31/10/2025 - 06:20

ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រ​ណាំង​ទូក​-ងប្រ​ពៃ​ណី​ 

ពិធី​ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​ ៤​ និង​ទី​ ៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥។​ នេះ​គឺ​ជា​សកម្ម​ភាព​ដ៏​សំ​ខាន់​នៃ​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក-ង ទី​ក្រុង​កឹង​ធើ។​ មក​ទល់​ពេល​នេះ​ ក្រុម​ទូក​នីមួយ​ៗ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បាន​សស្រាក់​សស្រាំ​ហាត់​សម​ដើម្បី​ត្រៀម​លក្ខណៈ​ចូល​រួម​ប្រ​ណាំង។​

​ ទូក-ង​នារី​វត្ត​ទំ​នប់​ កំ​ពុង​ហាត់​សម​ប្តេជ្ញា​ចិត្ត​ទទួល​បាន​ស្នា​ដៃ​ខ្ពស់​បំ​ផុត។​

បើ​តាម​ព័ត៌​មាន​ពី​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ​ ការ​ប្រ​ណាំង​ទូក-ង​នឹង​ប្រ​ព្រឹត្ត​ឡើង​លើ​ដង​ព្រែក​ Maspero ដូច​សព្វ​ដង​ កន្លង​មក​ តាម​ការ​គ្រោង​ទុក​ មាន​ក្រុម​ទូក​-ងបុរស​ នារី​ប្រ​មាណ​ ៦០ ទូក​ នៅ​ក្នុង​និង​ក្រៅ​ទី​ក្រុង​ ចូល​រួម​ប្រ​ណាំង។​ ការ​ប្រ​ណាំង​ទូក​-ង គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​នៃ​ពិធី​បុណ្យ​អក​អំ​បុក​ ទាក់​ទាញ​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្សនា​កម្សាន្ត​និង​គាំ​ទ្រ។​

មក​ទល់​ពេល​នេះ​ ក្រុម​ទូក-ង​មួយ​ចំ​នួន​បាន​មក​ប្រ​មូល​ផ្ដុំ​គ្នា​លើ​ដង​ព្រែក​ Maspero ដើម្បី​សាក​ល្បង​ល្បឿន​ ក្នុង​នោះ​ មាន​ទូក​-ង វត្ត​ទំ​នប់​ ២​ ជា​ទូក​ដែល​ដណ្ដើម​ពាន​រង្វាន់​ជើង​ឯក៣​លើក ក៏​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ផង​ដែរ។​ បង​យឿង​វឿង កីឡា​ករ​ទូក-ង​វត្ត​ទំ​នប់​ ២​ ឱ្យ​ដឹង៖  “ខ្ញុំ​បាន​ចូល​រួម​អុំ​ចាប់​ពី​ឆ្នាំ​ ២០១៦​ រហូត​ដល់​សព្វ​ថ្ងៃ​ ជា​រៀង​រាល់​ថ្ងៃ​ ក្រោយ​ពី​ធ្វើ​ការ​ងារ​រួច​ហើយ​ រវាង​ម៉ោង​ ១៦ គឺ​ខ្ញុំ​មក​ហាត់​សម មធ្យម​ក្នុង​មួយ​ពេល​ហាត់​អុំ​ជាង​៨​គីឡូ​ម៉ែត្រ​។​ ឆ្នាំ​នេះ​ មាន​ទូក-ង​លុង​ជា​ច្រើន​ចូល​រួម​ប្រ​ណាំង​ ម្ល៉ោះ​ហើយ​ បង​ប្អូន​តែង​សាម​គ្គី​ ខិត​ខំ​ហាត់​សម​ដើម្បី​អុំ​បាន​លឿន​ជាង​ឆ្នាំ​មុន​ៗ​ ប្តេជ្ញា​ចិត្ត​រក្សា​ខ្ជាប់​លទ្ធ​ផល​ជើង​ឯក”។​

