14/08/2025 - 08:35

ទូក​លុង​នឹង​វិល​មក​ចូល​រួម​ពិធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក-ង ឆ្នាំ​ ២០២៥ 

នៅ​ប្រ​មាណ​ជាង​៣​ខែ​ទៀត​នឹង​ប្រ​ព្រឹត្ត​ឡើង​នូវ​ពិធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ឆ្នាំ​ ២០២៥ នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​-កី​ឡា ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។​ បន្ទាប់​ពី​អវត្ត​មាន​ជា​ច្រើន​ឆ្នាំ​ ទូក​លុង​បាន​វិល​មក​ចូល​រួម​ប្រ​កួត​ឡើង​វិញ​ ដោយ​នាំ​មក​ភាព​សប្បាយ​រីក​រាយ​និង​ការ​រំពឹង​ទុក​សម្រាប់​រដូវ​កាល​នៃ​ពិធី​បុណ្យ​ប្រ​ណាំង​ទូក​-ងឆ្នាំ​នេះ។​

​ ទូក​លុង​វត្ត​កំ​ពង់​មាន​ជ័យ​ទឹក​ប្រៃ ឃុំ​ឡុង​ភូ ក្រុង​កឹង​ធើ។​

នៅ​វត្ត​សិរី​កណ្តាល​ (សង្កាត់​វិញ​ភឿក) វត្ត​ចន្ទ​សោ​ភ័ណ​ព្រែក​អណ្តើក (ឃុំ​ញ៉ូ​យ៉ា) វត្ត​កំ​ពង់​មាន​ជ័យ​ទឹក​ប្រៃ (ឃុំ​ឡុង​ភូ) វត្ត​មជ្ឈិ​មា​រាម​ជ្រោយ​ទឹម​ចាស់​ (សង្កាត់​មី​ស្វៀង)​។ល។​ នៅ​ទី​ណា​មា​មីង​ក៏​ទន្ទឹង​រង់​ចាំ​ការ​ដាក់​ទូក​លុង​ចុះ​ទឹក​ដែរ។​ ទូក​ប្រ​ភេទ​នេះ​ ត្រូវ​បាន​លុង​ពី​ដើម​ឈើ​ទាំង​មូល​ ហើយ​ទូក​នេះ​មិន​ត្រឹម​តែ​ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​និង​ចូល​រួម​ការ​ប្រ​ណាំង​បុណ្ណោះ​ទេ​ ថែម​ទាំង​ជា​និមិត្ត​រូប​នៃ​ស្មារតី​សាម​គ្គី​ កម្លាំង​សមូហ​ភាព។​ ការ​ដាក់​ទូក​លុង​ចូល​រួម​ប្រ​កួត​ឡើង​វិញ​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​ទម្រង់​ទូក​លុង​របស់​ជន​រួម​ជាតិ​ខ្មែរ។​

ឆៀង​ចូល​វត្ត​សិរី​កណ្តាល​នៅ​សង្កាត់​វិញ​ភឿក គឺ​ជា​វត្ត​មួយ​ក្នុង​ចំ​ណោម​វត្ត​ដែល​បោះ​ទូក​លុង​ដំ​បូង​បង្អស់​របស់​ក្រុង​កឹង​ធើ ដោយ​សិប្ប​ករ​កែ​រ៉ន មក​ពី​កម្ពុជា។​ ទូក​មាន​ប្រ​វែង​ ៣០ ម៉ែត្រ ធ្វើ​ពី​ដើម​គគីរ​ធំ​ ចំ​ណុះ​កីឡា​ករ​ពី​ ៦៧ ដល់​ ៦៩ នាក់។​ សិប្ប​ករ​កែ​រ៉ន ចែក​រំលែក៖ “សម្រាប់​ទូក​លុង​ ការ​ជ្រើស​រើស​ឈើ​ជា​កត្តា​សំ​ខាន់។​ ជ្រើស​យក​ដើម​ឈើ​មិន​ធំ​ពេក​ ហើយ​មិន​តូច​ពេក​ កម្រិត​រឹង​ល្មម​ទើប​ជាប់​រឹង​មាំ​និង​ងាយ​ស្រួល​ពត់​ទៅ​ជា​រូប​រាង។​ រាល់​ខ្លឹម​សារ​លម្អិត​តាំង​ពី​ការ​ពត់​កោង​រាង​ទូក​រហូត​ដល់​ការ​ចង​ខ្សែ​ កន្លែង​អង្គុយ​អុំ​ ត្រូវ​គិត​គូរ​ឱ្យ​បាន​ហ្មត់​ចត់​ ដើម្បី​ធា​នា​បាន​នូវ​ស្ថិរ​ភាព​និង​កំ​ណត់​ល្បឿន​ទូក”។​

