វគ្គប្រកួតផ្តាច់ព្រ័ត្របាល់ទះនារីនៅមហាសន្និបាតកីឡាអប់រំកាយទូទាំងប្រទេស លើកទី ៩ ឆ្នាំ ២០២២ បានប្រព្រឹត្តឡើងយ៉ាងពុះពោររវាងក្រុមបាល់ទះឡុងអាងនិងក្រុមបាល់ទះកងទ័ព។ ក្រោយពីប្រកួតចំនួន ៤ សិត ក្រុមបាល់ទះនារីកងទ័ព បានធ្វើឱ្យក្រុមបាល់ទះនារីឡុងអាង ក្លាយជាអតីតម្ចាស់ជើងឯក។
ក្រុមជម្រើសកងទ័ពទទួលមេដាយមាស។ រូបថត៖ Internet
ក្រុមជម្រើសបាល់ទះនារីខេត្តឡុងអាង ចូលប្រកួតនៅពានរង្វាន់ធំៗក្នុងប្រទេស ដោយមានសមាសភាពកម្លាំងស្នូលជាសមាជិកនៃក្រុមជម្រើសប៊ិញដៀងឡុងអាង។ ហេតុនោះ គ្មានភាពច្របូកច្របល់តួនាទីណាមួយឡើយ។ ឡុងអាង ចូលប្រកួតនៅមហាសន្និបាតកីឡាឆ្នាំនេះ ក្នុងនាមជាម្ចាស់ជើងឯកនៃមហាសន្និបាតកីឡាអប់រំកាយទូទាំងប្រទេស លើកទី ៨។ ដោយសមត្ថភាពនៃការប្រកួតល្អបែបនេះ ពួកគេបានឆ្លងផុតវគ្គប្រកួតមុនៗយ៉ាងងាយស្រួល។
មានវត្តមានក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រគឺជាលទ្ធផលដ៏សក្តិសម បានសបញ្ជាក់ពីសមត្ថភាពរបស់ក្រុមបាល់ទះនារីឡុងអាង។ ពួកគេប្រកួតយ៉ាងមានទំនុកចិត្ត ហើយយកឈ្នះនៅសិតទី ១។ ប៉ុន្តែពេលក្រុមជម្រើសកងទ័ពប្តូរយុទ្ធសាស្ត្រលេងលំនឹងអារម្មណ៍ឡើងវិញ ថែមទាំងខ្សែការពារជួរក្រោយយកបាល់បានល្អ ធ្វើឱ្យក្រុមជម្រើសឡុងអាង បែរជាមានភាពច្របូកច្របល់ គ្មានទំនុកចិត្ត មិនមោះមុតក្នុងការវាយបាល់ដើម្បីសម្រេចពិន្ទុ។ សម្រាប់សិត ទី២ ទី៣ ហាក់មិនមានភាពប្រែប្រួល ក្រុមទាំង ២ មានពិន្ទុប្រកៀកប្រកិតគ្នា នៅចុងសិតនីមួយៗ ក្រុមបាល់ទះនារីកងទ័ពប្រកួតយ៉ាងស្វិតស្វាញ ហើយយកឈ្នះលើក្រុមបាល់ទះនារីឡុងអាង។
ក្នុងចិត្តគិតថា គ្មានអ្វីគួរឱ្យបាត់បង់ទៀត ក្រុមបាល់ទះនារីឡុងអាងបានប្រកួតយ៉ាងប្តូរផ្តាច់ នាំមុខដោយពិន្ទុ ១២-៦ នៅសិតទី ៤ ក្រោយមក មួយរំពេចស្រាប់តែធ្លាក់ចុះមិនគួរឱ្យជឿ ក្រុមបាល់កងទ័ពបានឱកាសនាំមុខវិញនិងយកឈ្នះដោយពិន្ទុ ២៧-២៥។ សោកស្តាយចំពោះក្រុមបាល់ទះនារីឡុងអាង មិនអាចការពារបានតំណែងជើងឯក ប៉ុន្តែត្រូវទទួលស្គាល់ថា អត្តពលិករបស់កងទ័ពមានគោលជំហររឹងមាំនិងសមត្ថភាពប្រកួតប្រហាក់ប្រហែលគ្នា។ ក្នុងនោះ ប្រធានក្រុមប៊ូយធីង៉ា មានសមត្ថភាព រាំងបាល់និងវាយបាល់បានយ៉ាងល្អ ចំណែកកេវត្រិន ធូភឿងក៏បញ្ចេញស្នៀតវាយបាល់បានយ៉ាងល្អណាស់ដែរ។ ជាងនេះទៅទៀត ក្រុមជម្រើសកងទ័ពមានកីឡាករបាសេបាល់របស់ក្រុមជម្រើសវៀតណាម នោះគឺ ដងធីឡឹមហ្វាញ់ ដូច្នេះ នាងបានហុចបាល់សមស្រប។ ចំណុចលេចធ្លោមួយទៀតរបស់ក្រុមបាល់កងទ័ព គឺអនុវត្តវិន័យយ៉ាងតឹងរ៉ឹងពេលប្រកួត គោរពតាមវិធីសាស្ត្ររបស់គ្រូបង្វឹក និងមានលទ្ធភាពការពារជួរក្រោយបានល្អ។
ផ្ទុយមកវិញ ក្រុមបាល់ទះនារីឡុងអាងប្រកួតចុះដៃក្នុងវគ្គផ្តាច់ព្រ័ត្រ។ បាល់ភាគច្រើន បានបញ្ជូនឱ្យថាញធ្វី។ ថ្វីដ្បិត នាងជាកីឡាករ វាយសម្រុកដ៏សំខាន់ ប៉ុន្តែថាញធ្វី ចុះកម្លាំងនៅសិតចុងក្រោយ។ ដូច្នេះ ការវាយបាល់ពុំសូវមានប្រសិទ្ធភាព កម្លាំងខ្សោយ។ ជួរក្រោយ និងការវាយបញ្ជូនបាល់របស់ក្រុមឡុងអាង ក៏មិនបានល្អ។ មានការភាន់ច្រឡំពីយុទ្ធសាស្រ្ត រួមនឹងការប្រកួតចុះដៃរបស់អត្តពលិក បានធ្វើឱ្យក្រុមបាល់ឡុងអាងទទួលបរាជ័យ៕
ហាថាញ-មុនី