ទោះបីប្រឈមមុខជាមួយនឹងភាពកង្វះខាត ឧបសគ្គជាច្រើនក្នុងជីវិត ប៉ុន្តែគ្រប់យ៉ាងមិនអាចធ្វើឲ្យបងបាក់ទឹកចិត្តនិងធ្លាក់ក្តីសង្ឃឹមឡើយ។ ផ្ទុយមកវិញ វាបានក្លាយជាកម្លាំងចលករ ញុាំងឲ្យបងស្រីមានការរឹងមាំជាង ដើម្បីឈោងឈានឡើងក្នុងជីវិត។ នោះគឺបងស្រីថាច់ធីហ្វាញ់ កើតឆ្នាំ១៩៨៨ នៅភូមិផ្នោកំបុត ឃុំហ្វាឡើយ ស្រុកចូវថាញ់ ខេត្តត្រាវិញ -ដែលពិការភ្នែកទាំងគូតាំងពីកំណើត ប៉ុន្តែមិនអាចបំបាក់នូវសេក្ដីសង្ឃឹមស្វែងរកអនាគតដ៏ភ្លឺស្វាងឡើយ។
បងស្រីថាច់ធីហ្វាញ់ ពិការភ្នែកតាំងពីតូច ប៉ុន្តែមានឆន្ទៈឈានឡើងក្នុងជីវភាព។
បងហ្វាញ់កើតមកក្នុងគ្រួសារក្រលំបាក។ ម្តាយបងគឺលោកយាយថាច់ធីញ័រ បានរៀបរាប់ប្រាប់ថា៖ “ហ្វាញ់គ្មានសំណាង ដូចបងស្រីនិងប្អូនស្រីរបស់វាទេ។ ព្រោះកើតមកភ្លាម រងពិការភ្នែកទាំងសងខាង កាលនោះ ជីវភាពគ្រួសារខ្ញុំសែនលំបាក ខ្វះមុខខ្វះក្រោយ អញ្ចឹងហើយគ្មានលុយកាក់ដើម្បីទៅព្យាបាលភ្នែកឲ្យកូនទេ”។
ទោះបីដូច្នោះក្តី តាំងពីតូចបងស្រីមានឆន្ទៈ រឹងមាំ ដើម្បីសម្របខ្លួនជាមួយនឹងជីវភាពប្រចាំថ្ងៃ។ បងស្រីបានចែករំលែក៖ “ ខ្លួនខ្ញុំកើតមករងការពិការ មិនដូចក្មេងៗដទៃទៀត។ ពេលខ្លះក៏តូចចិត្តនឹងវាសនាខ្លួនឯងដែរ ប៉ុន្តែធ្វើម្តេចបើគ្រួសារយើងក្រ! ម៉្យាងឪពុកម្តាយ បងស្រី និងប្អូនស្រី សព្វថ្ងៃតែងទៅពលកម្មហត់នឿយហើយ នូវតែខ្វះគ្រាន់ ព្រមទាំងឆ្លៀតពេលគិតគូរ មើលថែរខ្ញុំទៀត”។ ដោយឆាប់យល់សាច់ការ ម្ល៉ោះហើយតាំងពីតូច បងស្រីតែងថែទាំខ្លួនឯងផ្ទាល់។ កាន់តែធំកាន់តែដឹងក្តី បងស្រីមានឆន្ទៈឈានឡើងដោយខ្លួនឯង “គឺខ្លួនទីពឹងខ្លួន”។ “ឪពុក ម្តាយមួយថ្ងៃៗកាន់តែចាស់ នៅតែស៊ូទ្រាំនឿយហត់ធ្វើការងារឈ្នួល ពេលខ្លះចាកពីស្រុកកំណើតទៅស៊ីឈ្នួលនៅស្រុកគេ។ រីឯបងស្រី និងប្អូនស្រីក៏មានគ្រួសាររៀងៗខ្លួន ហេតុនេះ ខ្លួនយើងមិនគិតគូរឲ្យខ្លូនយើង តើមានអ្នកណាគេគិតគូរឲ្យ” បងហ្វាញ់បានបង្ហើបឲ្យដឹងដូច្នេះ។
ដោយសារហេតុនេះ បងស្រីបានទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារធ្វើសម្រាប់ជនពិការនៅក្រុងត្រាវិញ។ នៅទីនេះ ដោយការខ្នះខ្នែង ប្រឹងប្រែងរបស់ខ្លួន ព្រមទាំងការយកចិត្តទុកដាក់ណែនាំអស់ពីចិត្តនៃលោកគ្រូ អ្នកគ្រូ បងក៏រៀនបានសម្រេចវគ្គសិក្សា មុខរបរMassage ក្នុងរយៈពេល៦ខែ។ បងហ្វាញ់ បានប្រាប់ថា៖ “ មុខរបរ Massage នេះ រួមដំណើរជាមួយខ្ញុំបាន៨ឆ្នាំហើយ។ ក្នុងអំឡុងពេលនេះ ជួនកាលទៅទីនេះជួនកាលទៅទីទីនោះ ម្តងក្រុងកឹងធើ ម្តងប៊ិញយឿង ពេលខ្លះទៅគៀងយ៉ាង ដោយសារតែប្រាក់ចំណូលមិនលំនឹង ប៉ុន្តែក៏ជួយឲ្យខ្ញុំអាចចិញ្ចឹមខ្លួនឯងបាន”។
នាពេលដែលបងព្រួយបារម្ភយ៉ាងខ្លាំងអំពីខ្សែជីវិតនាអនាគត ភព្វព្រេងវាសនាបានជម្រុញ ឲ្យបងស្រីបានជួបនឹងបងសើុងភឿង កើតឆ្នាំ១៩៨០។ បងភឿងក៏ជាអ្នកពិការភ្នែក ហើយក៏ប្រកបមុខរបរ Massage ម្ល៉ោះហើយក៏មានការរាប់អាន យោគយល់គ្នា មានបំណងថែរក្សាគ្នាទៅវិញទៅមកអស់មួយជីវិត អ្នកទាំងពីរបានរៀបការកាលពីឆ្នាំ២០១៨។ បច្ចុប្បន្ន គ្រួសាររបស់អ្នកទាំងពីរពោរពេញទៅដោយសុភមង្គល ត្បិតជិតសម្រាលកូនច្បង។ល។ “ ខ្ញុំជិតដល់ថ្ងៃសម្រាលកូន ហេតុដូច្នេះខ្ញុំនៅផ្ទះគិតគូរបាយទឹកប្រាក់ចាយវាយរយៈពេលនេះគឺប្តីខ្ញុំជាអ្នករក។ ទោះបីដឹងថានៅមានការលំបាកជាច្រើន ប៉ុន្តែប្តីប្រពន្ធខ្ញុំនឹងស្រុះចិត្តគំនិតគ្នាឆ្លងកាត់ ដើម្បីមិនក្លាយជាបន្ទុកធ្ងន់របស់គ្រួសារ និងសង្គមឡើយ” -បងហ្វាញ់បានឲ្យដឹងដូច្នេះ៕
អៀងខ្វា