ដំណាក់សុខាភិបាលឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ខេត្តត្រាវិញ បានវិនិយោគបំពាក់បរិក្ខារពេទ្យនិងបំប៉នលើកកម្ពស់មុខជំនាញវិជ្ជាជីវៈជូនដល់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ដើម្បីបម្រើការបានល្អតម្រូវការពិនិត្យ ព្យាបាលជំងឺរបស់ប្រជាជន។
![បម្រើការបានល្អតម្រូវការពិនិត្យ ព្យាបាលជំងឺរបស់ប្រជាជន](https://baocantho.com.vn/image/fckeditor/upload/2025/20250210/images/khmer/63.jpg)
ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំង៉ូវឡាក។
លោកង្វៀងវ៉ាន់នី ប្រធានដំណាក់សុខាភិបាលឃុំង៉ូវឡាក ឱ្យដឹង៖ “ដំណាក់សុខាភិបាលឃុំមានបុគ្គលិកពេទ្យ ៦ នាក់ ក្នុងនោះ វេជ្ជបណ្ឌិតពហុព្យាបាល២នាក់ វេជ្ជបណ្ឌិត វេជ្ជសាស្រ្តបុរាណម្នាក់ បរិញ្ញាបត្រគិលានុបដ្ឋាក ផ្នែកសម្ភពម្នាក់ អនុមហាវិទ្យាល័យឱសថម្នាក់ អនុមហាវិទ្យាល័យគិលានុបដ្ឋាកម្នាក់ និងសហការី ១០ នាក់ ក្នុងនោះ មានសហការី ៥/១០ នាក់ ត្រូវបានបណ្ដុះបណ្ដាលតាមសេចក្ដីកំណត់របស់ក្រសួងសុខាភិបាល។ ដំណាក់សុខាភិបាលឃុំធានាការងារសង្រ្គោះបន្ទាន់ ពិនិត្យនិងព្យាបាលបឋម អនុវត្តបង្ការទប់ស្កាត់ជំងឺឆ្លងរាលដាលនិងគម្រោងកម្មវិធីទិសដៅសុខាភិបាល។ ដើម្បីអនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន ការងារអប់រំនយោបាយ សតិអារម្មណ៍ជូនសមូហភាពបក្ខជននិងបុគ្គលិករបស់ដំណាក់សុខាភិបាល ត្រូវបានយកចិត្តទុកដាក់ លើកកម្ពស់ស្មារតីទទួលខុសត្រូវ អនុវត្តល្អក្រមសីលធម៌គ្រូពេទ្យ ១២ ប្រការ”។
ដើម្បីអនុវត្តល្អការពិនិត្យ ព្យាបាលជំងឺជូនប្រជាជន រៀងរាល់ឆ្នាំ ដំណាក់សុខាភិបាលឃុំង៉ូវឡាក តែងកសាងផែនការពិនិត្យ ព្យាបាលជំងឺ; បង្ការទប់ស្កាត់ជំងឺឆ្លងរាលដាល។ ក្នុងឆ្នាំ ២០២៤ ដំណាក់សុខាភិបាលបានពិនិត្យ ព្យាបាលជំងឺជូនប្រជាជនចំនួន ៦.២២០ លើកនាក់ មានដូច ជាជំងឺគ្រុនឈាម ផ្ដាសាយ សរសៃឈាមបេះដូង ចាក់វ៉ាក់សាំងបង្ការឱ្យកុមារ ពិនិត្យរោគស្រ្តី ។ល។ ការងារផ្សព្វផ្សាយបង្ការទប់ស្កាត់ជំងឺតម្កាត់ ត្រូវបានដំណាក់សុខាភិបាលយកចិត្តទុកដាក់រៀបចំផ្សព្វផ្សាយ គួបផ្សំនឹងខ្លឹមសារផ្សព្វផ្សាយអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃជំងឺគ្រុនឈាមចំពោះសុខភាពមនុស្ស ផ្សព្វផ្សាយពីរបៀបកំណត់សម្គាល់រោគសញ្ញានៃជំងឺដែលច្រើនជួបប្រទះមួយចំនួន ដើម្បីប្រជាជនយល់ដឹងហើយមានស្មារតីបង្ការទប់ស្កាត់។
អ្នកមីងថាច់ធីហុងញ៉ុង នៅភូមិសំពោងសក់ធំ ឃុំង៉ូវឡាក ឱ្យដឹង៖ “ដោយសារវ័យចាស់ ហើយថែមទាំងមានជំងឺសម្ពាធឈាមខ្ពស់ បានជាខ្ញុំតែងតែមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំង៉ូវឡាក។ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតសុទ្ធសឹងមានសមត្ថភាពបម្រើការបានល្អនូវតម្រូវការពិនិត្យ ព្យាបាលជំងឺរបស់ប្រជាជន ម្ល៉ោះហើយ ប្រជាជននៅភូមិភាគមានសេចក្ដីត្រេកអរខ្លាំងណាស់”។
វេជ្ជបណ្ឌិតង្វៀងវ៉ាន់នី ឱ្យដឹងបន្ថែម៖ “កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់ដំណាក់សុខាភិបាលឃុំង៉ូវឡាក តែងពង្រីកស្មារតីទទួលខុសត្រូវ ខិតខំជម្នះការលំបាកដើម្បីអនុវត្តសម្រេចល្អនូវភារកិច្ចដែលបានប្រគល់ឱ្យ។ ជាច្រើនឆ្នាំបន្តបន្ទាប់ ដំណាក់សុខាភិបាលឃុំង៉ូវឡាក ត្រូវបានថ្នាក់លើវាយតម្លៃអនុវត្តសម្រេចឆ្នើមនិងសម្រេចល្អភារកិច្ច”៕
សើុងម៉ាល័យ - ថាច់ធី