អនុវត្តតាមការប្រៀនប្រដៅរបស់លោកប្រធាន ហូជីមិញ “គ្រូពេទ្យប្រៀបដូចជាវិសុទ្ធមាតា” វេជ្ជបណ្ឌិត លី មិញហ្វា នាយកស្តីទីដំណាក់សុខាភិបាលឃុំថាញ់ថើយអាង ទីក្រុងកឹងធើ តែងតែជិតស្និទ្ធ និងលះបង់អស់ពីកម្លាំងកាយចិត្តក្នុងការថែទាំសុខភាពជូនប្រជាជន។ ស្មារតីទទួលខុសត្រូវ និងការលះបង់របស់វេជ្ជបណ្ឌិតជនជាតិខ្មែររូបនេះ បានរួមចំណែកបង្កទំនុកចិត្ត ដើម្បីឱ្យមាមីងនៅភូមិស្រុកស្ងប់ចិត្តពេលមកពិនិត្យ និងព្យាបាលជំងឺ។

វេជ្ជបណ្ឌិត លី មិញហ្វា នាយកស្តីទីដំណាក់សុខាភិបាលឃុំថាញ់ថើយអាង អស់ពីចិត្តនៅដំណាក់សុខាភិបាលមូលដ្ឋាន។
កើតឆ្នាំ ១៩៨៥ វេជ្ជបណ្ឌិត លី មិញហ្វា បានចាប់ផ្តើមឈានជើងចូលទៅក្នុងអាជីពសុខាភិបាលចាប់ពីឆ្នាំ ២០០៧។ ជិត ២០ ឆ្នាំបម្រើការងារ គឺជាដំណើរយ៉ាងស្វិតស្វាញផ្សារភ្ជាប់ជាមួយនឹងបណ្តាញសុខាភិបាលជួរមុខ។ ចាប់ពីដំណាក់សុខាភិបាលឃុំថាញ់ថើយអាង (ចាស់) ដំណាក់សុខាភិបាលវៀងអាង វៀងបិញ រហូតដល់មជ្ឈមណ្ឌលសុខាភិបាលស្រុកត្រឹងដេ វេជ្ជបណ្ឌិត ហ្វា តែងតែត្រៀមខ្លួនជាស្រេចទទួលភារកិច្ចនៅតាមទីកន្លែងដែលប្រជាជនត្រូវការ។ ពេលបានចាត់កាន់តំណែងជានាយកស្តីទីដំណាក់សុខាភិបាលឃុំថាញ់ថើយអាង លោកបន្តពង្រីកសមត្ថភាព និងស្មារតីគំរូរបស់កម្មាភិបាល បក្ខជនមួយរូប។
នៅក្នុងអង្គភាពមានកម្មាភិបាលសុខាភិបាលចំនួន ១៧ រូប វេជ្ជបណ្ឌិត លី មិញហ្វា តែងតែជាស្នូលនៃភាពសាមគ្គី កសាងសមូហភាពរឹងមាំទាំងខាងជំនាញផង ទាំងក្រមសីលធម៌គ្រូពេទ្យផង។ គិតតាំងពីដើមឆ្នាំមកទល់បច្ចុប្បន្ន ដំណាក់បានទទួលប្រជាជនប្រមាណ ៤.០០០ លើកនាក់មកពិនិត្យ និងព្យាបាលជំងឺ។ ចំពោះករណីណាដែលហួសពីសមត្ថភាពជំនាញ ដំណាក់រក្សាបន្តនីតិវិធីសង្គ្រោះដំបូង តាមដាន និងបញ្ជូនទៅកាន់មន្ទីរពេទ្យថ្នាក់លើដោយសុវត្ថិភាពជាមធ្យមប្រមាណ ៥០ ករណីក្នុងមួយខែៗ ដោយមិនទុកឱ្យកើតមានកំហុសឆ្គងខាងវេជ្ជសាស្ត្រឡើយ។
