07/08/2023 - 16:53

ក្រុម​បាល់​ទះ​បុរស​ជប៉ុន​បង្ក​ភាព​ភ្ញាក់​ផ្អើល​

ក្រុម​បាល់​ទះ​បុរស​ជប៉ុន​ ទើប​បង្កើត​ប្រ​វត្តិ​សាស្ត្រ​សម្រាប់​កីឡា​បាល់​ទះ​របស់​ប្រ​ទេស​ ពេល​លើក​ដំ​បូង​ទទួល​បាន​មេ​ដាយ​សំ​រឹទ្ធ ក្នុង​ការ​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​បាល់​ទះ​ Volleyball Nations League (VNL) ឆ្នាំ​២០២៣។​

ក្រុម​ជម្រើស​ជប៉ុន​។​ រូប​ថត​ Internet

ជាក់​ស្តែង​ ក្រុម​បាល់​ទះ​ជប៉ុន​មាន​ដំ​ណើរ​ប្រ​កួត​បាន​យ៉ាង​ល្អ​តាំង​ពី​វគ្គ​ជម្រុះ​ ដោយ​ប្រ​កួត​ឈ្នះ​ជា​បន្ត​បន្ទាប់។​ មុន​នឹង​ឈាន​ចូល​ការ​ប្រ​កួត​ អ្នក​គាំ​ទ្រ​បាល់​ទះ​អា​ស៊ី​មិន​ហ៊ាន​ស្រមៃ​តំ​ណាង​ទ្វីប​ចូល​ដល់​វគ្គ​ខាង​ក្នុង​ ព្រោះ​ប្រ​វត្តិ​នៃ​ការ​ប្រ​កួត​របស់​ក្រុម​បាល់​ទះ​ជប៉ុន​ក្នុង​រដូវ​កាល​មុន​ៗ​ពុំ​ដែល​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ខ្ពស់​នោះ​ទេ។​ នេះ​ជា​ភាព​ជាក់​ស្តែង​ ព្រោះ​ក្រុម​បាល់​ទះ​បុរស​ទ្វីប​អឺ​រ៉ុប​ ទ្វីប​អា​មេរិក​ខ្លាំង​ជាង។​ ពិសេស​ បើ​និយាយ​ពី​មាឌ​វិញ​ កីឡា​ករ​ជប៉ុន​ទាប​ជាង​ បើ​ប្រៀប​នឹង​មធ្យម​ភាគ​កីឡា​ករ​នៃ​ក្រុម​ទាំង​អស់​ដែល​ចូល​រួម​ប្រ​កួត។​ ទោះ​បី​មិន​បាន​ដាក់​ក្តី​រំពឹង​ ប៉ុន្តែ​ ក្រុម​បាល់​ទះ​បុរស​ជប៉ុន​បែរ​ជា​ប្រ​កួត​បាន​យ៉ាង​ល្អ​ យក​ឈ្នះ​លើ​គូប្រ​កួត​ដែល​ធ្លាប់​សាង​ស្នា​ដៃ​លើ​ឆាក​អន្តរ​ជាតិ​ បង្កើត​ភាព​ភ្ញាក់​ផ្អើល​ដំ​បូង​នៃ​ការ​ប្រ​កួត​ដោយ​ឈរ​ទី​មួយ​ក្នុង​ពូល​ អង់​អាច​ឈាន​ចូល​វគ្គ​ក្នុង។​

