វត្តអង្គររាជបូរី (ហៅវត្តអង្គ) ជាកន្លែងដ៏ពិសិដ្ឋរបស់ជនរួមជាតិខ្មែរនិងជាកេរដំណែលប្រវត្តិសាស្ត្រ-វប្បធម៌ថ្នាក់ជាតិ។ ជាមួយនឹងសំណង់ស្ថាបត្យកម្មដ៍ពិសេស ហើយជាកន្លែងប្រារព្ធពិធីបុណ្យប្រពៃណីនិងមានតួនាទីផ្សារភ្ជាប់សហគមន៍ ផ្តើមពីនោះ វត្តអង្គក្លាយជាកន្លែងទេសចរណ៍សាសនាដ៏លេចធ្លោ ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមកទស្សនាកម្សាន្តនិងគោរពបូជា។
ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលក្រុងត្រាវិញ (ចាស់) ឆ្ពោះទៅទិសនិរតី ប្រមាណ ៥ គីឡូម៉ែត្រ បច្ចុប្បន្ន ស្ថិតនៅអនុសង្កាត់ទី ១៣ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង វត្តអង្គ ជាវត្តបុរាណមួយក្នុងចំណោមវត្តបុរាណរបស់ជនរួមជាតិខ្មែរណាមបូ។ វត្តអង្គមានផ្ទៃដីជិត៤ហិកតា វត្តមិនត្រឹមតែជាកន្លែងបួសរៀន គោរពប្រតិបត្តិសាសនាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងទេសចរណ៍សាសនាដ៏ល្បី។ យោងតាមឯកសារ វត្តបានកសាងនៅសតវត្សទី១៧ ភ្ជាប់នឹងដំណាក់ការគាស់រានតំបន់ដីវិញឡុង។ ក្រោយពីជួសជុលជាច្រើនលើក វត្តនៅតែរក្សាបានលក្ខណៈបុរាណ ក្លាយជានិមិត្តរូបខាងស្មារតីរបស់ជនរួមជាតិខ្មែរនៅភូមិភាគ។ ឆ្នាំ១៩៩៤ វត្តអង្គ បានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រ-វប្បធម៌ថ្នាក់ជាតិ បញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្រ សិល្បៈនិងស្ថាបត្យកម្មដ៏ពិសេស។

ទិដ្ឋភាពនៃវត្តអង្គររាជបូរី (អង្គ)។
ស្ថាតប្យកម្មវត្តអង្គររាជបូរី ប្រកបដោយរចនាបថបុរាណ ឆ្លុះបញ្ចាំងពីទេពកោសល្យរបស់សិប្បករសម័យដើម។ ពិសេសបំផុត គឺព្រះវិហារជាសំណង់ស្កឹមស្កៃនិងស្រស់ស្អាតមានដំបូលជាជាន់ មានចម្លាក់នាគ កិន្នរនិងក្បូរក្បាច់រចនាល្អឯក នៅលើជញ្ជាំងខាងក្នុងមានផ្ទាំងគំនូរពុទ្ធប្បវត្តិ និងផ្ទាំងគំនូរអប់រំមនុស្សឱ្យស្គាល់បុណ្យបាប។ ក្នុងបរិវេណវត្តគ្របដណ្តប់ដោយម្លប់ឈើដ៏ត្រឈឹងត្រឈៃ ព័ទ្ធជុំវិញដោយស្រះទឹកថ្លាត្រជាក់ បង្កើតបរិយាកាសគួរជាទីជ្រះថ្លា ពេលមកលម្ហែកាយ។ ម្យ៉ាងទៀត វត្តនៅទាំងជាកន្លែងប្រារព្ធពិធីបុណ្យប្រពៃណី មានដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុក។ល។ ផ្តើមពីនោះ រួមចំណែកក្នុងការអភិរក្សតម្លៃវប្បធម៌ខ្មែរណាមបូ។
ក្រៅពីមុខងារសាសនា វត្តអង្គក៏មានតួនាទីអប់រំប្រពៃណី។ ព្រះសង្ឃក្នុងវត្តក៏បានបើកថ្នាក់បង្រៀនភាសាបាលី វិន័យ អក្សរខ្មែរ សីលធម៌ និងណែនាំសហគមន៍រស់នៅស្រុះស្រួលគ្នា។ អាស្រ័យហេតុនេះ វត្តមិនត្រឹមជាមជ្ឈមណ្ឌលគោរពប្រតិបត្តិជំនឿសាសនា ថែមទាំងជាកន្លែងអប់រំ បំផុសស្មារតីយុវវ័យគ្រប់ជាន់ស្រទាប់អំពីតម្លៃវប្បធម៌ អត្តសញ្ញាណជនជាតិនិងស្មារតីសាមគ្គីក្នុងសហគមន៍។
បច្ចុប្បន្ន វត្តអង្គជាកន្លែងជំនឿផ្លូវចិត្តនិងជាកន្លែងទេសចរណ៍ដ៏ទាក់ទាញ។ ភ្ញៀវទេសចរមកនៅទីនេះ នឹងបានទស្សនាស្ថាបត្យកម្មដ៏ពិសេស គយគន់ទេសភាពស្រស់ស្អាត ស្វែងយល់ពីការប្រជុំជីវភាពនិងលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ។ សម្រាប់អ្នកចូលចិត្តសាកល្បងបទពិសោធន៍វប្បធម៌ ជ្រើសមកកម្សាន្ត នៅទីនេះនឹងមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ ព្រោះនេះជាកន្លែងទស្សនាសិក្សា កន្លែងគោរពប្រតិបត្តិនិងស្វែងយល់ពីតម្លៃវប្បធម៌ដ៏យូរលង់។ វត្តអង្គពិតជាអាសយដ្ឋានទេសចរណ៍ដ៏មានអត្ថន័យ ជាទីបង្អែកផ្នែកខាងស្មារតី មានសំណង់ផ្សេងៗជាច្រើន បានកសាងដោយរួមបញ្ចូលរវាងស្ថាតប្យកម្មបុរាណនិងសម័យ បង្កជាបរិយាកាសដ៏ស្រស់ស្រាយសម្រាប់អ្នកទស្សនាកម្សាន្ត ពីលក្ខណៈវប្បធម៌និងជំនឿផ្លូវចិត្ត៕
ទីទុយ-មុនី