ដំណាក់សុខាភិបាលឡឹមតឹង ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង បានអនុវត្តល្អនូវភារកិច្ចថែទាំសុខភាពប្រជាជន ព្រមទាំងបង្កបានទំនុកចិត្តចំពោះប្រជាជន ម៉្លោះហើយ ប្រជាជនបានមកពិនិត្យជំងឺកាន់តែច្រើន។
ដំណាក់សុខាភិបាលឡឹមតឹង អនុវត្តល្អការងារចាក់ថ្នាំបង្ការរោគបើកទូលាយដល់កុមារ។
ឡឹមតឹង ជាឃុំមួយនៅតំបន់ដាច់ស្រយាល មានជនរួមជាតិខ្មែររស់នៅច្រើនកុះករ ម៉្លោះហើយពេលផ្លូវគមនាគមន៍ជនបទត្រូវបានវិនិយោគកសាង អគ្គិសនីតភ្ជាប់ដល់ភូមិនានា ប្រជាជនក៏មានការយល់ដឹងពីការថែទាំសុខភាពតាមរយៈកាសែត វិទ្យុ ទូរទស្សន៍។ ទន្ទឹមនឹងនោះ កងកម្លាំងសហការីសុខាភិបាល បានទៅដល់ផ្ទះផ្សព្វផ្សាយ ចលនា ដូច្នេះប្រជាជនកាន់តែលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាព បង្ការទប់ស្កាត់រោគរាលដាល់ដល់ខ្លួន និងសមាជិកគ្រួសារ។ វេជ្ជបណ្ឌិត ឯកទេស I ង្វៀងថាញណាម ប្រធានដំណាក់សុខាភិបាល ឡឹមតឹង ឱ្យដឹង៖ “ការផ្លាស់ប្តូរជាចម្បងក្នុងជនរួមជាតិខ្មែរនៅឃុំឡឹមតឹង គឺការពិនិត្យ ព្យាបាលជំងឺ និងបង្ការទប់ស្កាត់រោគរាលដាល ចាក់វ៉ាក់សាំងឱ្យកុមារ អ្នកម្តាយមានផ្ទៃពោះ។ ពីដើម ការចាក់វ៉ាក់សាំងឱ្យកុមារ កម្មាភិបាលសុខាភិបាលត្រូវចុះទៅដល់ផ្ទះ ពេលចាក់វ៉ាក់សាំងរួចកុមារមានអាការៈក្តៅខ្លួន មាមីងខ្លាចលើកក្រោយៗគាត់មិនព្រមឱ្យចាក់ទៀត។ ឥឡូវដល់ថ្ងៃចាក់វ៉ាក់សាំង ពួកគាត់បាននាំកូនមកដំណាក់សុខាភិបាល ពេលចាក់រួចបើមានអាការៈក្តៅខ្លួនគឺពួកគាត់បែរជាត្រេកអរ ព្រោះប្រការនេះបញ្ជាក់ថា វ៉ាក់សាំងមានប្រសិទ្ធភាព។ ចំណែកអ្នកម្តាយមានផ្ទៃពោះ បានមកចាក់ថ្នាំ បង្ការត្រូវតាមកំណត់ ពិនិត្យសុខភាពទារកក្នុងផ្ទៃ បំពេញបន្ថែមជាតិដែកប៉ូតាស្យូម។ល។ ក្រៅពីនោះ ពេលខ្លួនឯងឬសមាជិកគ្រួសារមានរោគសញ្ញាអ្វីម៉្យាង គឺមាមីងតែងមកពិនិត្យ ព្យាបាលជំងឺនៅដំណាក់សុខាភិបាល ដូច្នេះ ស្ថានភាពព្យាបាលដោយខ្លួនឯងនៅផ្ទះហាក់ ដូចជាគ្មាននៅទៀតឡើយ”។
បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំមានបុគ្គលិក ៧ នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិតឯកទេស I និងមូលដ្ឋានសម្ភារៈបរិក្ខារពេទ្យនៃដំណាក់សុខាភិបាល ត្រូវបានវិនិយោគត្រឹមត្រូវតាមទដ្ឋាន ម៉្លោះហើយបម្រើការពិនិត្យនិងព្យាបាលជំងឺបានល្អ និងអនុវត្តល្អការងារសុខាភិបាលបម្រុង។ ទន្ទឹមនឹងនោះ កម្មាភិបាលពេទ្យ តែងខ្នះខ្នែងនិងមានអាកប្បកិរិយាបម្រើការងារ ពិនិត្យ ព្យាបាលជំងឺបានល្អ ដូច្នេះ បង្កបានទំនុកចិត្ត ទាក់ទាញអ្នកជំងឺមកពិនិត្យ ព្យាបាលជំងឺកាន់តែច្រើន។ បងស្រីថាច់ធីយ៉ាន នៅភូមិកៀកឡឹប ឱ្យដឹង៖ “ពីដើមពេលផ្តាសាយ ឈឺក្បាលវិលមុខ ឬចុកចាប់ខ្លួនប្រាណម្តងៗ ខ្ញុំតែងទៅទិញថ្នាំនៅឱសថស្ថាន ប៉ុន្តែឥឡូវមានប័ណ្ណធានារ៉ាបរងសុខាភិបាល ម៉្លោះហើយ ពេលឈឺខ្ញុំទៅពិនិត្យសុខភាពនៅដំណាក់សុខាភិបាល។ ពីព្រោះនៅដំណាក់សុខាភិបាលឃុំមានវេជ្ជបណ្ឌិតពិនិត្យ ធ្វើរោគវិនិច្ឆ័យ ផ្សំថ្នាំ ចំជំងឺ ឆាប់បានជាសះស្បើយ។ ពិសេស គឺវេជ្ជបណ្ឌិតតែងពិគ្រោះពីវិធីព្យាបាល បង្ការរោគ ដូច្នេះខ្ញុំស្ងប់ចិត្តព្យាបាល បើឈឺធ្ងន់ទើបឡើងទៅពេទ្យថ្នាក់លើ”។
តាមប្រសាសន៍វេជ្ជបណ្ឌិត ង្វៀងថាញណាម សព្វថ្ងៃមានសហការីសុខាភិបាលចំនួន ១៨ នាក់ នៅភូមិទាំង ៧ របស់ឃុំ អនុវត្តភារកិច្ចផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់រោគរាលដាល។ អាស្រ័យហេតុនេះ មាមីងជនរួមជាតិខ្មែរបានជ្រាបច្បាស់ មានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការបង្ការរោគ ដូច្នេះ ស្ថានភាពរោគរាលដាល ស្ថិតក្នុងការគ្រប់គ្រង គ្មានសំបុករោគធំកើតមានលើភូមិសាស្ត្រឃុំឡើយ។ ជាច្រើនឆ្នាំកន្លង អាស្រ័យប្រជាជនមានស្មារតីយល់ដឹងខ្ពស់ បានជួយឱ្យដំណាក់ អនុវត្តសម្រេចល្អនូវភារកិច្ចចាក់វ៉ាក់សាំងដូសទី ៤ បង្ការជំងឺ COVID – ១៩ និងអនុវត្តមានប្រសិទ្ធភាពនូវការងារសុខាភិបាលបម្រុង៕