យោង​តាម​ថេរ​ដី​កា​របស់​ព្រះ​តេជ​ព្រះ​គុណ​ ថាច់​ហុង​ ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​កណ្តាល​ ទូក​លុង​នេះ​ចាប់​ផ្តើម​បោះ​កាល​ពី​ដើម​ខែ​កក្កដា​ ឆ្នាំ​ ២០២៥ តាម​ការ​គ្រោង​ទុក​នឹង​សម្រេច​រួច​រាល់​នៅ​ខែ​សី​ហា​ សរុប​ជា​ទឹក​ប្រាក់​ជិត​ ៦០០ លាន​ដុង​ ថវិកា​បោះ​ទូក​អា​ស្រ័យ​មា​មីង​ពុទ្ធ​បរិស័ទ​និង​អ្នក​ស្រ​ឡាញ់​ចូល​ចិត្ត​កីឡា​ប្រ​ណាំង​ទូក​-ង រួម​វិភាគ​ទាន។​

ចែក​រំលែក​ពី​ចំ​ណុច​សំ​ខាន់​របស់​ទូក​លុង​ ព្រះ​តេជ​ព្រះ​គុណ​ ថាច់​ហុង​ មាន​ថេរ​ដី​កា៖ “ទូក​លុង​វិនិ​យោគ​ថវិកា​ទាប​ជាង​បើ​ធៀប​នឹង​ទូក​-ង​បន្ទះ​ក្តារ។​ សម្រាប់​ប្រ​ភេទ​ទូក​នេះ​ ទាម​ទារ​ត្រូវ​ផ្តោត​ទៅ​លើ​បច្ចេក​ទេស​និង​កម្លាំង​កាយ​របស់​អត្ត​ពលិក​មិន​ដូច​ទូក​-ង បន្ទះ​ក្តារ​តែង​តែ​ពឹង​ទៅ​លើ​ដង​សន្ទួច​ដើម្បី​រក្សា​លំ​នឹង”។​ បន្ទាប់​ពី​បោះ​រួច​ នឹង​ដាក់​ទូក​ចុះ​ទឹក​ដើម្បី​កីឡា​ករ​ចាប់​ផ្តើម​ហាត់​អុំ​សាក​ល្បង​ឱ្យ​ស្មើ​ច្រវា។​ កន្លែង​ណា​មិន​ទាន់​ត្រឹម​ត្រូវ​ សិប្ប​ករ​កែ​សម្រួល​ទាន់​ពេល។​

ជា​មួយ​នឹង​ការ​ត្រៀម​យ៉ាង​ហ្មត់​ចត់​សម្រាប់​រដូវ​កាល​បុណ្យ​អក​អំ​បុក​ ប្រ​ណាំ​ងទូក​-ង​ឆ្នាំ​នេះ​ សន្យា​ថា​នឹង​នាំ​មក​ភាព​ទាក់​ទាញ​ជា​ពុំ​ខាន​ ពិ​សេស​ពេល​ប្រ​ណាំង​ជួប​គ្នា​រវាង​ទូក​បន្ទះ​ក្តារ​និង​ទូក​លុង​ប្រ​ពៃណី។​ នេះ​មិន​ត្រឹម​តែ​ជា​ការ​ប្រ​កួត​កម្លាំង​កាយ​និង​បច្ចេក​ទេស​ប៉ុណ្ណោះ​ នៅ​ទាំង​ជា​ដំ​ណើ​ការ​លើក​តម្កើង​បេតិក​ភ័ណ្ឌ​វប្ប​ធម៌​ ស្មារ​តី​សាម​គ្គី​របស់​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​ព្រែក​ទន្លេ​ទៀត​ផង៕​

                                      អត្ថ​បទ​និង​រូប​ថត​៖ ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