គ្មានខេត្តណានៅតំបន់វាលរាបទន្លេគីវឡុង បានធម្មជាតិអំណោយផលដោយមានមណ្ឌលទេសចរណ៍ដ៏អស្ចារ្យ តាំងពីភ្នំរហូតដល់សមុទ្រដូចនៅខេត្តគៀងយ៉ាងឡើយ។ ភាពទាក់ទាញរបស់ខេត្តគៀងយ៉ាង កាន់តែល្បីរន្ទឺនៅពេលហាតៀង និងកោះភូក្វឹកឡើងជាក្រុង។
មើលពីប៉មទៅនឹងឃើញស្ពាននិងភ្នំតូចូវ។
ជ្រុងមួយនៃមណ្ឌលរានសមុទ្រថ្មីរបស់ក្រុងរ៉ាច់យ៉ា។
ហាតៀង គឺជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញអារម្មណ៍សម្រាប់ភ្ញៀវទេសចរចង់សម្រាកលម្ហែកាយ តែគ្មានពេលធ្វើដំណើរទៅឆ្ងាយនិងច្រើនថ្ងៃ។ គ្រាន់តែសម្រាកនៅហាតៀងពីរថ្ងៃមួយយប់ ភ្ញៀវទេសចរអាចធ្វើដំណើរឡើងភ្នំថាច់ដុង ភ្នំតូចូវ ភ្នំដាយុឺង និងចុះងូតទឹកឆ្នេរសមុទ្រម៉ុយណាយ។ កន្លែងដែលទាក់ទាញបំផុតរបស់ហាតៀង គឺឡើងភ្នំនិងចុះងូតទឹកសមុទ្រ ជាសកម្មភាពពីរផ្ទុយគ្នា តែភ្ញៀវទេសចរអាចទទួលបានក្នុងដំណើរតែមួយលើក។ ពេលរាត្រី ភ្ញៀវទេសចររីករាយភ្លក់រសជាតិអាហារសមុទ្រនៅផ្សាររាត្រីហាតៀង ដោយមានអ្នកទិញនិងអ្នកលក់ច្រើនកុះករ។ ពេលព្រឹក គ្រាន់តែដើរលម្ហែនៅតាមឧទ្យាន ភ្ញៀវទេសចរអាចបណ្ដែតអារម្មណ៍នឹងទេសភាពអរុណោទ័យលើផ្ទៃទឹកសមុទ្រ។ ពេលរសៀល ភ្ញៀវទេសចរអាចពិសាកាហ្វេមួយកែវ និងទស្សនាព្រះអាទិត្យអស្ដង្គតសន្សឹមៗលើផ្ទៃសមុទ្រនៅមណ្ឌលរានសមុទ្រថ្មីរបស់ហាតៀង។ ប្រសិនបើអ្នកធុញទ្រាន់នឹងសមុទ្រហាតៀង អ្នកអាចជួលទូកចេញទៅកម្សាន្តនៅកោះហាយទាក់ ដើម្បីងូតទឹកសមុទ្រលម្ហែកាយឱ្យអស់ចិត្ត ឬក៏ត្រឡប់មកទីរួមស្រុកបាហង ដើម្បីទស្សនាកោះភូតឺ និងងូតទឹកសមុទ្រនៅបាហងដឹម។
សម្រាកលំហែកាយនៅសណ្ឋាគារលំដាប់ផ្កាយ៥ នៅភូក្វឹក ជាបទពិសោធន៏មួយមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ។
បើមានឱកាសនិងថវិកាច្រើន ភ្ញៀវទេសចរគួរទៅទទួលអារម្មណ៍នៅសួគ៌ាទេសចរណ៍កោះភូក្វឹក ឬជ្រើសដំណើរទេសចរណ៍មួយជុំ ផ្តើមពីហាតៀង-ភូក្វឹក-ណាមយ៉ូ-រ៉ាច់យ៉ា។ នេះជាដំណើរទេសចរដ៏អស្ចារ្យមួយមានភាពទាក់ទាញយ៉ាងខ្លាំងដោយឆ្នេរសមុទ្រពណ៌បៃតង ជាលក្ខណៈធម្មជាតិសុទ្ធសាធ និងភាពស្រស់ស្អាតដ៏អាថ៌កំបាំង ដែលធម្មជាតិប្រទានឱ្យនៅតំបន់នេះ។ សមុទ្រពណ៌បៃតង បានផ្ដល់ឱ្យខេត្តគៀងយ៉ាងនូវប្រភពជលផលដ៏សម្បូរបែប ដោយមានម្ហូបអាហារឆ្ងាញ់ៗ ដូចជា៖ ភ្លាត្រីសាឌីន បាញកាញក្តាម នំបញ្ចុកត្រីរ៉ាច់យ៉ា។ល។ ភ្ញៀវទេសចរមិនគួររំលងក្រុងរ៉ាច់យ៉ា ក្នុងការធ្វើដំណើរមកទេសចរណ៍នៅខេត្តគៀងយ៉ាងឡើយ ពីព្រោះនៅមណ្ឌលរានសមុទ្រទាំងពីរកន្លែងរបស់ក្រុងនេះ មានគ្រប់សេវាកម្មទេសចរណ៍ចាំបាច់សម្រាប់ភ្ញៀវចំណាយលុយកម្សាន្តអារម្មណ៍៕
ហាថាញ-ត្រឹងហ្គោន