ឆ្នាំ ២០២២ ផ្នែកទេសចរណ៍ខេត្តបាកលីវ កំពុងស្ថិតក្នុងសម្ទុះនៃការស្តារឡើងវិញយ៉ាងឆាប់រហ័ស ទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
មណ្ឌលបដិមាព្រះម៉ែគង់ស៊ីអីម គឺជាមួយទាក់ទាញភ្ញៀវទេសចរច្រើនកុះករ។
តាមមន្ទីរវប្បធម៌ ព័ត៌មាន កីឡានិងទេសចរណ៍ខេត្តបាកលីវ គិតរហូតដល់ខែសីហា ឆ្នាំ ២០២២ សរុបចំណូលសេវាកម្មទេសចរណ៍គឺជាង ២.១៥៩ ពាន់លានដុង។ ក្នុងនោះ ចំណូលខាងវិស័យភោជនីយដ្ឋាន និងសណ្ឋាគារសម្រេចប្រមាណ ៧៣៤ ពាន់លានដុង។ ទទួលបានភ្ញៀវទេសចរជាង ២,៥ លានលើកនាក់ ក្នុងនោះ ភ្ញៀវទេសចរប្រើប្រាស់សេវាកម្មស្នាក់នៅជាង ៨៥០.០០០ លើកនាក់។
រមណីយដ្ឋានទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរណ៍ច្រើនមកទស្សនាកម្សាន្ត ដូចជា៖ មណ្ឌលផ្ទះអ្នកសង្ហាបាកលីវ មណ្ឌលវាយោអគ្គិសនីខេត្តបាកលីវ មណ្ឌលវិហារតាក់សី មណ្ឌលបដិមាព្រះម៉ែគង់ស៊ីអីម វត្តព្រែកជ្រៅ មណ្ឌលអនុស្សាវរីយ៍សិល្បៈចម្រៀងដើងកាតាយទឺណាមបូ និងតន្ត្រីករកាវវ៉ាន់ឡូវ...។ល។ បងស្រីចូវធីយីមទ្រិញ ឱ្យដឹង៖ “ខ្ញុំជ្រើសរើសទៅទេសចរនៅកន្លែងល្បីៗ របស់ខេត្តបាកលីវ ដូចជា៖ មណ្ឌលផ្ទះអ្នកសង្ហាបាកលីវ មណ្ឌលវាយោអគ្គិសនីខេត្តបាកលីវជាដើម។ ជាពិសេស ថ្លៃសេវាសណ្ឋាគារ និងម្ហូបអាហារនៅតាមភោជនីយដ្ឋាននៃមណ្ឌលទេសចរណ៍ ក្នុងរដូវបុណ្យទានគឺតម្លៃសមរម្យ។ សន្តិសុខ ក៏ត្រូវបានធានា ដូច្នេះគ្រួសារខ្ញុំពេញចិត្តខ្លាំងណាស់”។
ភ្ញៀវទេសចរដើរទស្សនាកម្សាន្តនៅមណ្ឌលវាយោអគ្គិសនី។
នាយកមន្ទីរវប្បធម៌ ព័ត៌មាន កីឡានិងទេសចរណ៍ខេត្តបាកលីវ ត្រឹងធីឡាងភឿង ឱ្យដឹង៖ “គិតដោយឡែកតែក្នុងឱកាសថ្ងៃបុណ្យជាតិ ២ កញ្ញា ភ្ញៀវទេសចរក្នុងនិងក្រៅខេត្តមកទស្សនាកម្សាន្ត និងធ្វើសក្ការបូជានៅមណ្ឌលរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត មានប្រមាណជាង ៦៦.៥០០ លើកនាក់ កើនប្រមាណ ១៦,៦% បើប្រៀបនឹងឆ្នាំ ២០១៩។ ចំណូលសរុបពីសកម្មភាពអាជីវកម្មនៃសេវាកម្មទេសចរណ៍របស់ខេត្ត ក្នុងឱកាសឈប់សម្រាកបុណ្យជាតិសម្រេចប្រមាណ ៥៣ ពាន់លានដុង។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានប្រមាណ ៨៥០ លើកនាក់។ ភ្ញៀវទេសចរជាតិមានប្រមាណ ៦៥.៦៥០ លើកនាក់។ បន្ទប់សណ្ឋាគារដែលភ្ញៀវជួលសម្រេចពី ៧០-៨៥%។ គ្រប់អាជីវកម្មទេសចរណ៍ តែងអនុវត្តល្អការបិទប្រកាសថ្លៃសេវា គ្មានស្ថានភាពអូសទាញភ្ញៀវ។ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីកំណត់ស្តីពីការបង្ការ ទប់ស្កាត់ជំងឺ COVID-១៩”។
ភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅខេត្តបាកលីវ បានយល់ពីតម្លៃវប្បធម៌ដ៏ពិសេសនៃភូមិភាគ ដែលទុកដូចជាថ្នាលនៃសិល្បៈចម្រៀង ដើងកាតាយទឺណាមបូ ជាមួយនឹងការផ្សែផ្សំ រួមបញ្ចូលគ្នានៃវប្បធម៌ ស្ថាបត្យកម្ម ជំនឿ និងពិធីបុណ្យប្រពៃណីរបស់ជនជាតិទាំង ៣ គឺ កិញ-ខ្មែរ-ចិន និងបានស្វែងយល់ពីប្រវត្តិអ្នកសង្ហាបាកលីវ។ លោកស្រីត្រឹងធីឡាងភឿង បញ្ជាក់៖ “ជាមួយនឹងសន្ទុះស្តារឡើងវិញ និងការអភិវឌ្ឍដ៏ខ្លាំងក្លានេះ ទេសចរណ៍ខេត្តបាកលីវនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍មួយក្នុងចំណោមមជ្ឈមណ្ឌលទេសចរណ៍នៃតំបន់វាលរាបទន្លេគីវឡុង។ ខេត្តខិតខំដល់ឆ្នាំ ២០២៥ នឹងទទួលបានភ្ញៀវទេសចរជាង ៧ លានលើកនាក់ ចំណូលពីទេសចរណ៍សរុបប្រមាណ ១០.០០០ ពាន់លានដុង ស្មើនឹង ៧% នៃ GRDP សរុបរបស់ខេត្ត។ ខេត្តកំពុងស្នើសុំដាក់រមណីយដ្ឋានទេសចរណ៍ចម្រុះញ៉ាម៉ាក-មាត់សមុទ្រក្រុងបាកលីវ ទៅក្នុងបញ្ជីអាទិភាពរៀបគម្រោងប្លង់ ដើម្បីក្លាយជារមណីយដ្ឋានទេសចរណ៍ជាតិ”៕
លីធាន-លេងមី