12/08/2024 - 16:26

ទំ​នាក់​ទំនង​រវាង​ដំ​ណេក​និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​ដែល​បាន​ចុះ​ផ្សាយ​លើ​ទស្ស​នា​វដ្តី Diabetologia ដំ​ណេក​មិន​ស្កប់​ស្កល់​អាច​បង្ក​ហា​និភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២។

រូប​ជា​ឧទា​ហរណ៍។

ចំ​ពោះ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ២ រាង​កាយ​គ្មាន​សមត្ថ​ភាព​ប្រើ​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​ដែល​មាន​ស្រាប់ ឬ​ប្រើ​ប្រាស់​អាំង​ស៊ុយ​លីន​គ្មាន​ប្រ​សិទ្ធ​ភាព។ ស្ថាន​ភាព​រុាំ​រ៉ៃ​នេះ ស្រូប​អត្រា​ប្រ​មាណ​ពី​៩០​-៩៥% នៃ​ចំ​នួន​ករណី​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់​នៅ​លើ​ពិភព​លោក។ ដើម្បី​ស្វែង​យល់​ពី​ទំ​នាក់​ទំនង​រវាង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ និង​គុណ​ភាព​នៃ​ដំ​ណេក​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ បាន​ធ្វើ​ការ​វិភាគ​ទិន្ន​ន័យ តាម​ដាន​ទម្លាប់​នៃ​ការ​ដេក​របស់​មនុស្ស​ជាង​៣៦.​០០០​នាក់ ដែល​ធ្លាប់​ចូល​រួម​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​សុខ​ភាព​មួយ​មុន​នោះ។ មុខ​សញ្ញា​បាន​ត្រួត​ពិនិត្យ​ពី​ទម្លាប់​នៃ​ការ​ដេក​ក្នុង​ដំ​ណាក់​កាល​ចាប់​ផ្តើម​សិក្សា​ស្រាវ​ជ្រាវ​ និង​ក្នុង​អំ​ឡុង​ពេល​តាម​ដាន​មធ្យម​ភាគ​ប្រាំ​ឆ្នាំ​បន្ត​បន្ទាប់។ ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ឃើញ​ថា ដំ​ណេក​មិន​សូវ​មាន​គុណ​ភាព​ត្រូវ​បាន​កំ​ណត់ គឺ​ការ​ដេក​តិច​ជាង​៧​ម៉ោង ឬ​ច្រើន​ជាង​៩​ម៉ោង​រាល់​យប់។

លទ្ធ​ផល​វិភាគ​ចុង​ក្រោយ បាន​បង្ហាញ​ពី​ទំ​នាក់​ទំនង​ស្អិត​ល្មួត​បំ​ផុត​ជា​មួយ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ ចំ​ពោះ​អ្នក​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ដេក។ ជាក់​ស្តែង អ្នក​ដែល​ដេក​តិច​ពេក ហើយ​បន្ទាប់​ពី​នោះ​ប្តូរ​មក​ដេក​ច្រើន​ពេក​វិញ គឺ​មាន​ហា​និភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​ខ្ពស់​បំ​ផុត ខ្ពស់​ជាង​៥១% បើ​ប្រៀប​ជា​មួយ​អ្នក​ដែល​ដេក​ធម្ម​តា។ ហា​និភ័យ​ខ្ពស់​បន្ទាប់​ទៀត គឺ​អ្នក​ដែល​ចាប់​ផ្តើម​ដេក​ច្រើន​ពេក ហើយ​ក្រោយ​មក​បែរ​ជា​ដេក​តិច​ពេក​វិញ។

ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ បាន​បញ្ជាក់​បន្ថែម​អំ​ពី​ភស្តុ​តាង​ទំ​នាក់​ទំនង​រវាង​ដំ​ណេក និង​ហា​និភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ២។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​បាន​ចុះ​ផ្សាយ​លើ​ទស្ស​នា​វដ្តី Diabetes Care កាល​ពី​សប្តាហ៍​មុន បាន​បង្ហាញឱ្យ​ឃើញ​ថា អ្នក​ដែល​វិបត្តិ​ដំ​ណេក (មាន​រយៈ​ពេល​ដេក​ផ្លាស់​ប្តូរ​មធ្យម​ភាគ​១​ម៉ោង​រៀង​រាល់​យប់) នឹង​បង្ក​ហា​និភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​ចំ​នួន ៣៤%៕        

                        យោង៖​កា​សែត​កឹង​ធើ - ​វិមាន

ចែករំលែកអត្ថបទ