នេះគឺឱកាសសមស្របសម្រាប់ធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្តតំបន់ភ្នំភាគខាងជើង ដើម្បីជ្រកអាកាសធាតុក្តៅបែកផ្សែង នាបច្ចុប្បន្ននៅភាគខាងត្បូង។ គយគន់ជ្រលងញ៉ហ្វេ ទឹកខៀវស្រងាត់ ជាជម្រើសមួយដ៏អស្ចារ្យផងដែរ។
សម្លឹងពីចម្ងាយឃើញផ្លូវតូច គឺជាផ្លូវចុះទៅជ្រលងញ៉ហ្វេ។
សម្រស់ទឹកដីព្រៃភ្នំ។
អាកាសធាតុនៅហាយ៉ាង បច្ចុប្បន្នស្ថិតក្នុងកម្រិត២០អង្សា។ ព្រោះមានទីតាំងខ្ពស់បង្គួរបើប្រៀបនឹងផ្ទៃទឹកសមុទ្រ ដូច្នេះ ពេលព្រះអាទិត្យរះឡើង ភ្ញៀវទេសចរនឹងមានអារម្មណ៍ត្រជាក់ស្រួលប្រហែល២៤-២៥អង្សា សមស្របសម្រាប់ការដើរកម្សាន្ត។ នៅតំបន់ព្រៃភ្នំក្រំថ្ម បានគយគន់ផ្ការីកស្រស់បំព្រងនៅតាមចង្កេះភ្នំ គឺអស្ចារ្យគ្មានអ្វីប្រៀបផ្ទឹមឡើយ។
និយាយតាមត្រង់ បើទៅហាយ៉ាងនៅរដូវក្តៅ អារម្មណ៍ចង់ដើរទេសចរណ៍លម្ហែកាយពុំមានឡើយ ពីព្រោះអាកាសធាតុនៅទីនេះក្ដៅខ្លាំងណាស់។ បើមកក្នុងរដូវវស្សា ពេលរថយន្តឡើងចុះជម្រាលភ្នំ ផ្លូវបត់បែនតូចចង្អៀត ម្ខាងព្រៃភ្នំ ម្ខាងជ្រោះជ្រៅ ភ្ញៀវទេសចរមានអារម្មណ៍ភ័យខ្លាចក៏លែងចង់ដើរទេសចរណ៍ដែរ។ រដូវភ្លៀង ថែមទាំងញញើតផ្លូវរអិលនិងថ្មភ្នំធ្លាក់។
ទៅហាយ៉ាង ភ្ញៀវទេសចរមានអារម្មណ៍ស្ញប់ស្ញែងពេលឆ្លងកាត់ខ្លោងទ្វារមេឃក្វាងបារ និងអៀងមិញ។ ប៉ុន្តែអ្វីដែលគួរឱ្យខ្លាចបំផុត នោះគឺពេលភ្ញៀវទេសចរត្រូវធ្វើដំណើរតាមដងផ្លូវមួយដ៏តូចទៅកាន់ជ្រលងញ៉ហ្វេ។ ពីព្រោះ ផ្លូវបត់បែន ភ្ជាប់ពីចង្កេះភ្នំមួយទៅមួយ ដើម្បីចុះទៅដល់ជ្រលងញ៉ហ្វេ រថយន្តត្រូវឆ្លងកាត់ ជម្រាលភ្នំដ៏តូចចង្អៀត។ សម្លឹងពីចម្ងាយ ផ្លូវនេះមើលទៅដូចជាសរសៃអំបោះអន្ទងពីកំពូលភ្នំដល់ជើងភ្នំ។ ប៉ុន្តែពេលឆ្លងកាត់ដងផ្លូវនេះ យើងនឹងបានបណ្តែតអារម្មណ៍ជាមួយនឹងជ្រោះជ្រលងទឹកខៀវស្រងាត់ ធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយពេលបានឆ្លងកាត់ច្រកផ្លូវទូសាង-ជ្រោះជ្រៅបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ អង្គុយលើនាវា ភ្ញៀវទេសចរមិនគួរក្រឡេកមើលទៅលើ ដោយសារតែមើលឃើញរថយន្តប្រៀបដូចស្នាមដៅតូចៗជាប់ជញ្ជាំងភ្នំ។ កុំសម្លឹង ព្រោះពេលភ្ញៀវត្រឡប់វិញក៏អង្គុយលើរថយន្ត រួចរំកិលទៅសន្សឹមៗ ដូច្នោះដែរ។
ហេតុដូច្នោះ ប្រសិនបើបានមកកម្សាន្តនៅជ្រលងញ៉ហ្វេម្តងទៀត ខ្ញុំនឹងជ្រើសរើសសម្រាកនៅភ្នំម៉ាភីលៀង ដើម្បីគយគន់ជ្រលងទឹកខៀវស្រងាត់។ គ្មានអ្វីអស្ចារ្យជាងពេលបានអង្អុយពិសាកាហ្វេដ៏ឈ្ងុយឆ្ងាញ់ បណ្តែតអារម្មណ៍គយគន់ជ្រលងទឹកខៀវស្រងាត់ គ្របដណ្តប់ដោយព្រៃភ្នំក្រំថ្ម។ ហាក់ដូចជាមានតែមកដល់កន្លែង បានឃើញផ្ទាល់ភ្នែក ទើបអាចរៀបរាប់អស់ពីភាពស្រស់ស្អាតនៃជ្រលងនេះ ហើយយល់ថា វាមិនមែនធម្មតាទេ ដែលកន្លែងនេះត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទទួលស្គាល់ជាជ្រលងដ៏ប្រណីត គ្មានពីររបស់វៀតណាម៕
ហាថាញ-មុនី