មិន​ខុស​អី​ពី​ក្រុម​ទូក-ង​បុរស​នោះ​ទេ​ ក្រុម​ទូក-ងនារី​វត្ត​ទំ​នប់​ ក៏​កំ​ពុង​បញ្ចេញ​កម្លាំង​ហាត់​សមនិង​ប្តេជ្ញា​ចិត្ត​រក្សា​តំ​ណែង​ជើង​ឯក។​ បង​ស្រី​ត្រឹង​ធី​ម៉ី គ្រូ​បង្វឹក​ទូក-ង​នារី​វត្ត​ទំ​នប់​ឱ្យ​ដឹង៖ “ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​បង​ប្អូន​នារី​ខំ​ប្រឹង​ហាត់​សម​ឱ្យ​បាន​ល្អ​ អុំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​សម្រេច​គោល​ដៅ។​ ម្យ៉ាង​ទៀ​ត​ដើម្បី​បន្ត​ការ​ពារ​ស្នា​ដៃ​គឺ​ជា​គោល​ដៅ​ចម្បង​ ហើយ​យើង​ទាំង​អស់​គ្នា​ចូល​រួម​ប្រ​ណាំង​ក៏​ដើម្បី​អភិ​រក្ស​វិញ្ញា​សា​កីឡា​ប្រ​ពៃ​ណី​ជន​ជាតិ​ដែរ។​ ហេតុ​នេះ​ បង​ប្អូន​សប្បាយ​រីក​រាយ​ សាម​គ្គី​ហាត់​សម​ដោយ​ភាព​ស្វា​ហាប់​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​សង្ឃឹម​នឹង​ទទួល​បាន​រង្វាន់​ខ្ពស់​ដែរ”។​

ឆ្នាំ​ ២០២៤​ ក្នុង​ការ​ប្រ​ណាំង​ទូក​-ង ខេត្ត​សុក​ត្រាំង​(ចាស់) បច្ចុ​ប្បន្ន​ជា​ទី​ក្រុង​កឹង​ធើ​ មាន​ការ​ចូល​រួម​ពី​ទូក-ង​បុរស​ ៥៣ ទូក​ ទូក-ង​នារី​ ៧ ទូក​ ក្នុង​នោះ​ មាន​ទូក-ង​លុង​មួយ​នៅ​វត្ត​កោះ​ធំ​ ខេត្ត​កា​ម៉ាវ​បាន​យក​ឈ្នះ​លើ​ទូក-ង​ខ្លាំង​ៗ​ជា​ច្រើន​នៃ​ទី​ក្រុង​កឹង​ធើ។​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ទូក-ង​វត្ត​ទំ​នប់​២ និង​ទូក-ង​លុង​កោះ​ធំ​បាន​ប្រ​កៀក​ប្រ​កិត​គ្នា​ ហើយ​លទ្ធ​ផល​ត្រូវ​រង់​ចាំ​អា​ជ្ញា​កណ្តាល​ពិនិត្យ​កា​មេរ៉ា​នៅ​ខ្សែ​ព្រ័ត្រ។​ ថ្វី​ដ្បិត​តែ​ទូក-ង​លុង​កោះ​ធំ​ ទទួល​បាន​រង្វាន់​លេខ​ពីរ​ក៏​ពិត​មែន​ ប៉ុន្តែ​បាន​បង្ហាញ​ពី​ល្បឿន​ផ្លោះ​យ៉ាង​លឿន​លើ​ខ្សែ​ទឹក​ ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​សរ​សើរ​មិន​ដាច់​ពី​មាត់។​ ហេតុ​ដូច្នេះ​ ឆ្នាំ​នេះ​ មាន​វត្ត​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ​ និង​បណ្តា​ខេត្ត​ជិត​ខាង​បាន​វិនិ​យោគ​បោះ​ទូក​លុង​ដើម្បី​ចូល​រួម​អុំ​ប្រ​ណាំង។​ បច្ចុប្បន្ន​ ទូក-ង​ដែល​ចូល​រួម​អុំ​ប្រ​ណាំង​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ សន្យា​ថា​នឹង​បញ្ចេញ​ថ្វី​ដៃ​យ៉ាង​ស្វា​ហាប់ ទាក់​ទាញ​អា​រម្មណ៍​ក្នុង​ពិធី​ប្រ​ណាំង​ឆ្នាំ​នេះ​ជា​មិន​ខាន៕

                                     យ្វី​អា​ញ- លី​សៀ

ចែករំលែកអត្ថបទ