កីឡា - ទេសចរណ៍ ទេសចរណ៍

09/01/2023 - 14:35

ទេស​ចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​

រយៈ​ពេល​ជិត​ៗនេះ​ ទេស​ចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ គឺ​ជា​ទំ​នោរ​មួយ​ត្រូវ​បាន​អ្នក​ជា​ច្រើន​ជ្រើស​រើស​ ពី​ព្រោះ​រយៈ​ពេល​ឈប់​សម្រាក គឺ​សម​ល្មម​សម្រាប់​ធ្វើ​ដំណើរ​កម្សាន្ត មិន​ថានៅ​ជិត​ឬ​ទៅ​ឆ្ងាយ​នោះ​ទេ ទាំង​អា​កាស​ធាតុ​ក៏​អំ​ណោយ​ផល​ដែរ​។

ប៉ម​គយ​គន់​ផ្កា​នៅ​ភូមិ​ផ្កា​សាដែត​ ខេត្ត​ដុង​ថាប ត្រៀម​ស្វា​គមន៍​ភ្ញៀវ។

បង​ស្រី​លីធី​ទូត្រិញ ជាបុគ្គ​លិក​ម្នាក់​នៅ​ខ័ណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “ខ្ញុំ​ទើប​ចុះ​ឈ្មោះ​ជើង​ទេស​ចរណ៍​ ៤ នាក់​ទៅ​ក្រុង​ហ្វេ-ដាណាំង​ ជា​មួយ​នឹង​ក្រុម​ហ៊ុន​ទេស​ចរណ៍​ល្បី​ឈ្មោះ​មួយ​ ចេញ​ដំ​ណើរ​ចាប់​ពី​ថ្ងៃ​ទី ១ ឆ្នាំ​ថ្មី​។ បើ​ប្រៀប​នឹង​ថ្ងៃ​ធម្ម​តា ជើង​ទេស​ចរណ៍​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​មិន​សូវ​កើន​ថ្លៃ​ប៉ុន្មាន​ទេ គឺ​ជាង​ ៨ លាន​ដុង​/នាក់​ប៉ុណ្ណោះ​ ធ្វើ​ដំណើរ​ដោយ​យន្ត​ហោះ​ចេញ​ពី​ក្រុង​កឹង​ធើ។ ដើម្បី​ស្ងប់​អា​រម្មណ៍​ទៅ​ទេស​ចរណ៍​នៅ​ទីឆ្ងាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ​នេះ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ត្រូវ​រៀប​ចំ​ទុក​ដាក់​ការ​ងារ​ផ្ទះ​ស្រួល​បួល​ ទៅ​ទទួល​ឆ្នាំ​ថ្មី​នៅ​ផ្ទះ​ខាង​ប្ដីឯខេត្ត​សុក​ត្រាំង។ ឆ្នាំ​នេះ​ យើង​ខ្ញុំ​ទៅ​ទេស​ចរណ៍​នៅ​ភូមិ​ភាគ​កណ្ដាល ឆ្នាំ​ក្រោយ​យើង​ខ្ញុំ​គ្រោង​ទៅ​សាប៉ា”។

ជ្រុង​មួយ​នៃ​ព្រះ​វិហារ​ថៀង​វៀង​ទ្រុកឡឹម​ ក្រុង​កឹង​ធើ។

គន់​មើល​ផ្កា​នៅ​ដា​ឡាត ក៏​ជា​ជម្រើស​ដ៏​គួរ​ឱ្យ​រីក​រាយ​ក្នុង​ប៉ុន្មានថ្ងៃ​
បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ផង​ដែរ​។

ស្ពាន​មាស​នៅ​លើកំ​ពូល​ភ្នំ​បា​ណា គឺ​ទីតាំង​មិន​អាច​ខ្វះ​បាន​របស់​ភ្ញៀវ
​ទេស​ចរ​ពេល​មក​ក្រុង​ដា​ណាំង​។

ភ្ញៀវ​ទេស​ចរចូល​ទស្សនា​សួន​ផ្កា​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​ចម្ការ
នៃ​ភូមិ​ផ្កា​សា​ដែត​ ខេត្ត​ដុង​ថាប។

