ដោយកំណត់ច្បាស់ការងារថែទាំសុខភាពប្រជាជន ជាទិសដៅយូរអង្វែងនិងឥតងាករេរបស់បក្ស រដ្ឋ ទើបរយៈពេលកន្លង ទីក្រុងកឹងធើ បានខិតខំពង្រឹងប្រព័ន្ធសុខាភិបាលឃុំ តាមទិសដៅព្រមៗគ្នានិងទំនើប។ ដោយមានមូលដ្ឋានគ្រឹះរឹងមាំ ការងារថែទាំសុខភាពដំបូងត្រូវបានលើកកម្ពស់ជាបណ្ដើរៗ ធានាឱ្យប្រជាជនគ្រប់រូបទទួលបានសេវាសុខាភិបាលល្អបំផុត។

ដំណាក់សុខាភិបាលឃុំមីទូ បានបំពាក់ឧបករណ៍បរិក្ខារគ្រប់គ្រាន់ ឆ្លើយតបតម្រូវការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន។
រយៈពេលកន្លង ដំណាក់សុខាភិបាលឃុំមីទូ បានបង្កលក្ខណៈឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពនៅភូមិឋានដែលខ្លួនរស់នៅ រួមចំណែកកាត់បន្ថយការហួសចំណុះតាមមន្ទីរពេទ្យថ្នាក់លើ។ យោងតាមវេជ្ជបណ្ឌិត លីសាង នាយករងដំណាក់សុខាភិបាលឃុំមីទូ អាស្រ័យការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ថ្នាក់ រួមជាមួយស្មារតីសាមគ្គី ខិតខំប្រឹងប្រែងរបស់កងជួរគ្រូពេទ្យ ដំណាក់សុខាភិបាល បានលើកកម្ពស់គុណភាពថែទាំសុខភាពដំបូងជូនប្រជាជនជាបណ្ដើរៗ។ ជាក់ស្ដែង ចាប់ពីដើមឆ្នាំ ២០២៦ មក ដំណាក់សុខាភិបាលបានពិនិត្យជំងឺជូនប្រជាជនចំនួន ៤.៦៦៩ លើកនាក់។ ក្នុងនោះ ចំនួនអ្នកមកពិនិត្យដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលកើនឡើងខ្ពស់ ចំណែកករណីបញ្ជូនទៅព្យាបាលនៅថ្នាក់លើ បានថយចុះគួរឱ្យកត់សម្គាល់។ លទ្ធផលនេះបង្ហាញឱ្យឃើញថា គុណភាពពិនិត្យព្យាបាលជំងឺរបស់ដំណាក់សុខាភិបាលកាន់តែរីកចម្រើននិងបង្កបាននូវទំនុកចិត្តពីអ្នកជំងឺ។
ក្រោយពីរួមបញ្ចូលអង្គភាពរដ្ឋបាល ដំណាក់សុខាភិបាលឃុំឡុងភូ ទទួលបន្ទុកពិនិត្យព្យាបាល ជំងឺជូនប្រជាជនកាន់តែច្រើន ខណៈពេលប្រភេទជំងឺមិនឆ្លង ដូចជា៖ លើសឈាម និងទឹកនោមផ្អែមមានការកើនឡើង។ ទន្ទឹមនឹងនោះ ហានិភ័យនៃជំងឺឆ្លងរាលដាលនៅតែជាបញ្ហាប្រឈមទាមទារឱ្យផ្នែកសុខាភិបាលបង្ការត្រូវពង្រឹងបន្ថែម ដើម្បីធានាភាពម្ចាស់ការនិងភាពបត់បែនក្នុងការអនុវត្តភារកិច្ច។ វេជ្ជបណ្ឌិត ត្រឹងហ្វាងត្វង នាយករងដំណាក់សុខាភិបាលឃុំឡុងភូ ឱ្យដឹង៖ “ដំណាក់សុខាភិបាល កំពុងផ្តោតលើការលំនឹងអង្គភាព លើកកម្ពស់វិជ្ជាជីវៈ ជំរុញការងារបង្ការទប់ស្កាត់ជំងឺឆ្លង ព្រមទាំងគ្រប់គ្រងបានល្អនូវជំងឺមិនឆ្លងក្នុងសហគមន៍។ ព្រមជាមួយនោះ ដំណាក់សុខាភិបាលបានកែលម្អវិធានការពិនិត្យព្យាបាលជំងឺ និងអនុវត្តបច្ចេកវិទ្យាក្នុងការគ្រប់គ្រងសុខភាពជូនប្រជាជន”។ តាមរយៈការខិតខំប្រឹងប្រែងរួម ការងារថែទាំសុខភាពប្រជាជនរបស់ដំណាក់សុខាភិបាលសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ដំណាក់សុខាភិបាល ពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនបាន ៩៥៦ លើកនាក់។ ចំនួនករណីកើតជំងឺគ្រុនឈាម និងជំងឺពងដៃ ជើងនិងមាត់បានថយចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ ដោយឡែក អត្រាចាក់វ៉ាក់សាំងបង្ការពេញលេញដល់កុមារអាយុក្រោម ១ ឆ្នាំ សម្រេចជាង ២៦% កើន ៥% បើធៀបនឹងឆ្នាំ ២០២៥។
ជាក់ស្ដែងបង្ហាញឱ្យឃើញថា ការពង្រឹងប្រព័ន្ធសុខាភិបាលមូលដ្ឋានរឹងមាំ មិនត្រឹមតែលើកកម្ពស់ គុណភាពថែទាំសុខភាពដំបូងជូនប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កើនការទំនុកចិត្តរបស់ប្រជាជនចំពោះប្រព័ន្ធសុខាភិបាលទៀតផង។ តាមរយៈនោះ បង្កជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទិសដៅធានាសុខុមាលភាពសង្គមប្រកបដោយចីរភាព៕
ថាញវ៉ាង - ថាច់ធី