ចំពោះវេជ្ជបណ្ឌិត ហ្វា ធ្វើការនៅដំណាក់សុខាភិបាលឃុំ មិនមែនត្រឹមតែជាសកម្មភាពពិនិត្យជំងឺ និងចេញវេជ្ជបញ្ជាប៉ុណ្ណោះទេ ប៉ុន្តែចំណុចស្នូលគឺដំណើរការបង្កនូវទំនុកចិត្តក្នុងប្រជាជន។ “ធ្វើការងារសុខាភិបាលមូលដ្ឋាន គឺត្រូវជិតស្និទ្ធនឹងប្រជាជន យល់ពីប្រជាជន និងស្ដាប់ប្រជាជន។ ពេលមាមីងទុកចិត្តមកពិនិត្យជំងឺ យើងត្រូវខិតខំធ្វើឱ្យបានល្អបំផុតតាមសមត្ថភាពជំនាញ ព្រមទាំងផ្តល់ប្រឹក្សា ណែនាំដើម្បីឱ្យអ្នកជំងឺយល់និងសហការព្យាបាល” - វេជ្ជបណ្ឌិត ហ្វា បានចែករំលែក។
ចំណុចលេចធ្លោរមួយក្នុងការងារសុខាភិបាលលើភូមិឋានថាញ់ថើយអាង គឺអត្រាគ្របដណ្តប់ប័ណ្ណធានារ៉ាប់រងសុខាភិបាល បច្ចុប្បន្នសម្រេចបាន ១០០%។ លទ្ធផលនេះ គឺផ្តើមចេញពីដំណើរការព្យាយាមផ្សព្វផ្សាយ និងចលនារបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ ក្នុងនោះមានតួនាទីយ៉ាងសកម្មរបស់កងជួរកម្មាភិបាលសុខាភិបាលមូលដ្ឋាន ដែលវេជ្ជបណ្ឌិត ហ្វា គឺជាកត្តាគំរូ។
ដោយយល់អំពីស្ថានភាពរបស់គ្រួសារជនរួមជាតិខ្មែរជាច្រើនដែលមានការលំបាកខាងសេដ្ឋកិច្ច វេជ្ជបណ្ឌិត ហ្វា តែងចាត់ទុកប័ណ្ណធានារ៉ាប់រងសុខាភិបាលប្រៀបដូចជា “អាវពោងសង្គ្រោះជីវិត”។ វេជ្ជបណ្ឌិតតែងតែវិភាគជាប្រចាំដើម្បីឱ្យប្រជាជនយល់ច្បាស់អំពីផលប្រយោជន៍ពេលចូលរួមធានារ៉ាប់រងសុខាភិបាល តាំងពីការបានខិតជិតថ្នាំសង្កូវ បច្ចេកទេសព្យាបាលមូលដ្ឋានដោយឥតគិតថ្លៃ ឬចំណាយទាបបំផុត រហូតដល់ការជួយឧបត្ថម្ភទាន់ពេលនូវពេលត្រូវបញ្ជូនទៅព្យាបាលនៅថ្នាក់លើ។ អាស្រ័យហេតុនេះ មាមីងលែងបារម្ភពីរឿងអស់ប្រាក់ច្រើន ហើយម្ចាស់ការមកពិនិត្យសុខភាពតាមកាលកំណត់ បណ្តាជំងឺរ៉ាំរ៉ៃដូច៖ លើសសម្ពាធឈាម បេះដូង ទឹកនោមផ្អែម រួមចំណែកលើកកម្ពស់គុណភាពការរស់នៅជូនប្រជាជន។ ទន្ទឹមនឹងនោះ លោកគ្រូពេទ្យខ្មែររូបនេះ នៅទាំងបានសកម្មបញ្ជូលការណែនាំបង្ការជំងឺតាមរដូវ អនុវត្តសុវត្ថិភាពអនាម័យម្ហូបអាហារ ចាក់ថ្នាំបង្ការបើកទូលាយសម្រាប់កុមារ និងលុបបំបាត់ទម្លាប់ឱនថយ ទំនៀមទម្លាប់ហួសសម័យដែលប៉ះពាល់អាក្រក់ដល់សុខភាព។
.jpg)
វេជ្ជបណ្ឌិត លី មិញហ្វា ផ្តល់ប្រឹក្សា និងណែនាំប្រជាជនថែទាំសុខភាព។
