សារមន្ទីរសព្វាវុធបុរាណវុងតាវ ត្រូវបានកសាងនៅឆ្នាំ២០១២ ក្នុងបរិវេណភូមិគ្រឹះលេខ ៩៨ វិថីត្រឹងហឹងដាវ សង្កាត់ទី១ ក្រុងវុងតាវ ខេត្តបារៀ-វុងតាវ។ នេះជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ពេលភ្ញៀវទេសចរមកដល់ទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាតវុងតាវ។
វត្ថុតាំងមួយចំនួននៅសារមន្ទីរសព្វាវុធបុរាណវុងតាវ។
សារមន្ទីរសព្វាវុធបុរាណត្រូវបានសាងសង់ឡើងដោយលោក Robert Taylor ជាជនជាតិបារាំង ហើយនៅទីនេះនៅមានឈ្មោះថា សារមន្ទីរសព្វាវុធបុរាណ Robert Taylor។ ម្ចាស់សារមន្ទីរមានការស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង ជាមួយនឹងការប្រមែប្រមូលវត្ថុតាំងដ៏កម្រ ទើបគាត់ចំណាយប្រាក់ផ្ទាល់ខ្លួនវិនិយោគសាងសង់សារមន្ទីរនេះ។ ហេតុនោះ ក្នុងដំណាក់ការអនុវត្តលោក Robert Taylor ក៏បានជួបការលំបាកផ្នែកខាងហិរញ្ញវត្ថុ និងលំបាករកប្រភពប្រមែប្រមូលវត្ថុបុរាណ ប៉ុន្តែ គាត់នៅតែព្យាយាមរហូតដល់បានសម្រេចជោគជ័យ។ បច្ចុប្បន្ន សារមន្ទីរនេះបានដាក់តាំងនូវគ្រឿងសព្វាវុធលើពិភពលោក តាំងពីសម័យដើមដល់សម័យទំនើបប្រមាណជាង៣.០០០មុខ មានដូច៖ ឯកសណ្ឋានទ័ពអង់គ្លេស បារាំង ហូឡង់ អាឡឺម៉ង់ រុស្សុី ពីសតវត្សទី១៧ដល់សតវត្សទី២០ សម្លៀកបំពាក់សម័យដើមរបស់ជប៉ុន ចិននិងរ៉ូមុាំង សព្វាវុធរជ្ជកាល Napoleon...។
សារមន្ទីរសាងសង់ក្នុងបរិវេណភូមិគ្រឹះបុរាណ តាមស្ថាបត្យកម្មបារាំង ត្រូវបានបែងចែកជាដំណាក់កាលផ្សេងៗគ្នា ដើម្បីភ្ញៀវទេសចរ អាចស្រមៃពីដំណើរការនៃការអភិវឌ្ឍសព្វាវុធ បុរាណគ្រប់ប្រភេទ។ រាល់បន្ទប់ដាក់តាំងវត្ថុទាំងនេះ ភ្ញៀវទេសចរនឹងបានមគ្គុទេ្ទសក៍ណែនាំទស្សនាតាមលំដាប់លំដោយ ដើម្បីងាយស្រួលស្រមៃឃើញទៅតាមដំណាក់កាលនីមួយៗ។ នៅដំណាក់កាលសម័យបុរាណ សព្វាវុធសម័យដើម ដូចជាធ្នូ ស្នា ដាវ លំពែង និងចំពុះទុងជាដើម។ នេះគឺជាអាវុធឆ្នើមក្នុងរជ្ជកាលរាជាណាចក្ររ៉ូមុាំង រួមមានទាំងអាវក្រោះនិងមួកការពារ។ ដំណាក់កាលយុគៈ កណ្តាលប្រព័ន្ធសព្វាវុធបានកែលម្អ ដាវ កាំភ្លើង ត្រូវបានដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗក្នុងការធ្វើសឹកសង្គ្រាម។ នៅជាន់ខាងលើ ភ្ញៀវទេសចរនឹងបានស្វែងយល់ពីប្រព័ន្ធអាវុធក្នុងរជ្ជកាល Napoleon Bonaparte ។ ការធ្វើសឹកសង្គ្រាមរបស់ស្តេចអង្គនេះ គឺជុំវិញដែនដីអឺរ៉ុប។ មានសម្លៀកបំពាក់កងពលស្តេចទ័ពសេះឬពលទាហាននៃប្រទេសជឿនលឿនជាច្រើននៅអឺរ៉ុប។ ជាពិសេស សារមន្ទីរសព្វាវុធបុរាណនៅវុងតាវ ក៏មានមណ្ឌលដាច់ដោយឡែកសម្រាប់ដាក់តាំងកាំភ្លើង។ នៅក្នុងបន្ទប់ដាក់តាំងវត្ថុសម័យទំនើប សម្លៀកបំពាក់និងអាវុធដែលបានប្រមែប្រមូលភាគច្រើនគឺរបស់កងទ័ពអូស្ត្រាលី។ ជាមួយនឹងប្រព័ន្ធសព្វាវុធទំនើបជាង ចាប់ពីកងទ័ពអាកាសកងទ័ពថ្មើរ ជើងរហូតដល់កងទ័ពជើងទឹក។ល។
សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តស្វែងយល់ពីអាវុធគ្រប់ប្រភេទ នេះគឺគោលដៅទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍ ដើម្បីយល់ដឹងពីសព្វាវុធបុរាណ ចាប់ពីសាមញ្ញរហូតដល់សម័យទំនើប៕
ហាថាញ-មុនី