កីឡា - ទេសចរណ៍ ទេសចរណ៍

07/05/2024 - 08:24

វិហារ​ក្វាង​ថាញ

វិហារ​ក្វាង​ថាញ គឺ​ជា​ទីតាំង​ទេស​ចរណ៍​បែប​ជំ​នឿ​សាសនា​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ពេល​មក​កាន់​ហា​ណូយ។ ពី​ព្រោះ​ទីនេះ​គឺ​ជា​វិហារ​មួយ​ក្នុង​ចំ​ណោម​វិហារ​ដ៏សក្តិ​សិទ្ធិ​ទាំង​៤ ការ​ពារ​ព្រះ​រាជ​វាំង ថាំង​ឡុង ដែល​ជា​និមិត្ត​រូប​នៃ​វប្បធម៌​បែប​ជំ​នឿ​សាសនា​របស់​រាជ​ធានី​បុរាណ។

រូប​ភាព​មួយ​ចំនួន​នៃ​វិហារ​ក្វាង​ថាញ។

វិហារ​ក្វាង​ថាញ នៅ​មាន​ឈ្មោះ​ហៅ​ថា វិហារ​ត្រឹង​វ៉ូវ ស្ថិត​នៅ​ត្រង់​ជ្រុង​ផ្លូវ​ថាញ​នៀង និង​ក្រុង​ក្វាង​ថាញ បែរ​មុខ​ឆ្ពោះ​ទៅ​បឹង ហូតី។ តាម​កំ​ណត់​ត្រា​សិលា​ចារិក វិហារ​ក្វាង ថាញ មាន​ឈ្មោះ​ពិត​ថា ត្រឹង​វ៉ូវ​ក្វាង ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជ​កាល​ស្តេច លី​ថាយ​តោ (ក្នុង​ឆ្នាំ​១០១០ ដល់​ឆ្នាំ​១០២៨) គោ​រព​បូជា​ថាញ ហ្វៀង​ថៀង​ត្រឹងវ៉ូវ  ដែល​ជា​ព្រះ​អា​ទិទេព​មួយ​អង្គ​ក្នុង​ចំ​ណោម​អា​ទិទេព​ទាំង​បួន​អង្គ​ការ​ពារ​ទិស​ទាំង​បួន​នៃ​រាជ​វាំង​ថាំង​ឡុង។ វិហារ​ក្វាង​ថាញ រក្សា​ការ​ពារ​នៅ​ទិស​ខាង​ជើង។ វិហារ​នេះ​ត្រូវ​បាន​ជួស​ជុល​ឡើងវិញ​ជា​ច្រើន​សា លុះ​ដល់​ឆ្នាំ​១៩៦២ បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រវត្តិ​សាស្ត្រ​ថ្នាក់​ជាតិ ដោយ​មាន​តម្លៃ​ប្រវត្តិ​សាស្រ្ត វប្ប​ធម៌ និង​ជំ​នឿ​សាសនា​ជា​ច្រើន​ត្រូវ​បាន​អភិរក្ស។

