វត្តហោក្វឹក មិនត្រឹមតែជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញអារម្មណ៍ប៉ុណ្ណោះទេ នៅទាំងជាអាសយដ្ឋានវប្បធម៌ដ៏ពិសិដ្ឋសម្រាប់ភ្ញៀវទេសចរនិងប្រជាជនភូមិភាគមកទស្សនាកម្សាន្តទៀតផង។
ជ្រុងមួយនៃទីធ្លាបរិវេណវត្ត។
បងស្រីដាវធីប៊ិតត្រាំ នៅឃុំត្រឿងឡុង ស្រុកផុងដៀង ក្រុងកឹងធើ បានមករស់នៅនិងបង្កើតអាជីពនៅភូក្វឹកជាច្រើនឆ្នាំ។ ប្តីប្រពន្ធគាត់ចិញ្ចឹមខ្យងប៉ារ៉ានៅឆ្នេរសមុទ្រហ្គាញយូវ ម្ល៉ោះហើយតែងឱ្យតម្លៃខ្ពស់លើការជំនឿ។ អាស្រ័យហេតុនេះ មុននឹងប្រលែងពូជខ្យង ឬត្រៀមរៀបចំប្រមូលផល បងស្រី តែងទៅវត្តបន់ស្រន់ សុំឱ្យកិច្ចការរកស៊ីបានចម្រុងចម្រើនកាក់កប។ ដោយមានទីតាំងនៅជាប់ចង្កេះភ្នំបែរមុខទៅសមុទ្រ វត្តហោក្វឹក មិនត្រឹមតែមានអត្ថន័យក្នុងការការពារព្រំដែន កោះសមុទ្រប៉ុណ្ណោះទេ ថែមទាំងមានទីតាំងខ្ពស់ ចាំងពន្លឺបំភ្លឺផ្លូវសម្រាប់អ្នកនេសាទទៀតផង។ បងលីឡុងវិញ នៅឃុំហាមនិញ គាត់តែងមកអង្គុយស្ទួចត្រីមឹកនៅពេលយប់ ឱ្យដឹង៖ “រៀងរាល់យប់ ពេលឃើញពន្លឺចាំងពីវត្តហោក្វឹកខ្ញុំស្ងប់ចិត្តអង្គុយស្ទួចរហូតដល់ត្រឡប់ទៅផ្ទះ”។
ផ្លូវឡើងទៅកាន់ព្រះវិហារវត្តហោក្វឹក។
វត្តហោក្វឹក មានទីតាំងនៅភូមិសុយលើង ឃុំយឿងតើ ចម្ងាយពីទីប្រជុំជនយឿងដុង ២០ គីឡូម៉ែត្រ និងចម្ងាយពីប្រលានយន្តភូក្វឹកប្រមាណ ១០ គីឡូម៉ែត្រ។ វត្តនេះ មានទីតាំងស្រស់ស្អាត នៅជាប់ចង្កេះភ្នំ បែរមុខទៅសមុទ្រ មានដងផ្លូវឡើងទៅវត្តតែមួយគត់ ម្ខាងគឺព្រៃភ្នំ ម្ខាងទៀតគឺសមុទ្រ ផ្លូវបត់បែននិងគ្រោះថ្នាក់ ប៉ុន្តែ គួរឱ្យទាក់ទាញ។
ឈរលើខឿនព្រះវិហារ គយគន់ទៅលម្ហសមុទ្រឃើញផ្ទៃទឹកសមុទ្រខៀវ
ស្រងាត់យ៉ាងគាប់នេត្រា។
វត្តហោក្វឹក ជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក ត្រូវបានសាងសង់តាមរចនាបថវត្តអារាមក្នុងរជ្ជកាលលី-ត្រឹង គ្រឿងសំណង់ពិសេសគឺឈើនាងនួនដែលមានអាយុកាលចំណាស់ ដូច្នេះ បង្កឱ្យមានភាពសមសួន ត្រជាក់ត្រជំ ទោះជាមាមីងពុទ្ធបរិស័ទចូលវត្តនៅពេលថ្ងៃត្រង់ក៏ដោយ។ គ្រប់សំណង់ទាំងអស់ក្នុងបរិវេណវត្តហោក្វឹក មានក្បូរក្បាច់ស្ថាបត្យកម្មដ៏ល្អឯក ដូចជា ខ្លោងទ្វារធំច្រកចូល ៣ ព្រះវិហារ បូជនីយដ្ឋានបុព្វការីជន។ ដើម្បីឡើងទៅកាន់ព្រះវិហារ ភ្ញៀវទេសចរត្រូវធ្វើដំណើរពីខ្លោងទ្វារធំច្រកចូល ៣ ឆ្លងជណ្ដើរ ៧០ កាំ អមដោយរូបនាគព័ទ្ធពេន។ នៅមណ្ឌលទីធ្លាព្រះវិហារ ភ្ញៀវទេសចរអាចនឹងធ្វើសក្ការបូជាបដិមាព្រះអរហន្ត ១៨ អង្គ។ ប៉ុន្តែ ចំណុចចាប់អារម្មណ៍បំផុតនោះគឺ នៅពេលភ្ញៀវទេសចរឈរលើខឿនព្រះវិហារគយគន់ទៅលម្ហសមុទ្រ ឃើញផ្ទៃទឹកសមុទ្រខៀវស្រងាត់យ៉ាងគាប់នេត្រា។ សំណង់ទាំងអស់ក្នុងបរិវេណវត្តហោក្វឹក មានលក្ខណៈពិសេស ល្អប្រណីត ជាស្ថាបត្យកម្មដ៏ល្អឯកដែលជាស្នាដៃរបស់សិប្បករ។
ភ្ញៀវទេសចរអាចចូលវត្តធ្វើសក្ការបូជានៅគ្រប់រដូវក្នុងឆ្នាំ ប៉ុន្តែគួរមកនៅថ្ងៃ ១ កើតនិងថ្ងៃពេញបូណ៌មីជារៀងរាល់ខែ ដើម្បីបួងសួងសូមសេចក្តីសុខ៕
ហាថាញ-មុនី