រយៈពេលកន្លង សម្ព័ន្ធឧស្សាហកម្ម-ទូរគមនាគមន៍កងទ័ព បានឧបត្ថម្ភទឹកប្រាក់រាប់ពាន់លានដុងដល់សមាគមជំរុញការសិក្សាខេត្តសុកត្រាំង ដើម្បីជូនអាហារូបករណ៍ដល់សិស្សក្រីក្រតំបន់ឆ្ងាយដាច់ស្រយាល។ ផ្ដើមពីនោះ រួមចំណែកលើកកម្ពស់ប្រជាបញ្ញា បំប៉នធនធានមនុស្សសម្រាប់ខេត្ត។
សម្ព័ន្ធឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ព ជូនកង់ដល់សិស្សានុសិស្សក្រីក្រតំបន់ឆ្ងាយដាច់ស្រយាលរបស់ខេត្តសុកត្រាំង។
អនុវត្តកម្មវិធី "ដើម្បីសិស្សសង្វាតរៀនសូត្រ" សម្ព័ន្ធឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ព បានជូនអាហារូបករណ៍ចំនួន១២៥.០០០ចំណែក ដល់សិស្សក្រីក្រសង្វាតរៀនសូត្រ នៅតាមឃុំលំបាកពិសេសទូទាំងប្រទេស សរុបថវិកាប្រមាណ១២៥ពាន់លានដុង។ ដោយឡែកនៅខេត្តសុកត្រាំង ឆ្លងតាមរយៈសមាគមជំរុញការសិក្សាខេត្ត សម្ព័ន្ធឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ព បានជូនអាហារូបករណ៍ចំនួន២.៥១០ចំណែក ដល់សិស្សក្រីក្រសង្វាតរៀនសូត្រ សរុបទឹកប្រាក់ប្រមាណ២,៥១ពាន់លានដុង។ វរសេនីយ៍ឯកបម្រុង ផាមជីយ៉ុង នាយកសាខាសម្ព័ន្ធឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ពសុកត្រាំង ឱ្យដឹង៖ "ខណៈពេលផ្សព្វផ្សាយអនុវត្តសេវាទូរគមនាគមន៍នៅតំបន់ឆ្ងាយដាច់ស្រយាល សម្ព័ន្ធឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ព សង្កេតឃើញសិស្សានុសិស្សនៅមានការលំបាកច្រើនក្នុងការរៀនសូត្រ មានសិស្សជាច្រើនបោះបង់ការរៀនសូត្រព្រោះតែគ្រួសារក្រីក្រ ម្ល៉ោះហើយយើងខ្ញុំបានបង្កើតកម្មវិធី"ដើម្បីសិស្សសង្វាតរៀនសូត្រ"។ កម្មវិធីសំដៅលើកទឹកចិត្ត ជំនួយកម្លាំងដល់ប្អូនៗសិស្សានុសិស្សក្រីក្រឆ្លងកាត់ការលំបាក ដើម្បីមានឱកាសបន្តការសិក្សា។ រៀងរាល់ឆ្នាំ សម្ព័ន្ធឧស្សាហកម្ម- ទូរគមនាគមន៍កងទ័ព បានចំណាយទឹកប្រាក់២៦ពាន់លានដុង សម្រាប់ជូនអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រក្នុងទូទាំងប្រទេស អាហារូបករណ៍មួយចំណែកៗគឺទឹកប្រាក់១លានដុង"។
អាហារូបករណ៍នេះ បានរួមចំណែកជំរុញស្មារតី លើកទឹកចិត្តសិស្សានុសិស្សក្រីក្របន្តការសិក្សានិងសម្រេចស្នាដៃឆ្នើមក្នុងការរៀនសូត្រ។ ប្អូនត្រឹងថាញ់តាយ សិស្សថ្នាក់១២A១ សាលាមធ្យមសិក្សាចំណេះទូទៅដងវ៉ានតូ ស្រុកគូឡាវយ៉ុង ឱ្យដឹង៖ "គ្រួសារប្អូនក្រ ឪពុកម្តាយទៅធ្វើការឈ្នួល ម្ល៉ោះហើយពេលទទួលបានអាហារូបករណ៍នេះ ប្អូនត្រេកអរខ្លាំងណាស់។ អាហារូបករណ៍គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្អូន ញ៉ាំងឱ្យប្អូនមានទំនុកចិត្តឆ្លងកាត់លំបាកក្នុងជីវភាព បន្តការសិក្សាឱ្យបានល្អប្រសើរ សម្រេចបំណងប្រាថ្នាចូលរៀនមហាវិទ្យាល័យ"។
គ្រូបង្រៀនប្រជាជនឡឹមអែស ប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ឱ្យដឹង៖ "សម្ព័ន្ធឧស្សាហកម្ម - ទូរគមនាគមន៍កងទ័ព បានជួយសិស្ស និស្សិតក្រីក្រជាជនជាតិខ្មែរ នៅតំបន់ឆ្ងាយដាច់ស្រយាលរាប់ពាន់នាក់ មានលក្ខណសម្បត្តិបន្តការសិក្សា។ ដោយឡែកក្នុងឆ្នាំ២០១៩ សម្ព័ន្ធឧស្សាហកម្ម- ទូរគមនាគមន៍កងទ័ព បានជូនទឹកប្រាក់៤៣០លានដុងដល់មូលនិធិអាហារូបករណ៍របស់ខេត្ត។ ការរួមវិភាគទាននេះ បានជួយជំរុញស្មារតី បង្កជាកម្លាំងចលករដល់សិស្ស និស្សិតជាជនរួមជាតិខ្មែរ ដែលមានស្ថានភាពលំបាកបន្តការអនុវត្តបំណងប្រាថ្នាក្លាយជាបញ្ញវន្ត រួមចំណែកកសាងខេត្តសុកត្រាំងកាន់តែសម្បូររុងរឿង"៕
លីធាន - ថាច់ធី