ក្នុងដំណើរទេសចរនៅខេត្តនិញប៊ិញ មានតំបន់ទេសចរណ៍ជាច្រើនដែលគួរឱ្យចងចាំ ប៉ុន្តែមានមួយកន្លែងដែលញុាំងឱ្យភ្ញៀវទេសចរនឹកស្រណោះជានិច្ច នោះគឺមណ្ឌលទេសចរណ៍ “បាក់ម៉ូងត្វ័រធឿក”។
![នឹកដល់ "បាក់ម៉ូងត្វ័រធឿក"](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/81.jpg)
ខ្លោងទ្វារចូលវិហារក្សត្រឌិញតៀងហ្វាង។
“បាក់ម៉ូងត្វ័រធឿក” គឺជាពាក្យពេចន៍បួនម៉ាត់នៅលើខ្លោងទ្វារវិហារក្សត្រឌិញតៀងហ្វាង ក្នុងរមណីយដ្ឋានរាជធានីបុរាណហ្វាលឺ ខេត្តនិញប៊ិញ។ នោះគឺចំណាប់អារម្មណ៍ដំបូងពេលភ្ញៀវទេសចរឈានចូលបរិវេណខាងក្នុង។ ពាក្យបួនម៉ាត់យ៉ាងសាមញ្ញ ប៉ុន្តែ មានអត្ថន័យជ្រាលជ្រៅ ទាំងអត្ថានុរូបនិងអត្ថាបដិរូប។ តំបន់ដីសាងសង់វិហារធ្លាប់ជាកន្លែង ដែលព្រះរាជកុមារខ្សែរាជវង្សឌិញ លើកទង់ផ្កា ត្រែងធ្វើកុបកម្ម។ តាំងពីដើម កន្លែងនេះគឺជាតំបន់ដែលគ្របដណ្ដប់ដោយដើមត្រែង ដើមបបុស ដុះដេរដាសនិងមានភ្នំជាច្រើន។ តំបន់នេះ អាកាសធាតុមិនសូវអំណោយផល។ ពិបាកបំផុតគឺពេលខ្យល់រដូវពីទិសឦសានបក់មកត្រជាក់ស្រិប។ ហេតុដូច្នេះ ន័យអត្ថានុរូបនៃពាក្យទាំង ៤ ខាងលើ គឺបំបាំងខ្យល់ពីទិសខាងជើង។ ចំណែកន័យអត្ថាបដិរូប ស្របនឹងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំក្នុងការប្រឆាំងសត្រូវភាគខាងជើងរបស់ប្រជាជាតិយើង។ ខ្លោងទ្វារមួយតូចមានអក្សរសាមញ្ញ ៤ ពាក្យ ញុាំងឱ្យភ្ញៀវទេសចរមានមោទនភាពនិងរំភើបចិត្តចំពោះការឈ្លាសវៃរបស់បុព្វបុរសយើងតាំងពីរាប់ពាន់ឆ្នាំមុន។
![នឹកដល់ "បាក់ម៉ូងត្វ័រធឿក"](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/82.jpg)
![នឹកដល់ "បាក់ម៉ូងត្វ័រធឿក"](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/83.jpg)
ក្រឡាបន្ទំរបស់មហាក្សត្រឌិញ។
![នឹកដល់ "បាក់ម៉ូងត្វ័រធឿក"](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/84.jpg)
![នឹកដល់ "បាក់ម៉ូងត្វ័រធឿក"](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/85.jpg)
![នឹកដល់ "បាក់ម៉ូងត្វ័រធឿក"](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/86.jpg)
រូបភាពមួយចំនួនក្នុងបរិវេណនៃវិហារ។
វិហារក្សត្រឌិញតៀងហ្វាង ស្ថិតក្នុងរមណីយដ្ឋាននៃរាជធានីបុរាណហ្វាលឺ គឺជាផ្នែកមួយនៃបេតិកភ័ណ្ឌពិភពលោកត្រាងអាង។ នេះជាតំបន់ដ៏ពិសេស ពីព្រោះជាតំបន់ភ្នំលិចទឹកលាយឡំនឹងតំបន់វាលទំនាប។ អាស្រ័យដោយលក្ខណៈធម្មជាតិទាំងនេះ ជួយឱ្យក្សត្រឌិញតៀងហ្វាង ទទួលបានជោគជ័យក្នុងការលើកទ័ពក្រោកឡើងតស៊ូ។ កន្លែងនេះក៏ធ្លាប់ជារាជធានីរបស់មហាក្សត្រឌិញ មហាក្សត្រឡេ និងមហាក្សត្រលី (មុននឹងប្តូររាជធានីមកថាំងឡុង) ក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម។
វិហារក្សត្រឌិញ គឺជាកេរដំណែលដ៏សំខាន់ស្ថិតក្នុងតំបន់ការពារពិសេសក្នុងប្រព័ន្ធរាជធានីបុរាណហ្វាលឺនៅឃុំទ្រឿងអៀង ក្រុងហ្វាលឺ ខេត្តនិញប៊ិញ។ វិហារនេះបានកសាងឡើងក្នុងសតវត្សរ៍ទី ១៧ ហើយជាវិហារមួយស្ថិតក្នុងចំណោមសំណង់ដ៏ល្បីទាំង ១០០ ដែលមានអាយុកាល ១០០ ឆ្នាំនៅវៀតណាម។ បច្ចុប្បន្ន វិហារត្រូវបានថែរក្សាដូចសភាពដើម ក្នុងនោះ មានខ្លោងទ្វារ ផ្លូវដើរ បឹងអឌ្ឍចន្ទ ដើមឈើធំៗនិងវត្ថុបុរាណជាច្រើនដែលអាយុកាលជាងរយឆ្នាំ ដូចជា៖ ផើងជើងធូបធ្វើពីថ្ម ដាក់លើជើងទម្រផែនថ្ម ក្រឡា បន្ទំសាងពីថ្មមានឆ្លាក់ក្បូរក្បាច់ជុំវិញ។ ជាពិសេស លើផ្ទៃក្រឡាបន្ទំឆ្លាក់រូបនាគដ៏ប្រណីតមានជើងដូចជាបាទដៃនារី នៅវៀតណាមគ្មានរូបនាគណាអាចប្រៀបផ្ទឹមបាន។ បរិយាកាសវិហារស្រឡះស្រឡំ ត្រូវបានរៀបចំតាក់តែងដោយផ្ចិតផ្ចង់។
នៅខាងក្រោយក្រឡាបន្ទំគឺជាវិហារក្សត្រឌិញ ជាទីសក្កាបូជាមានលក្ខណៈដ៏ពិសិដ្ឋ។ ខាងក្រោយទីសក្កាបូជា គឺជាកន្លែងគោរពបូជាមាតាបិតា វង្សត្រកូលស្តេច។ វិហារក្សត្រឌិញតៀងហ្វាង ត្រូវបានអង្គការ Unesco ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោកក្នុងប្រជុំបេតិកភ័ណ្ឌពិភពលោកត្រាងអាង នៅឆ្នាំ ២០១៤៕
ហាថាញ-មុនី