អ្នកមីង ថាច់ ធីឡាង ប្រជាជននៅភូមិអាងហ្វា ២ ឃុំថាញ់ថើយអាង បានឱ្យដឹង៖ “វេជ្ជបណ្ឌិត ហ្វា ជាជនជាតិខ្មែរ ម៉្លោះហើយជិតស្និទ្ធនឹងមាមីងណាស់។ ពេលប្រជាជនមកពិនិត្យ វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលបានណែនាំយ៉ាងយកចិត្តទុកដាក់ និងសួរនាំយ៉ាងល្អិតល្អន់អំពីស្ថានភាពជំងឺ។ យើងខ្ញុំស្ងប់ចិត្ត និងមានទំនុកចិត្តពេលមកពិនិត្យនៅដំណាក់សុខាភិបាលនេះ”។
តាមប្រសាសន៍លោក ង្វៀង ហាយក្វឹង ប្រធានការិយាល័យវប្បធម៌ - សង្គមឃុំថាញ់ថើយអាង បានឱ្យដឹង៖ វេជ្ជបណ្ឌិត លី មិញហ្វា គឺជាកម្មាភិបាលដែលច្រើនឆ្នាំបម្រើការងារនៅថ្នាក់មូលដ្ឋាន មានបទពិសោធន៍ និងស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច។ វេជ្ជបណ្ឌិតតែងតែជិតស្និទ្ធនឹងប្រជាជន ខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពសកម្មភាពរបស់ដំណាក់សុខាភិបាល។ ជាពិសេស នៅលើភូមិឋានដែលមានជនរួមជាតិខ្មែររស់នៅកុះករ ការដែលកម្មាភិបាលសុខាភិបាលគឺជាជនជាតិខ្មែរ យល់ដឹងច្បាស់អំពីទំនៀមទម្លាប់ នឹងបង្កលក្ខណៈងាយស្រួលក្នុងការឃោសនា ចលនាប្រជាជនម្ចាស់ការថែទាំសុខភាព ខិតជិត និងប្រើប្រាស់បណ្តាសេវាសុខាភិបាល។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការថែទាំសុខភាពជូនប្រជាជននៅភូមិភាគ។ ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការងារ ជាច្រើនឆ្នាំបន្តបន្ទាប់ វេជ្ជបណ្ឌិត លី មិញហ្វា បានទទួលស្គាល់ជាបក្ខជនសម្រេចភារកិច្ចឆ្នើម និងទទួលបានប័ណ្ណសរសើរ លិខិតសរសើរជាច្រើនពីគ្រប់លំដាប់ថ្នាក់។
ការលះបង់ និងស្មារតីទទួលខុសត្រូវរបស់វេជ្ជបណ្ឌិត លី មិញហ្វា មិនត្រឹមតែសាយភាយនូវរូបភាពដ៏ល្អរបស់កងជួរគ្រូពេទ្យប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបញ្ជាក់ពីតួនាទីរបស់កងជួរកម្មាភិបាលជនជាតិភាគតិច ក្នុងបុព្វហេតុគិតគូរជីវភាព និងសុខភាពជូនប្រជាជន; តាមរយៈនោះ ពង្រឹង ទំនុកចិត្តរបស់ជនរួមជាតិ បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ និងរួមកម្លាំងកសាងស្រុកភូមិកឹងធើឱ្យកាន់តែអភិវឌ្ឍឡើង៕
ហុងទើ - មេងលី