សុកត្រាំង ជាខេត្តមួយដែលមានជនរួមជាតិខ្មែររស់នៅប្រមាណជាង ៣០% មានវត្តខ្មែរ ៩២ វត្តនិងមានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើន ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ទាំងនេះត្រូវបានចាត់ទុកជាចំណុចលេចធ្លោមួយនៃការអភិវឌ្ឍវិស័យទេសចរណ៍របស់ខេត្តសុកត្រាំង។
វត្តបទុមវង្សាសំរោង ជាគោលដៅទេសចរណ៍ទាក់ទាញភ្ញៀវទេសចរ
ច្រើនបំផុតរបស់ខេត្តសុកត្រាំង។
យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង ចាប់តាំងពីដើមឆ្នាំមកទល់នឹងបច្ចុប្បន្ន ផ្នែកទេសចរណ៍ទទួលភ្ញៀវទេសចរបានជាង ២ លានលើកនាក់ សម្រេចជាង ៩២% នៃផែនការឆ្នាំ ២០២២ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានជិត ៨.០០០ លើកនាក់ សរុបចំណូលពីវិស័យទេសរណ៍ប្រមាណជាង ១.០០០ ពាន់លានដុង។ រៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យអកអំបុក-ប្រណាំងទូក-ងរបស់ជនរួមជាតិខ្មែរ ទាក់ទាញភ្ញៀវទេសចរប្រមាណជាង ៤០០.០០០ លើកនាក់។ ក្រៅពីនោះ ខេត្តនៅទាំងមានរមណីយដ្ឋានទេសចរណ៍បែបជំនឿសាសនា ( វត្តបទុមវង្សាសំរោង វត្តសិរីតេជោមហាទប់ វត្តសិរីសុខុមសង្គមមានជ័យស្រឡូង វត្តដឹកស៊ាក ។ល។ ទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសមកទស្សនាកម្សាន្តរាប់រយពាន់លើកនាក់។
ប្រណាំងទូក-ង ជាកីឡាមួយត្រូវបានចាត់ទុកថា”ពិសេសឯក”នៅខេត្តសុកត្រាំង ទាក់ទាញមនុស្សនៅក្នុងនិងក្រៅខេត្តរាប់រយពាន់លើកនាក់មកទស្សនា។
យោងតាមប្រសាសន៍លោកស្រី ហ្វិញធីយ៉ីមង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ក្រៅពីមណ្ឌលទេសចរណ៍បែបជំនឿសាសនាដ៏ល្បីរន្ទឺ ខេត្តក៏មានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៨ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ក្នុងនោះ មានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៥ របស់ជនរួមជាតិខ្មែរ នោះគឺសិល្បៈប្រគំភ្លេងពិណពាទ្យ របាំ ប្រជាប្រិយ រាំវង់ សិល្បៈល្ខោនយូរកេរ និងពិធីបុណ្យប្រណាំងទូក-ងរបស់ជនរួមជាតិខ្មែរ។ ទាំងនេះគឺជាផលិតផលទេសចរណ៍ពិសេស បង្កភាពទាក់ទាញដោយឡែកសម្រាប់វិស័យទេសចរណ៍នៃខេត្តសុកត្រាំង។ ក្រៅពីនោះ ខេត្តនៅទាំងមានកេរដំណែលថ្នាក់ខេត្តចំនួន ៤១ តែងបានភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្តនិងធ្វើការសិក្សាស្រាវជ្រាវផងដែរ។
អ្នកមីងផាមធីមឹង ជាភ្ញៀវទេសចរមកពីខេត្តកាម៉ាវ ឱ្យដឹង៖ “លើកដំបូងខ្ញុំមកទស្សនាកម្សាន្តនៅខេត្តសុកត្រាំង ចំថ្ងៃបុណ្យអកអំបុក-ប្រណាំងទូក-ងរបស់ជនរួមជាតិខ្មែរ ឃើញថាពិធីបុណ្យនេះមានលក្ខណៈល្អពិសេសនិងមានភាពទាក់ទាញខ្លាំងណាស់”។ នៅទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូលើកទី ៨ និងពិធីបុណ្យអកអំបុក-ប្រណាំងទូក-ងសុកត្រាំងលើកទី ៥ តំបន់វាលរាបទន្លេគឺវឡុងថ្មីៗនេះ ខេត្តសុកត្រាំងបានប្រកាស និមិត្តសញ្ញាទេសចរណ៍ ជំនួសឱ្យការអំពាវនាវវិនិយោគិន និងភ្ញៀវទេសចរជិតឆ្ងាយមកកាន់តំបន់ពោរពេញដោយសក្តានុភាពអភិវឌ្ឍ បំផុតគឺវិស័យទេសចរណ៍។
ទិសដៅរបស់ខេត្តសុកត្រាំងដល់ឆ្នាំ ២០២៥ ផ្នែកទេសចរណ៍នឹងក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត។ ដល់ឆ្នាំ ២០៣០ ផ្នែកទេសចរណ៍នឹងក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញរបស់ភូមិភាគ ជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា ផលិតផលទេសចរណ៍សម្បូរបែប មានស្លាកសញ្ញានិងកម្លាំងប្រកួតប្រជែងខ្ពស់ រួមចំណែកក្នុងការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមរបស់ខេត្ត៕
យីុអាញ-មុនី