បច្ចុប្បន្ន វិហារ​ក្វាង​ថាញ នៅ​តែ​ជា​កន្លែង​ដែល​សកម្ម​ភាព​ជំ​នឿសាសនា វប្ប​ធម៌ របស់​ប្រ​ជា​ជន​ហា​ណូយ​ដដែល។ ក្នុង​ឱកាស​និទាឃ​រដូវ ភ្ញៀវ​ទេស​ចរ​តែង​មក​បន់​ស្រន់​សុំ​សេចក្តី​សុខ ពី​ព្រោះ​តម្លៃ​នៃ​ជំ​នឿ​បាន​ដក់​ជាប់​ក្នុង​ចិត្ត​ប្រ​ជា​ជន​ហា​ណូយ​និយាយ​ដោយ​ឡែក​និង​ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស​និយាយ​រួម។ ដ្បិត​តម្លៃ​នៃ​ជំ​នឿ​មាន​អត្ថន័យ​ដ៏​ពិសិដ្ឋ​ក្នុង​ការ​ការ​ពារ​ភាព​សុខ​សាន្ត​ដល់​ប្រ​ជា​ជន​ដែល​អា​ទិទេព​ថាញ​វ៉ូវ​បាន​នាំ​មក រួច​ក៏​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរបរ​ទេស​ជា​ច្រើន​មក​ស្វែង​យល់​ផង​ដែរ។ នៅ​ទីនេះ​នៅ​ទាំង​មាន​ភាព​ល្បី​ល្បាញ​ដោយ​ស្ថាបត្យ​កម្ម​ដ៏​ពិសេស និង​រូប​សំ​ណាក​សាង​ពី​ស្ពាន់​ដ៏​ប្រ​ណិត​ជា​ច្រើន​ផង​ដែរ បង្ហាញ​ពី​លក្ខណ​សិល្បៈ​តឹង​រុឹង​និង​ទន់​ភ្លន់​របស់​សាសនា​តាវ ដែល​ជា​សម្បត្តិ​ជាតិ។ លេច​ធ្លោ​បំផុត​គឺ​រូប​សំ​ណាក​ក្វាង​ត្រឹង​វ៉ូវ ត្រូវ​បាន​សិត​ឡើង​នៅ​ឆ្នាំ ១៦៧៧ មាន​ទម្ងន់​៤​តោន គួរ​គោ​រព​និង​ស្ញប់​ស្ញែង ប៉ុន្តែ​មាន​ភាព​ស្និទ្ធ​ស្នាល។ ជា​មួយ​នឹង​ទីតាំង​ដីដ៏​ល្អ មាន​ដើម​ឈើធំៗ​ជា​ច្រើន​បរិយា​កាស​នៅ​ទីនេះ​មាន​ភាព​បុរម​បុរាណ​ស្រ​ឡះស្រ​ឡំ​ជា​ទីគោ​រព ម្ល៉ោះ​ហើយ​វិហារ​ក្វាង​ថាញ តែង​ជា​គោល​ដៅ​មិន​អាច​ខ្វះ​បានពេល​ភ្ញៀវ​ទេស​ចរ​មក​កាន់​ហា​ណូយ។

មក​កាន់​ទី​នេះ ភ្ញៀវ​ទេស​ចរ​នឹង​បាន​ស្តាប់​រឿង​និទាន​ជា​ច្រើន​អំពី​វិហារ​នេះ។ នោះ​គឺ​ពេលដែល​អា​ទិទេព​ត្រឹង​វ៉ូវ កម្ចាត់​ព្រាយ​បិសាច ការ​ពារ​អ្នក​ភូមិ និង​រឿង​ព្រេង​អំពី​កម្ចាត់​បិសាច​កញ្ជ្រោង​កន្ទុយ​ប្រាំ​បួន។ល។ ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ ប្រ​ជា​ជន​បាន​សង់​វិហារ​មួយ​គោ​រព​បូជា​អា​ទិទេព​នៅ​ត្រង់​វិហារ​ដែល​គាត់​ប្រតិ​បត្តិ​ធម៌ រួច​ដាក់​ឈ្មោះ​ថា ត្រឹង​វ៉ូវ​ក្វាង។ ជា​មួយ​នឹង​ដំ​ណើរ​ការ​ប្រវត្តិ​សាស្ត្រ​រាប់​ពាន់​ឆ្នាំ វិហារ​ក្វាង​ថាញ​ក៏​បាន​បញ្ចូល​ទៅ​ក្នុង​បទចម្រៀង​ប្រ​ជា​ប្រិយ​ផង​ដែរ៖ “ខ្យល់​បក់​មែក​ឫស្សី​រេរាំ។ សំ​ឡេង​ជួង​ត្រឹង​វ៉ូវ មាន់​រងាវ​ថ-សឿង។ សំ​ឡេងជួង​ត្រឹង​វ៉ូវ គឺ​ជា​សូរសំ​ឡេង​ជួង​បន្លឺ​ឡើង​ពីវិហារ​ក្វាង​ថាញ​នោះ​ឯង”៕

                                        ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