម៌​ខ្មែរ ម្ហូប​អា​ហារ​ប្រ​ពៃ​ណី វត្ថុ​អនុ​ស្សាវ​រីយ៍​និង​សេវា​កម្ម​ណែ​នាំ​ភ្ញៀវ រួម​ចំ​ណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយតម្លៃ​បេ​តិក​ភ័ណ្ឌ​ឱ្យ​កាន់​តែ​សាយ​ភាយ។

ទន្ទឹម​នឹង​នោះ ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ដូច​ជា បុណ្យ​អក​អំ​បុក បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​សែន​ដូន​តា... បាន​ក្លាយ​ជា​ផលិត​ផល​ទេសចរណ៍​ដ៏​វិសេស​វិ​សាល ជា​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​វប្ប​ធម៌​និង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​ឱ្យ​មក​ទស្ស​នា​កម្សាន្ត។

ជា​មួយ​គ្នា​នេះ​ដែរ ការ​ងារ​គ្រប់​គ្រង​និង​ជំ​រុញ​ដំ​ណើរ​ការ​និង​ការ​ចង​សម្ព័ន្ធ​អភិ​វឌ្ឍន៍​វិស័យ​ទេស​ចរណ៍ ត្រូវ​បាន​អនុ​វត្ត​ព្រមៗ​គ្នា។ ទី​ក្រុង​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​រូប​ភាព ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល​និង​អភិ​វឌ្ឍន៍​ប្រ​ព័ន្ធ​ទេស​ចរណ៍​ទំ​នើប ដើម្បី​លើក​កម្ពស់​បទ​ពិ​សោធន៍​សម្រាប់​ភ្ញៀវ​ទេស​ចរ។ ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ទេស​ចរណ៍ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​សេវា​កម្ម​និង​វិជ្ជា​ជីវៈ។

ឆ្នាំ​២០២៥ ផ្នែក​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ បន្ត​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន។ ស​រុប​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ដែល​មក​ទស្ស​នា​ប៉ាន់​ស្មាន​ជាង ១១,១៨​លាន​នាក់ កើន ១៨% បើ​ប្រៀ​នឹង​ឆ្នាំ​មុន ភ្ញៀវ​ស្នាក់​នៅ​មាន​ជិត ៤,៩៥​លាន​នាក់ ក្នុង​នោះ ភ្ញៀវ​អន្តរ​ជាតិ​មាន​ជាង ៤៤៤ ពាន់​នាក់។ ចំ​ណូល​ស​រុប​ពី​ទេស​ចរណ៍​សម្រេច​បាន​ជិត ១០​.០០០ ពាន់​លាន​ដុង កើន ២០% បើ​ប្រៀប​នឹង​ឆ្នាំ ២០២៤ បង្ហាញ​ពី​ភាព​ទាក់​ទាញ​កាន់​តែ​ខ្លាំង​នៃ​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ ព្រម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​ធ្វើ​ពិ​ពិធ​កម្ម​ផលិត​ផល​និង​លើក​កម្ពស់​គុណ​ភាព​សេ​វា​កម្ម។

តាម​លោក​ង្វៀង​វុាំង​បៃ នា​យក​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង បាន​ឱ្យ​ដឹង បច្ចុ​ប្បន្ន ទី​ក្រុង​កឹង​ធើ​មាន​មណ្ឌល​និង​កន្លែង​ទេស​ចរណ៍ ១១៣ កន្លែង ព្រម​ទាំង​មាន​កម្លាំង​ពល​កម្ម​ជិត ១៦.​០០០​នាក់ បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​អភិ​វឌ្ឍ​វិស័យ​នេះ។ ពេល​ខាង​មុខ ទី​ក្រុង​នឹង​បន្ត​ទាញ​យក​សក្តា​នុភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ជា​ពិ​សេស​គឺ​ទេស​ចរណ៍​វប្ប​ធម៌-សា​សនា​ ដើម្បី​រួម​ចំ​ណែក​បង្ក​កម្លាំង​ចល​ករ​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ភូមិ​ភាគក្នុង​ដំ​ណាក់​កាល​ថ្មី៕                  

                               ហុងទើ-ដាលីន

ចែករំលែកអត្ថបទ