លាក់ខ្លួនក្នុងលំហអាកាសបៃតងត្រជាក់នៃសង្កាត់ង្វៀកហ្វា វត្តសំរោងឯក បានញុាំងឱ្យភ្ញៀវទេសចរចំណាប់អារម្មណ៍តាំងពីក្រសែភ្នែកដំបូង ដោយសំណង់ព្រះវិហារដ៏ស្កឹមស្កៃ សាងសង់ពីឈើប្រណីត។ វត្តមិនត្រឹមតែជាកន្លែងគោរពប្រតិបត្តិសាសនាប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍ផ្លូវចិត្តដ៏ពិសេស ជាទីកន្លែងរក្សានូវតម្លៃស្ថាបត្យកម្ម និងវប្បធម៌ល្អពិសេសរបស់ជនជាតិខ្មែរណាមបូទៀតផង។

សំណង់ព្រះវិហារវត្តសំរោងឯក។
វត្តសំរោងឯក មានទីតាំងនៅអនុសង្កាត់ ១៥ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ក្បែរដងផ្លូវជាតិលេខ ៥៣ ចម្ងាយពីមជ្ឈមណ្ឌលក្រុងត្រាវិញ (ចាស់) ប្រហែល៥គីឡូម៉ែត្រឆ្ពោះទៅទិសនិរតី។ វត្តសំរោងឯក បានចាប់ផ្ដើមកសាងតាំងពីឆ្នាំ ៦៤២ នៃគ្រិស្ដសករាជ ឆ្លងកាត់ការជួសជុលជាច្រើនលើក ប៉ុន្តែវត្តនៅតែរក្សាបានទ្រង់ទ្រាយបែបបុរាណ និងលក្ខណៈស្ថាបត្យកម្មពិសេសនៃព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ ពេលឈានចូលដល់ខ្លោងទ្វារវត្ត ភ្ញៀវទេសចរយល់ពីបរិយាកាសស្ងប់ស្ងាត់និងភាពត្រជាក់ស្រួល។ បរិវេណវត្តមានទំហំជាង៣ហិកតា អមដោយម្លប់ឈើត្រឈឹងត្រឈៃ និងមានរូបបដិមាជាច្រើនតាមពុទ្ធប្បវត្តិ តាំងពីទ្រង់ប្រសូតិ រហូតដល់បរិនិព្វាន។
ចំណុចពិសេសនៃវត្តសំរោងឯក គឺព្រះវិហារសាងសង់ពីឈើប្រណីតដែលត្រូវបានចាត់ទុកថាជាសំណង់ព្រះពុទ្ធសាសនាខ្មែរដ៏ធំនិងស្អាតបំផុតនៅខេត្តវិញឡុង។ នៅខាងក្នុងព្រះវិហារ មានព្រះពុទ្ធបដិមា ( ព្រះជីវ៍) និងព្រះពុទ្ធរូបអង្គតូចជាទីសក្ការៈច្រើនអង្គ នៅជុំវិញគឺផ្ទាំងរូបចម្លាក់អណ្ដែតពណ៌នាអំពីពុទ្ធប្បវត្តិ ព្រមទាំងក្បាច់រចនាដ៏វិចិត្រឆ្លាក់លើឈើ ទាក់ទាញពុទ្ធបរិស័ទនិងភ្ញៀវទេសចរគ្រប់ទិសទីមកគោរពបូជា ទស្សនា និងស្វែងយល់ពីវប្បធម៌ខ្មែរណាមបូ។
នៅពេលមកវត្តសំរោងឯក ភ្ញៀវទេសចរមិនត្រឹមតែបានទស្សនាកន្លែងគោរពប្រតិបត្តិសាសនារបស់មាមីងខ្មែរប៉ុណ្ណោះទេ ថែមទាំងមានឱកាសស្វែងយល់អំពីលក្ខណៈវប្បធម៌ដ៏ពិសេស ក៏ដូចជាបានយល់ពីភាពស្ងប់ស្ងាត់នៃទីវត្តអារាម និងភាពល្អវិចិត្រនៃស្ថាបត្យកម្មគ្រប់បែបយ៉ាងរបស់ជនជាតិខ្មែរណាមបូទៀតផង។ ជាពិសេស ព្រះវិហារសាងសង់ពីឈើប្រណីត បានចាត់ទុកជាសំណង់ល្អឯកគ្មានពីរនៅតំបន់ដីខេត្តវិញឡុងនេះ៕
ទីទុយ - ថាច់ធី