បន្ទាប់​ពី​ផ្ដួល​ក្រុម​ជម្រើស​ Slovenia ដោយ​លទ្ធ​ផល​ ៣-០ នៅ​វគ្គ​ប្រ​កួត​៨​ក្រុម។​ ក្រុម​ជម្រើស​បាល់​ទះ​ជប៉ុន​ បន្ត​បង្កើត​ស្លាក​ស្នាម​អនុស្សាវ​រីយ៍​ ពេល​យក​ឈ្នះ​លើ​ក្រុម​លំ​ដាប់​លេខ​១​ពិភព​លោក​ ប៉ូឡូញ ក្នុង​សិតទី​១​នៃ​វគ្គ​ប្រ​កួត​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។​ ប្រ​សិន​បើ​មាន​បទ​ពិសោធន៍​និង​សំ​ណាង​ល្អ​បន្តិច​ ក្រុម​អាច​នឹង​ឈ្នះ​នៅ​សិតទី​២ ហើយ​ស្ថាន​ការណ៍​នៃ​ការ​ប្រ​កួត​អាច​មាន​ការ​ប្រែ​ប្រួល។​ ប៉ុន្តែ​ពេល​ក្រុម​លំ​ដាប់​លេខ​១​ពិភព​លោក​ប៉ូ​ឡូញ ពង្រឹង​យុទ្ធ​សាស្រ្ត​នៃ​ការ​ប្រ​កួត​ ចាប់​បាន​ចំ​ណុច​ខ្សោយ​ ក្រុម​បាល់​ទះ​ជប៉ុន​មិន​អាច​ក្រឡាស់​ខ្លួន​បាន​ក្នុង​សិតទី​២និង​ទី​៣ ទទួល​បរាជ័យ​ ដោយ​លទ្ធ​ផល​១-៣។​ ភាព​ក្លៀវ​ក្លា​របស់​សមា​ជិក​ក្រុម​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ចាញ់​ ដូច្នេះ​ អ្នក​គាំ​ទ្រ​មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​លើ​ក្រុម​បាល់​ទះ​លេខ​១​អា​ស៊ី​ យក​ឈ្នះ​ម្ចាស់​ជើង​ឯក​ពិភព​លោក​អ៊ីតា​លី​នៅ​វគ្គ​ប្រ​កួត​ដណ្ដើម​មេ​ដាយ​សំ​រឹទ្ធ។​ ជាង​នេះ​ទៅ​ទៀត​ ការ​ប្រ​កួត​នេះ​ អវត្ត​មាន​កីឡា​ករ​ Nishida Yuji ជា​អ្នក​ប​ញ្ជូន​បាល់​លេខ​១​របស់​ក្រុម​ដោយ​សារ​រង​របួស។​

ប៉ុន្តែ​នៅ​ចំ​ពោះ​មុខ​ឱកាស​បង្កើត​ព្រឹត្តិ​ការណ៍​ប្រ​វត្តិ​សាស្ត្រ​សម្រាប់​បាល់​ទះ​របស់​ប្រ​ទេស​ ក្រុម​បាល់​ទះ​ជប៉ុន​ប្រ​កួត​ដោយ​ទំ​នុក​ចិត្ត​ យុទ្ធ​សាស្ត្រ​ឆ្លាត​វៃ យក​ឈ្នះ​លើ​ម្ចាស់​ជើង​ឯក​ពិភព​លោក​ ដោយ​លទ្ធ​ផល​៣-២ នាំ​មក​មេ​ដាយ​ដំ​បូង​សម្រាប់​ក្រុម​បាល់​ទះ​បុរស​ជប៉ុន​លើ​ឆាក​ប្រ​កួត​អន្តរ​ជាតិ។​ អ្នក​គុប​បាល់​ដ៏​សំ​ខាន់​របស់​ជប៉ុន​ Ishikawa Yuki សក្តិ​សម​នឹង​កិត្តិ​នាម​ប្រ​ធាន​ក្រុម​ជា​បន្ត​ ពេល​ទទួល​បាន​២១​ពិន្ទុ។​

នៅ​វគ្គ​ប្រ​កួត​ផ្តាច់​ព្រ័ត្រ​ ក្រុម​ជម្រើស​ប៉ូឡូញ បាន​បង្ហាញ​ពី​សមត្ថ​ភាព​របស់​ក្រុម​លំ​ដាប់​លេខ​ ១​ពិភព​លោក​ ពេល​ឈ្នះ​ក្រុម​ជម្រើស​អា​មេរិក​ ដោយ​លទ្ធ​ផល​៣-១ គ្រង​តំ​ណែ​ងជើង​ឯក​ពាន​ រង្វាន់​បាល់​ទះ​ VNL ២០២៣៕​  

  ហា​ថាញ-មុនី

ចែករំលែកអត្ថបទ