ដោយ​ចាប់​អា​រម្មណ៍​ទៅ​នឹង​ទំ​នោរ​ទេស​ចរណ៍​របស់​គ្រួសារ​វ័យ​ក្មេង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ក្រុម​ហ៊ុន​ទេស​ចរណ៍​ភាគ​ច្រើន​តែង​ស្វាគមន៍​ភ្ញៀវ​ជា​មួយ​នឹង​ដំណើរ​កម្សាន្ត គួប​ផ្សំ​នឹង​ការ​ទទួល​អំ​ណរ​និទាឃ​រដូវ​នៅ​រមណីដ្ឋាន​ទេស​ចរណ៍​ល្បីៗ ដូច​ជា៖ ដា​ឡាត សាប៉ា ហា​ឡុង​ជា​ដើម​។ ចំ​ណុច​ពិសេស​ គឺ​ជើងទេស​ចរណ៍​មិន​សូវ​កើន​ថ្លៃ​ប៉ុន្មាន​ទេ បើប្រៀបនឹង​ថ្ងៃ​ធម្ម​តា។ 

សម្រាប់​គ្រួសារ​ដែល​គ្មាន​លក្ខណ​សម្បត្តិ​ទៅ​ទេស​ចរណ៍​ច្រើន​ថ្ងៃ​ទេ គឺ​គោល​ដៅ​ទេស​ចរណ៍​នៅ​តំ​បន់​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​ និង​ក្រុង​កឹង​ធើ​និយាយ​ដោយ​ឡែក​តែង​រង់​ចាំ​ស្វាគមន៍​ភ្ញៀវ​ជា និច្ច។ បង​ស្រី​ត្រឹង​ធូធ្វី មាន​ទម្លាប់​ទៅ​វត្ត​អុជ​ធូប​ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មី​វៀត​ណាម​។ បង​ស្រី​បាន​រ៉ាយ​រ៉ាប់៖ “ខ្ញុំ​បាន​ទាក់​ទង​ជា​មួយ​នឹង​មិត្ត​ភក្តិ​ក្នុង​ក្រុម​ដើម្បី​ទៅ​លេង​វត្ត​ គួបផ្សំ​នឹង​ទេស​ចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ យើង​ខ្ញុំ​មាន​គម្រោង​ទៅ​ទស្សនា​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ នៅ​ខេត្ត​បាក​លីវ វត្ត​ស្រ​ឡូង​នៅ​ខេត្ត​សុក​​ត្រាំង វត្ត​ថៀង​វៀង​ទ្រុក​ឡឹម​នៅ​ក្រុង​កឹង​ធើ វត្ត​ថៀង​វៀង​ទ្រុក​ឡឹម​នៅ​ត្រា​វិញ​ វត្ត​ស្វាយ​ទង​ វត្ត​ភ្នំ​តា​ប៉ា​នៅ​អាង​យ៉ាង​ វត្ត​វិញ​ត្រាងនៅ​តៀង​យ៉ាង​។ល។ នៅ​កន្លែង​នីមួយ​ៗ យើង​ខ្ញុំ​នឹង​ទៅ​ទស្សនា​រមណី​ដ្ឋាន​ល្បីៗ។ ដូច្នោះ ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កាន់​តែ​មាន​អត្ថ​ន័យ​”។ 

នៅ​ពេល​ទំ​នោរ​ទេស​ចរណ៍​និទាឃ​រដូវ​ពេញ​និយម គោល​ដៅ​ទេស​ចរណ៍​នៅ​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​ ដូច​ភូមិ​ផ្កា​ដុង​ថាប នៅ​ខេត្ត​ដុង​ថាប ឬមណ្ឌល​ទេស​ចរណ៍​មី​ខាញ់​នៅ​ក្រុង​កឹង​ធើ ជាដើម​ សុទ្ធ​តែ​មាន​កម្ម​វិធី​សប្បាយៗ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រកប​ដោយ​ភាព​ទាក់​ទាញ។ ចំ​ណែក​នៅ​ខេត្ត​អាង​យ៉ាង​ មាន​ទីតាំង​ទេស​ចរណ៍​បែប​ជំនឿ​សាសនា​ជា​ច្រើន​ មាន​ដូច​ ភ្នំសាម​ ភ្នំ​កឹម ក៏​មាន​ភាព​ទាក់​ទាញ​ភ្ញៀវ ដោយ​សម្រស់​ធម្ម​ជាតិ​មនោ​រ​ម្យ និង​មាន​វត្ត​ល្បីៗ ជាច្រើន​ ដូច​ជា​វត្ត​ផឹក​លើង វត្ត​បា ​វត្ត​វ៉ាង​លិញ។ល។ ៕

               ហា​ថាញ-ថាច់ធី

ចែករំលែកអត្ថបទ