មានវត្តខ្មែរមួយចំនួននៅខេត្តកាម៉ាវ នៅរក្សាបានសាលាបុរាណដែលសាងសង់ពីឈើ ជាមួយនឹងស្ថាបត្យកម្មដិតដាមដោយលក្ខណៈវប្បធម៌ជនជាតិ។ សាលាទាំងនេះកំពុងជាកន្លែងសំខាន់ ទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងសិក្សាស្រាវជ្រាវ។


ភ្ញៀវទេសចរមកទស្សនាវត្តគម្ភីរសាគរ ព្រែកជ្រៅ។



សាលាសង់ពីឈើមានតម្លៃរបស់វត្តបុប្ផារាម មានអាយុជាង១០០ឆ្នាំ។
វត្តបុប្ផារាម នៅភូមិកាយយ៉ា ឃុំហឹងហោយ ខេត្តកាម៉ាវ មានសាលា (ធម្មសភា) មួយដែលសាងសង់ពីឈើប្រណីតតាំងពីឆ្នាំ ១៩១៥ (បច្ចុប្បន្នមានអាយុកាលជាង ១០០ ឆ្នាំ)។ លក្ខណៈបុរាណរបស់សាលាកាន់តែបង្ហាញឱ្យឃើញពីជម្រៅវប្បធម៌របស់ជនជាតិខ្មែរជំនាន់ដើម។ នៅតាមជ្រុងសាលាមានព្យួរកណ្ដឹងខ្យល់ ពេលវាយោបក់មកកណ្ដឹងក៏បន្លឺសំឡេងឡើង ញុាំងឱ្យយើងគេកាន់តែមានអារម្មណ៍ស្ងប់ស្ងាត់។ រូបចម្លាក់សត្វគ្រុឌក្នុងវប្បធម៌ខ្មែរ ដៃទ្រចុងដំបូល ជើងមានក្រញាំក្រចកឈរលើទម្រ បង្កឱ្យកាន់តែមានភាពរឹងមាំរវាងសសរនិងដំបូល។ សាលាឥតមានជញ្ជាំង គឺទុកល្ហសម្រាប់ខ្យល់ចេញចូល ហើយនៅខាងក្នុងសាលាពេលណាក៏មានភាពត្រជាក់ស្រួល។

ខាងក្នុងសាលាឈើពីបុរាណរបស់វត្តគម្ភីរសាគរព្រែកជ្រៅ។
ព្រះឧបជ្ឈាយ៍ តាំងសាវង្ស ព្រះចៅអធិការវត្តបុប្ផារាម មានថេរដីកា៖ “សាលានេះត្រូវបានរចនាតាមស្ថាបត្យកម្មផ្ទះខ្មែរបុរាណ ដោយសង់ខ្ពស់ពីដីបណ្ដោយ ២១ ម៉ែត្រ ទទឹង ១០ ម៉ែត្រ កម្ពស់ជិត ១០ ម៉ែត្រ។ សាលាត្រូវបានសាងសង់ដោយសសរធ្វើពីឈើសុក្រំជាង ១០០ ដើម ជញ្ជាំងនិងក្ដាររនាបធ្វើពីឈើស្រឡៅរឹងមាំ។ ឈើដែលប្រើប្រាស់សម្រាប់សង់សាលាមានច្រើនប្រភេទ ដូចជា៖ នាងនួន សុក្រំ ស្រឡៅជាដើម ត្រូវបាននាំមកពីប្រទេសកម្ពុជា។ ជាងបានដាប់ឆ្លាក់ ប្រគំបង្កើតបានជាសាលាទុកឱ្យវត្តរក្សាមកទល់សព្វថ្ងៃ”។ ទន្ទឹមនឹងនោះ វត្តនៅទាំងវិនិយោគកសាងសំណង់ផ្សេងៗទៀតដែលដិតដាមដោយវប្បធម៌ខ្មែរ។ ក្នុងនោះ មានព្រះពុទ្ធបដិមាកម្ពស់ ២៥ ម៉ែត្រ និងចេតិយរួម សរុបថវិកាកសាងជិត ២,៥ ពាន់លានដុង អាស្រ័យពុទ្ធបរិស័ទរួមវិភាគទាន។ ឆ្នាំ២០១៧ វត្តបុប្ផារាម ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ (ចាស់) បញ្ចូលក្នុងបញ្ជីកេរដំណែលប្រវត្តិសាស្រ្ត កេរដំណែលស្ថាបត្យកម្មវប្បធម៌ រមណីយដ្ឋានលើភូមិសាស្ដ្រខេត្ត ហើយបច្ចុប្បន្នកំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនា។
វត្តគម្ភីរសាគរព្រែកជ្រៅនៅសង្កាត់ហ៊ីបថាញ ក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើនពេលមកកាន់ខេត្តកាម៉ាវផងដែរ។ ក្រៅពីសំណង់ព្រះវិហារនិងសំណង់ពុទ្ធប្បវត្តិ ភ្ញៀវទេសចរមកកាន់វត្តថែមទាំងបានទស្សនាសាលាឈើ ២ ខ្នងទៀតផង។ យោងតាមថេរដីកា ព្រះឧបជ្ឈាយ៍ យឿងក្វឹង ព្រះចៅអធិការវត្តគម្ភីរសាគរព្រែកជ្រៅ សាលាត្រូវបានសាងសង់ឡើងតាមរចនាបទផ្ទះខ្មែរបុរាណ ហើយវត្ថុធាតុសម្រាប់ប្រើប្រាស់សាងសង់សុទ្ធតែជាឈើប្រណីត សាលាមានអាយុកាលជាង ១៣០ ឆ្នាំ។ បច្ចុប្បន្ន ខាងក្នុងសាលាត្រូវបានដាក់វត្ថុតាំង វត្ថុបុរាណរបស់ជនរួមជាតិខ្មែរ មានដូច៖ កន្រ្តក ឈ្នាង ឈើច្រាន កណ្ដៀវ ឃ្នាបបោកស្រូវ ហិបស្លា ខាប់ ត្បាល់កិនម្សៅ។ល។ និងធ្វើសាលរបាំ ឆៃយុាំ ប្រគុំភ្លេងពិណពាទ្យបម្រើដល់ភ្ញៀវទេសចរទៀតផង។ រៀងរាល់ឆ្នាំ វត្តគម្ភីរសាគរព្រែកជ្រៅ ទាក់ទាញភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសបានរាប់ពាន់នាក់មក ទស្សនាកម្សាន្តនិងសិក្សាស្រាវជ្រាវ៕
យ្វីអាញ - ថាច់ធី