កីឡា - ទេសចរណ៍ ទេសចរណ៍

19/02/2024 - 16:46

ចំ​ណាប់​អា​រម្មណ៍​នៃ​វិមាន​បាច់​យិញ

វិមាន​បាច់​យិញ ជា​កន្លែង​ដែល​ភ្ញៀវ​ទេស​ចរ​មិន​អាច​រំលង​ ពេល​ធ្វើ​ដំ​ណើរ​មក​កាន់​ទី​ក្រុង​ឆ្នេរ​សមុទ្រ​វុង​តាវ។​

​ រូប​ភាព​មួយ​ចំ​នួន​អំ​ពី​វិមាន​បាច់​យិញ។​

រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​ម្នា​ជា​ច្រើន​មក​លេង​កម្សាន្ត​នៅ​វុង​តាវ ព្រោះ​ទីនេះ​ គឺ​ជា​ទីក្រុង​ទេស​ចរណ៍ អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ភ្ញៀវ​ទេស​ចរ​បាន​ស្ទើរ​តែ​គ្រប់​យ៉ាង៖ មាន​សមុទ្រ​ មាន​ភ្នំ​ មាន​សេវា​កម្ម​ទេស​ចរណ៍ ដ៏​ទាក់​ទាញ​អា​រម្មណ៍​តាំង​ពី​កម្រិត​ខ្ពស់​រហូត​ដល់​សា​មញ្ញ។​ ពិ​សេស​ ដោយ​សារ​ឆាប់​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍ ម្ល៉ោះ​ហើយ​ប្រ​ព័ន្ធ​ផ្ទះ​សំ​ណាក់​ សណ្ឋា​គារ​នៅ​ទី​នេះ​ អាច​ឆ្លើយ​តប​រាល់​តម្រូវ​ការ​ខាង​តម្លៃ។​ អា​ស្រ័យ​ហេតុ​នោះ​ ទោះ​ជា​ស្ថិត​ក្នុង​រដូវ​ណា​ក៏​ដោយ​ វុង​តាវ​តែង​មាន​ភ្ញៀវ​ទេស​ចរ​មក​លេង​កម្សាន្ត​យ៉ាង​ច្រើន​កុះ​ករ។​

ប៉ុន្តែ​បើ​មក​ក្នុង​រដូវ​ក្តៅ​ ជួរ​ដើម​ឈើ​ធំ​ៗ​ក្នុង​បរិវេណ​វិមាន​បាច់​យិញ នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​កាន់​តែ​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​។​ វិមាន​បាច់​យិញ គឺជា​ផ្ទះ​វីឡា​បុរាណ​ពណ៌​ស មាន​ទី​តាំង​នៅ​លើ​ខ្នង​ភ្នំ​មួយ​ក្បែរ​ជើង​ភ្នំ​ធំ​ ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ប្រ​មាណ​ ៦ ​ហិក​តា​ ដែល​ពោរ​ពេញ​ដោយ​ដើម​ឈើ​មាន​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ។​ គយ​គន់​ពី​ឆ្នេរ​សមុទ្រ​ ភ្ញៀវ​ទេស​ចរ​អាច​សម្លឹង​ឃើញ​ផ្ទះ​ វីឡា​ពណ៌​ស​លាក់​ខ្លួន​ក្នុង​ជួរ​ដើម​ឈើ​បៃ​តង​ដ៏​ស្រស់​ស្អាត។​ នៅ​រដូវ​ផ្កា​ចំ​ប៉ីរីក​ ធ្វើ​ឱ្យ​វីឡា​នេះ​កាន់​តែ​រំលេច​សម្រស់​ថែម​ទៀត​ដោយ​ជួរ​ដើម​ចំ​ប៉ី​ធំ​ៗ​ព័ន្ធ​ជុំ​វិញ​មើល​ទៅ​គួរ​ជា​ទី​មនោ​រម្យ។​

ការ​កសាង​ផ្លូវ​ចូល​វិមាន​ ក៏​បង្ហាញ​ពី​ភាព​ហ្មត់​ចត់​របស់​ស្ថា​បត្យ​ករ​ពី​សតវត្ស​ទី​ ១៩ ផង​ដែរ។​ ភ្ញៀវ​ទេស​ចរ​អាច​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​កាំ​ជណ្ដើរ​ជាង​ ១៤០ ​កាំ ពី​ផ្លូវ​ធំ​ចូល​កាន់​ខ្លោង​ទ្វារ​ធំ​របស់​វិមាន​ ឬ​ដើរ​ក្រោម​ដើម​ម៉ៃ​សាក់​ដ៏​ធំ​មាន​ម្លប់​ត្រ​ជាក់​ ទទួល​អា​រម្មណ៍​ជា​មួយ​នឹង​អា​កាស​ធាតុ​បរិសុទ្ធ​។​ គយ​គន់​រុក្ខាល​តា​វល្លិ៍​ទាំង​ឡាយ​ ស្រាប់​តែ​រំជួល​ចិត្ត​ពេល​ក្រ​ឡេក​មើល​ពី​វិមាន​ឃើញ​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​ រលកបោក​ច្រាំង។​ ឈរ​នៅ​ទី​នេះ​ ភ្ញៀវ​ទេស​ចរ​នឹង​ឃើញ​ផ្លូវ​ក្បែរ​មាត់​សមុទ្រ​ដ៏​ស្រស់​ស្អាត​ ឆ្នេរ​សមុទ្រ​កោង​ដូច​ដួង​ចន្ទ​នា​ខែ​រនោច។​

ទីនេះ​ធ្លាប់​ជា​កន្លែង​ប្រ​ថាប់​របស់​ក្សត្រ​បាវ​ដាយ ម្ល៉ោះ​ហើយ​មាន​វត្ថុ​បុរាណ​ជា​ច្រើន។​ ជា​ពិសេស​ គឺតុ កៅ​អី​ ល្វែង​ផ្ទះ​បាយ​ តុធ្វើ​ការ​បន្ទប់​ដេក។ល។​ វិមាន​បាច់​យិញ បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​វប្បធម៌​នៅ​ឆ្នាំ​ ១៩៩២ ទើប​វត្ថុ​ទាំង​អស់​បាន​អភិរក្ស​យ៉ាង​ល្អ​ប្រ​សើរ។​ ក្រៅ​ពី​បង្អួច​ជា​ច្រើន​បែរ​មុខ​ទៅ​សមុទ្រ​ នៅ​ក្បែរ​វិមាន​បាច់​យិញ ក៏​មាន​ស្ថានីយ​ប៉ម​យាម​ផង​ដែរ។​ អង្គុយ​នៅ​ទីនេះ​ ភ្ញៀវ​ទេស​ចរ​អាច​គយ​គន់​ទេស​ភាព​សមុទ្រ​វុង​តាវ និង​ភ្នំ​ធំ​ ភ្នំ​តូច​ជា​ដើម។​

មាន​អា​យុ​កាល​ជាង​ ១០០ ​ឆ្នាំ​ ប៉ុន្តែ​វិមាន​បាច់​យិញ នៅ​តែ​មាន​ភាព​ស្រស់​ស្អាត​និង​រឹង​មាំ។​ ជា​មួយ​នឹង​ស្ថា​បត្យ​កម្ម​វីឡា​បុរាណ​បែប​បា​រាំង​ វិមាន​បាច់​យិញ មាន​លក្ខណៈ​ល្អ​ប្រ​ណីត​ ទំ​នើប ទន្ទឹម​នឹង​ទីតាំង​ដ៏​ល្អ​ ម្ល៉ោះ​ហើយ​ទីនេះ​តែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា៕​

                                     ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