ក្នុងនិន្នាការអភិវឌ្ឍន៍ទេសចរណ៍បៃតងនិងទេសចរណ៍ឆ្លងកាត់បទពិសោធន៍ ផុកម៉ាងឡូវ Farmstay នៅអនុសង្កាត់ក្រសាំង សង្កាត់វិញចូវ ក្រុងកឹងធើ ក្លាយជាទម្រង់គំរូដោយមានការរួមផ្សំសមស្របរវាងផ្នែកកសិកម្មនិងទេសចរណ៍ជនបទ ...។

ភ្ញៀវទេសចរមកទស្សនានិងថតរូបនៅ Farmstay។ រូបថត៖ ហុងតើ
ផុកម៉ាងឡូវ Farmstay គឺជាការប្ដេជ្ញាចិត្តរបស់បងត្រឿងង៉ុកអឹង - នាយកសហករណ៍ កសិផលស្អាតផុងភូ (សង្កាត់វិញចូវ ក្រុងកឹងធើ)។ ជាជនជាតិខ្មែររស់នៅអនុសង្កាត់ ៣ សង្កាត់វិញចូវ បងអឹងបានបណ្ដុះគំនិតកសាងទម្រង់ទេសចរណ៍កសិកម្មជាយូរឆ្នាំមកហើយ។
បងត្រឿងង៉ុកអឹង ឱ្យដឹង៖ “ខ្ញុំចង់កសាងបរិស្ថាន បៃតងមួយ - ជាកន្លែងដែលអ្នកទាំងឡាយមិនត្រឹមតែមកដើម្បីទស្សនាថតរូបកម្សាន្តប៉ុណ្ណោះទេ ថែមទាំងអាចចូលរួមដាំដើមឈើប្រមូលផល បានយល់ច្បាស់ពីតម្លៃកសិផលស្អាតនៅនឹងចម្ការតែម្តង។ ខ្ញុំចាប់ផ្តើមដាំស្វាយ ជម្ពូរ ទំពាំង បាយជូរ ឈូកនិងពពួកវល្លិជាតិជាច្រើនប្រភេទសម្រាប់តុបតែងលម្អ រួមជាមួយនឹងដំណាំរួមផ្សំដែលមានលក្ខណៈពិសេស ដូច៖ ខ្ទឹមក្រហម ម្ទេសស្នែង ស្ពៃមើម...។ គោលដៅរបស់ខ្ញុំគឺ ដើម្បីអភិវឌ្ឍទម្រង់គួបផ្សំរវាងបទពិសោធន៍កសិកម្មនិងទេសចរណ៍បៃតង ដើម្បីអ្នកប្រើប្រាស់បានខិតជិតនឹងផលិតផលក្នុងស្រុក ទន្ទឹមនឹងនោះ បង្កើតការងារធ្វើបន្ថែមដល់ប្រជាជន”។

ភ្ញៀវទេសចរពិសាភេសជ្ជៈនៅ Farmstay។ រូបថត៖ ហុងតើ
ជាមួយនឹងផ្ទៃដី ២ ហិកតា ផុកម៉ាងឡូវ Farmstay មានទីតាំងនៅក្នុងបរិវេណនៃសហករណ៍កសិផលស្អាតផុងភូ ដោយជំនាញដាំដំណាំរួមផ្សំតាមរដូវកាល។ ក្នុងនោះ មានម្ទេស ខ្ទឹមក្រហមនិងស្ពៃមើមជាដើម។ ភ្ញៀវទេសចរមកទីនេះ មិនត្រឹមតែបានទស្សនាសួនបន្លែបៃតងស្រស់ខ្ចីប៉ុណ្ណោះទេ ថែមទាំងមានឱកាសចូលរួមក្នុងការដាំ ថែទាំដំណាំនិងប្រមូលផលកសិផលនៅក្នុងចម្ការទៀតផង។
ទន្ទឹមនឹងសកម្មភាពកសិកម្ម ផុកម៉ាងឡូវ នៅទាំងរចនាប្លង់ទេសភាពតូចៗដែលមានភាពជិតដិត ពោរពេញដោយលក្ខណៈពិសេសនៃតំបន់ជនបទភាគខាងលិច។ ក្រៅពីនេះ ភ្ញៀវទេសចរអាចសាកភ្លក់រសជាតិមុខម្ហូបប្រពៃណី ភេសជ្ជៈស្រស់ឆ្ងាញ់ដែលច្នៃពីគ្រឿងផ្សំស្អាតនៅក្នុងចម្ការ។ អាស្រ័យហេតុនេះ កន្លែងនេះទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ជាពិសេសចំពោះអ្នកដែលចូលចិត្តលំហែអារម្មណ៍ ហើយនឹករលឹកដល់វ័យកុមារជំនាន់ ៧x, ៨x...។
បងស៊ើងក្វឹង ជាអ្នកទេសចរមកពីឃុំត្រឹងដេ បានមកឆ្លងកាត់បទពិសោធន៍ ឱ្យដឹង៖ “លើកដំបូងមកផុកម៉ាងឡូវ ខ្ញុំពិតជាចាប់អារម្មណ៍នឹងទីធ្លាធំទូលាយ ស្រឡះស្រឡំ និងភាពស្ងប់ស្ងាត់នៃទីនេះ។ ចំពោះរូបភាពដែលធ្លាប់ស្គាល់ដូចជាសួនបន្លែ ស្រះឈូក និងហាងកាហ្វេជនបទ ធ្វើឱ្យខ្ញុំនឹកស្រណោះដល់វ័យកុមារ។ នេះពិតជាគោលដៅដ៏ល្អសម្រាប់គ្រួសារដែលបង់ស្វែងរកកន្លែងសម្រាកលំហែកាយនៅថ្ងៃចុងសប្តាហ៍”។
ចាប់ពីខែតុលា ឆ្នាំ ២០២៤ មកដល់បច្ចុប្បន្ន ផុកម៉ាងឡូវ Farmstay ទាក់ទាញភ្ញៀវទេសចរជាង ៣០.០០០លើកនាក់។ នាពេលខាងមុខ បងត្រឿងង៉ុកអឹង គ្រោងនឹងកសាងតំបន់សម្រាកលំហែកាយបន្ថែមទៀតដែលមានស្ថាបត្យកម្មប្លែកពីគេ ផ្តើមចេញពីខ្ទឹមក្រហម ស្ពៃមើម – ជាផលិតផលដែលមានលក្ខណៈពិសេសរបស់ភូមិភាគ។ ប្រការនេះសន្យាថា ផុកម៉ាងឡូវ Farmstay អាចនឹងជាកន្លែងសំចតដ៏ទាកទាញអារម្មណ៍ មួយ - ភ្ញៀវទេសចរអាចនឹងបានស្រូបយកខ្យល់អាកាសបរិសុទ្ធនិងឆ្លងកាត់បទពិសោធន៍ជីវភាពជនបទពិតប្រាកដ៕
អត្ថបទនិងរូប៖ ហុងតើ - ប្រែសម្រួល៖ ទីទុយ