ក្លឹបបាល់ទះនារី VTV ប៊ិញដៀងឡុងអាង ទើបផ្តួលក្រុមអ្នកមាន LienvietPostbank និញប៊ិញ ដើម្បីទទួលពានជើងឯកហុងវឿង លើកទី៦។ ការប្រកួតដ៏រំជើបរំជួលចិត្តពីកីឡាការិនីវ័យក្មេងនៃតំបន់ដីថូវថឿ – ឡុងអាង ដែលអ្នកគាំទ្រតែងនិយមហៅលេងថា “ក្រុមកូនគោ”។
ក្រុមប៊ិញដៀងឡុងអាង ទទួលរង្វាន់ក្តៅ។ រូប៖ Internet
ពេលក្រុម VTV ប៊ិញដៀងឡុងអាង ទទួលបាន២១ពិន្ទុ នៅសិតទី៤ គ្រូបង្វឹកថាយក្វាងឡាយ ក៏បានដកអ្នកគុបបាល់ Chen Peiyan ចេញពីទីលាន។ វគ្គប្រកួតដែលនៅសល់នោះបានធ្លាក់មកលើ “ក្រុមកូនគោ” ហើយពួកគេក៏រក្សាបានប្រៀបនាំមុខដដែល។ កីឡាការិនីវ័យក្មេងមានភាពពុះពោរពេលឈ្នះ បានពិន្ទុនិងលើកទឹកចិត្តគ្នាទៅវិញទៅមកនៅពេលមិនអាចសង្គ្រោះបាល់។ យើងមើលកីឡាការិនីក្រុមប៊ិញដៀងឡុងអាងប្រកួតនៅលើទីលាន អ្នកគាំទ្រនឹងឃើញពីសាមគ្គីភាពក្នុងការលេងបាល់ ឈ្នះមិនវាយឫក ចាញ់មិនធុញទ្រាន់។ នេះជាអាកប្បកិរិយាលេងបាល់ដ៏សកម្ម ញុាំងឱ្យអ្នកគាំទ្រស្រឡាញ់ក្រុមកូនគោថ្មីរបស់ឡុងអាង។
បន្ទាប់ពីខ្សែវាយលុកសំខាន់ខាញ់វី - កីឡាការិនីលេខ ១៩ បាននាំពិន្ទុទី២៣ជូនក្រុមប៊ិញដៀងឡុងអាង ដោយការបោះប្រឡោះដ៏ឈ្លាសវៃនៅជិតសំណាញ់ខាងស្តាំ រីឯកីឡាការិនី”ដៃឆ្វេង” ត្រាមី - លេខ១ បានបញ្ចប់ការប្រកួតដោយគុបបាល់នៅជំហរលេខ៤ដែលជាជំនាញរបស់នាង ក្រោយពីការបញ្ជូនបាល់រំលង ក្បាលរបស់ប្រធានក្រុមគឹមថ។ ការគុបបាល់របស់ត្រាមី និងភាពជំនាញរបស់ខាញ់វី ព្រមទាំងការបញ្ជូនបាល់ដោយលំនឹងរបស់ប្រធានក្រុមគឹម-ថ បានបង្ហាញពីការងើបឡើងវិញរបស់ក្រុមមកពីភាគខាងលិចក្នុងការប្រកួតដណ្តើមពានជើងឯកនៃពានរង្វាន់ក្នុងប្រទេស។ ក្រុមបាល់ទះប៊ិញដៀងឡុងអាង ដណ្តើមបានជើងឯក៦លើក នៅក្នុងការប្រកួតដណ្តើមពានរង្វាន់នេះ បន្ទាប់ពី១០លើកឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ហើយជាក្រុមទទួលបានពានច្រើនបំផុត គិតមកដល់បច្ចុប្បន្ន។ ជើងឯកឆ្នាំនេះ រឹតតែមានអត្ថន័យ ពីព្រោះកាលពីឆ្នាំមុន ពួកគេមិនគ្រប់លក្ខណៈចូលរួមប្រកួតដណ្តើមពានរង្វាន់នេះ។ ដៃគូទទួលបរាជ័យរបស់ពួកគេក្នុងដំណើរឆ្ពោះទៅកាន់ជើងឯកឆ្នាំ២០២៤ គឺជាម្ចាស់ជើងឯកទាំងពីរ កាលពី២ឆ្នាំកន្លង។
និយាយបន្ថែមពីដៃគូប្រកួតរបស់ក្រុមឡុងអាង នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ គឺក្រុមនិញប៊ិញ ដែលជាក្រុមមានខ្សែជំនួយវាយលុកដ៏កំពូលនៅវៀតណាមសព្វថ្ងៃនេះគឺប៊ិចត្វៀង។ កីឡាការិនីប៊ិញត្វៀង មានសន្ទុះល្អ លោតខ្ពស់ និងគុបបាល់មានទម្ងន់ទៀតផង។ នៅពេលបាល់ល្អ កីឡាការិនីប៊ិចត្វៀង គុបបាល់មានល្បឿនលឿនមិនអន់ជាងកីឡាករបុរសឡើយ។ ព្រោះហេតុនោះ “បិទ” បានប៊ិញត្វៀង គឺមានឱកាសឈ្នះខ្ពស់ ហើយក្រុមប៊ិញដៀងឡុងអាងក៏ធ្វើបានសម្រេច។
ពីដើមឆ្នាំមកដល់ពេលនេះ ទេពកោសល្យវ័យក្មេងត្រាមីនៃក្រុមប៊ិញដៀងឡុងអាង លេងបាល់បានល្អណាស់ ហើយមុនប្រកួតដណ្ដើមពានរង្វាន់នេះ នាងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបាល់ទះនារីវៀតណាម។ ប្រសិនបើជម្នះកំហុសក្នុងជំហានដំបូងនិងសាវីសបាល់ ខ្សែជំនួយវាយលុកមានអាយុ២០ឆ្នាំដែលធ្នឹកដៃឆ្វេងរូបនេះ ពិតជានឹងលេចធ្លោពេលពាក់អាវក្រុមជម្រើសជាតិជាមិនខាន៕
ហាថាញ-វិមាន