ជួបនឹងក្រុមជម្រើសបាល់ទាត់បុរសថៃ ពេលប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ក្នុងតំបន់មិនមែនជាការងាយស្រួលសម្រាប់កីឡាករវៀតណាមនោះទេ។ ប៉ុន្តែ ក្រុមបុរសអាវក្រហមបានបេ្តជ្ញាចិត្តខ្ពស់ នឹងបង្កើតប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ Asean Cup ២០២៤ ពេលគ្រងតំណែងជើងឯកនៅប្រទេសថៃ។
ប្រវត្តិសាស្ត្រចារឈ្មោះម្ចាស់ជើងឯក Asean Cup ២០២៤-វៀតណាម។ រូបថត៖ SN
កីឡាករង្វៀងស្វឹងសង លេខ ១២ មានដើមកំណើតប្រេស៊ីល ទើបចូលសញ្ជាតិវៀតណាម ស៊ុតបញ្ចូលទីក្រុមជម្រើសថៃបាន ២ គ្រាប់យ៉ាងស្អាត ក្នុងជើងទី ១ វគ្គផ្តាច់ព្រ័ត្រនៃពាន រង្វាន់ AFF Cup ២០២៤។ រកបានគ្រាប់បាល់ដំបូង គឺជាការសហការស៊ីសង្វាក់គ្នាល្អមែនទែន ខណៈដែលក្វាងហាយបញ្ចូនបាល់វែងតាមស្លាបខាងឆ្វេងទៅឱ្យវ៉ាន់ថាញ។ វ៉ាន់ថាញ បញ្ជូនបាល់ដោយក្បាលឱ្យស្វឹងសង ក្នុងតំបន់ ៥,៥០ ម៉ែត្រ ស្វឹងសង ស្វែងរកឱកាសល្អលោតទង្គិចបាល់បញ្ចូលទីបានល្អណាស់។ បន្ទាប់ពីប្រើស្នៀតបញ្ជូនបាល់ចំគោលដៅត្រឹមតែ ៣ ដង ក៏រកបានគ្រាប់បាល់ដំបូងឱ្យក្រុមជម្រើសវៀតណាម។ មិនចាំបាច់និយាយទេ នៅកីឡដ្ឋានវៀតទ្រី ខេត្តភូ-ថ សំឡេងហ៊ោកញ្ជ្រៀវអឹងកងរបស់អ្នកគាំទ្រ ចំពោះលទ្ធផលស៊ុតបញ្ចូលទីដ៏ល្អដូចក្នុងសុបិន។ ប្រមាណ១០នាទីក្រោយមក យុទ្ធសាស្ត្រលេងបាល់ដ៏អស្ចារ្យរបស់ស្វឹងសង ពេលទទួលបាល់នៅជិតគំនូសកណ្តាលព្រលាន កាត់ឆ្លងក្រុមជម្រើសថៃស៊ុតបាល់ខ្វែងជ្រុងចំគោលដៅរកបានគ្រាប់ទី ២ បង្កើនលទ្ធផល ២-០។ នេះគឺជាគ្រាប់បាល់បង្ហាញពីកម្លាំងខ្លាំងក្លានិងសមត្ថភាពសម្រុកលឿនរហ័ស ក៏ដូចជាបច្ចេកទេសស៊ុតបាល់ចំគោលដៅរបស់កីឡាករចូលសញ្ជាតិរូបនេះ។ ស្វឹងសង ជាកីឡាករវៀតណាមមានដើមកំណើតប្រេស៊ីល ក្រកួតខ្សែប្រយុទ្ធឱ្យក្លិប V.League ១ ថែបសិញណាមឌិញ និងក្រុមជម្រើសជាតិវៀតណាម។
តែគួរឱ្យស្តាយនៅនាទីចុងក្រោយនៃការប្រកួត ខ្សែការពាររបស់ក្រុមជម្រើសវៀតណាមមិនអាចការពារបានលទ្ធផល។ ដោយក្រុមជម្រើសថៃក៏រកបានបាល់ចូលទី ១ គ្រាប់ លទ្ធផល ១-២ ដូច្នេះ ដំណើរការដណ្តើមជើងឯកសម្រាប់កីឡាករវៀតណាមកាន់តែលំបាក។ នៅវគ្គប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ថៃធ្លាប់ចាញ់ហ្វីលីពីន លទ្ធផល ២-១ ប៉ុន្តែ ក្រោយមកបានក្រឡាស់ស្ថានភាពយកឈ្នះដោយលទ្ធផល ៣-១ នៅព្រលានម្ចាស់ផ្ទះ ដើម្បីបានចូលវគ្គផ្តាច់ព្រ័ត្រជួបជាមួយវៀតណាម។
ជាមួយនឹងការប្តេជ្ញាចិត្តបង្កើតប្រវត្តិសាស្ត្រ ជើងទី ២ នៅកីឡដ្ឋានប្រទេសថៃ ក្រុមបុរសអាវក្រហម ចូលក្រកួតដោយមានទំនុកចិត្ត ហើយរកបានគ្រាប់បាល់បើកឆាកយ៉ាងឆាប់រហ័ស។ លេងនៅព្រលានម្ចាស់ផ្ទះ កីឡាករថៃតាមស្មើ ១-១ មុននឹងខ្សែប្រយុទ្ធស្វឹងសង រងរបួសធ្ងន់ត្រូវចាកចេញពីព្រលាន។ ក្រុមជម្រើសថៃឈានឡើងនាំមុខ ២-១ ឡើងវិញ ខណៈពេលក្រុមជម្រើសវៀតណាមមានភាពច្របូកច្របល់យ៉ាងខ្លាំង។ ប៉ុន្តែសំណាងល្អ គ្រូបង្វឹកធ្វើការកែតម្រូវបានទាន់ពេល។ ការប្រកួតនេះពិតជាមានការផ្លាស់ប្តូរ ពេលខ្សែការពារលេខ ១៨ ថៃត្រូវកាកក្រហម។ មិនយូរប៉ុន្មាន កីឡាករលេខ ៣ ថៃ ស៊ុតបាល់បញ្ចូលទីខ្លួនឯង។ ទោះជាព្យាយាមសម្រុកយ៉ាងណា ប៉ុន្តែក្រុមជម្រើសថៃបានចាញ់បន្ថែម ១ គ្រាប់ទៀត បន្ទាប់ពីក្រុមជម្រើសវៀតណាមវាយបកនៅនាទីបន្ថែមម៉ោង។
ជាលើកដំបូងយកឈ្នះក្រុមជម្រើសបាល់ទាត់បុរសថៃដើម្បីគ្រងតំណែងជើងឯក Asean Cup គឺ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសវៀតណាម៕
ហាថាញ-មុនី