មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ ទើបចាត់តាំងកម្មវិធីជួបជុំកាហ្វេអាជីវកម្មលើកទី ៥ ក្នុងគោលបំណងដោះដូរព័ត៌មាន និងចែករំលែកដំណោះស្រាយ ដើម្បីជួយឱ្យវិស័យទេសចរណ៍ទីក្រុងកឹងធើ បន្តរីកចម្រើន។

ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា ទេសចរណ៍និងមជ្ឈមណ្ឌលជំរុញការវិនិយោគ - ពាណិជ្ជកម្មនិងទេសចរណ៍ទីក្រុងរួមនឹងបណ្តាអាជីវកម្មបានជួបគ្នាក្នុងពិធីជួបជុំ។
នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា ទេសចរណ៍និងមជ្ឈមណ្ឌលជំរុញការវិនិយោគ- ពាណិជ្ជកម្មនិងទេសចរណ៍ទីក្រុង បានផ្តល់ព័ត៌មានដល់អាជីវកម្មអំពីព្រឹត្តិការណ៍នានា រួមមាន៖ ពិធីបុណ្យសែនស្តេចហ៊ុង ឆ្នាំ ២០២៦ និងពិធីបុណ្យនំប្រពៃណីណាមបូលើកទី ១៣ ឆ្នាំ ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា ខាងមុខនេះ។
បណ្តាអាជីវកម្មមានសំណើជាច្រើន ដើម្បីឱ្យទេសចរណ៍ទីក្រុងបង្កើតបាននូវយីហោផ្ទាល់ខ្លួន។ នោះគឺការចាត់តាំងសម្តែងវប្បធម៌ និងសិល្បៈជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវទេសចរ បន្លាយរយៈពេលស្នាក់នៅ បង្កើនការចំណាយ និងជំរុញសេដ្ឋកិច្ចពេលរាត្រីផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍។ ទន្ទឹមនឹងនោះ ត្រូវប្រញាប់បង្កើតប្រព័ន្ធស្តង់ដារស្លាកសញ្ញាបៃតង; យកចិត្តទុកដាក់លើផ្លាកសញ្ញាចរាចរណ៍ និងខ្សែផ្លូវនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់រថយន្តដឹកជញ្ជូនភ្ញៀវទេសចរ; បើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍; កសាងកម្មវិធីជំរុញតម្រូវការរួមសម្រាប់ទេសចរណ៍រដូវក្តៅ និងដោះស្រាយបញ្ហាបរិស្ថានជាដើម។
លោកសឹមឡុងយ៉ាង នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង មានប្រសាសន៍៖ ការអភិវឌ្ឍវិស័យទេសចរណ៍ តែងត្រូវការការរួមដំណើរពីសំណាក់បណ្តាអាជីវកម្ម។ តាមរយៈកម្មវិធីជំនួបនេះ រាល់សំណូមពរ និងសំណើរបស់អាជីវកម្មនឹងបានកត់សម្គាល់និងមានទិសដៅដោះស្រាយ ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍ទីក្រុងកឹងធើ ឱ្យកាន់តែរីកចម្រើន។
តាមបានដឹងមក មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង ក៏បានធ្វើសេនាធិការក្នុងការកសាងសេចក្តីសម្រេចចិត្តថ្មីសម្រាប់វិស័យទេសចរណ៍ ដើម្បីមានគោលនយោបាយ និងកម្មវិធីសកម្មភាពនានា ក្នុងបរិការណ៍ក្រោយពីការរួមបញ្ចូល៕
ប្រភព÷ baocantho.com.vn - សុផន