20/07/2026 - 19:14

ខេត្ត​កា​ម៉ាវ សាយ​ភាយ​ប្រ​ពៃ​ណី "ផឹក​ទឹក​នឹក​ប្រ​ភព" 

ឆ្ពោះ​ទៅ​កាន់​ខួប​អនុ​ស្សាវ​រីយ៍ ៧៩ ឆ្នាំ ទិវា​យុទ្ធ​ជន​ពិ​ការ - យុទ្ធ​ជន​ពលី (២៧/​៧/​១៩៤៧ - ២៧​/៧​/២០២៦) សម្ព័ន្ធ​យុវ​ជន និង​សមា​គម​នា​រី​ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​នៃ​នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន Viettel កា​ម៉ាវ និង​កា​រិយា​ល័យ​សេ​នា​ធិ​ការ​នៃ​នគរ​បាល​ខេត្ត រៀប​ចំ​កម្ម​វិធី​ផ្លាស់​ផ្កា​ឈូក​ថ្មី​ជាង ១៨.​៨០០ ទង​នៅ​តាម​ផ្នូរ​យុទ្ធ​ជន​ពលី​នៅ​បូជ​នីយ​ដ្ឋាន​យុទ្ធ​ជន​ពលី​នា​នា​ក្នុង​ខេត្ត​កា​ម៉ាវ។ ផ្កា​ឈូក​ដាក់​បូ​ជា​នៅ​តាម​ផ្នូរ​នី​មួយៗ មិន​ត្រឹម​តែ​រួម​ចំ​ណែក​បង្ក​ទេស​ភាព​បៃ​តង ជ្រះ ស្អាត និង​រក្សា​ភាព​ថ្លៃ​ថ្នូរ​នៃ​បូជ​នីយ​ដ្ឋាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​និមិត្ត​រូប​នៃ​ទឹក​ចិត្ត​ដឹង​គុណ និង​ការ​រំលឹក​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​កូន​ចៅ​ឆ្នើម​ដែល​បាន​បូ​ជា​យុវ​វ័យ​ និង​ជីវិត​ដើម្បី​បុព្វ​ហេ​តុ​រំ​ដោះ​ប្រ​ទេស​ជាតិ​ និង​ការ​ពារ​មា​តុ​ភូមិ​។

ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ខេត្ត​កាម៉ាវ ផ្លាស់​ផ្កា​ឈូក​ថ្មី​នៅ​តាម​ផ្នូរ​យុទ្ធ​ជន​ពលី​ បង្ហាញ​ពី​ទឹក​ចិត្ត​ដឹង​គុណ​ចំ​ពោះ​វីរ​យុទ្ធ​ជន​ពលី​។

នៅ​ក្នុង​បរិយាកាស​ទូ​ទាំង​ប្រ​ទេស​ឆ្ពោះ​ទៅ​កាន់​ទិវា​យុទ្ធ​ជន​ពិ​ការ​ - យុទ្ធ​ជន​ពលី​ នៅ​ថ្ងៃ​ទី​ ២៧ ខែក​ក្កដា​ កម្មា​ភិបាល​ សមា​ជិក​យុវ​ជន​ សមាជិកា​នៃ​នគរ​បាល​ចរា​ចរណ៍​ និង​ការិយា​ល័យ​សេ​នា​ធិ​ការ​នៃ​នគរ​បាល​ខេត្ត​ ព្រម​ទាំង​កម្មា​ភិបាល​ បុគ្គលិក​នៃ​ក្រុម​ហ៊ុន​ Viettel កាម៉ាវ បាន​បើក​យុទ្ធ​នា​ការ​ព្រម​ៗគ្នា​ អនុ​វត្ត​កម្ម​វិធី​ផ្លាស់​ផ្កា​ឈូក​ថ្មី​ជាង​ ១៨.៨០០ ទង​ នៅ​តាម​ផ្នូរ​យុទ្ធ​ជន​ពលី​ ដោយ​ចំ​ណាយ​ថវិកា​សរុប​ជាង​ ៣៧០ លាន​ដុង​ នៅ​តាម​បូ​ជនីយ​ដ្ឋាន​យុទ្ធ​ជន​ពលី​នា​នា​ក្នុង​ខេត្ត​។ នៅ​បូ​ជនីយ​ដ្ឋាន​យុទ្ធ​ជន​ពលី​ខេត្ត​កាវ​ម៉ាវ ស្ថិត​ក្នុង​សង្កាត់​អាង​ស្វៀង និង​ឃុំ​ហ្វា​ប៊ិញ កង​កម្លាំង​ទាំង​អស់​បាន​រួម​គ្នា​ប្រ​មូល​ផ្កា​ចាស់ៗ សម្អាត​បរិ​វេណ ជូត​សម្អាត​ផ្នូរ​នី​មួយៗ រៀប​ចំ​មណ្ឌល​រំលឹក​គុណ និង​ផ្លាស់​ថ្មី​ផ្កា​ឈូក​ដោយ​ប្រុង​ប្រ​យ័ត្ន។ ក្នុង​បរិយា​កាស​ដ៏​ថ្លៃ​ថ្នូរ​នេះ​ រាល់​សកម្ម​ភាព​ទាំង​អស់​សុទ្ធ​តែ​បង្ហាញ​ពី​សេច​ក្តី​គោ​រព និង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​វីរ​យុទ្ធ​ជន​ពលី។

រូប​ភាព​សមា​ជិក​សម្ព័ន្ធ​យុវ​ជន កម្មា​ភិបាល និង​យុទ្ធ​ជន​នគរ​បាល​ក្នុង​ឯក​សណ្ឋាន រួម​ជា​មួយ​បុគ្គ​លិក​ Viettel រួម​គ្នា​រៀប​ចំ​ថែ​ទាំ​ផ្នូរ​នី​មួយៗ បាន​បង្ក​នូវ​រូប​ភាព​យ៉ាង​ស្រស់​ស្អាត និង​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ។ សកម្ម​ភាព​នេះ​មិន​ត្រឹម​តែ​រួម​ចំ​ណែក​រក្សា​ភាព​ថ្លៃ​ថ្នូរ​នៃ​សំ​ណង់​កត់​ត្រា​គុណូប​ការៈ​យុទ្ធ​ជន​ពលី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បំ​ផុស​ក្តី​មោទ​នភាព​ជាតិ បំ​ប៉ន់​ឧត្តម​គតិ​សីល​ធម៌​បដិ​វត្តន៍ និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​ជំ​នាន់​ក្រោយ​ចំ​ពោះ​ភូមិ​ស្រុក និង​ប្រ​ទេស​ជាតិ។ តាម​លោក​ស្រី​វរៈ​សេ​នីយ៍​ត្រី ត្រិន​ង៉ុក​ថាវ- ប្រ​ធាន​សមា​គម​នា​រី​នៃ​ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ខេត្ត​កា​ម៉ាវ បាន​ឱ្យ​ដឹង៖ “កម្ម​វិធី​នេះ​ជា​ឱ​កាស​មួយ​សម្រាប់​កម្មា​ភិបាល និង​សមា​ជិ​កា​ម្នាក់ៗ បង្ហាញ​ពី​ទឹក​ចិត្ត​ដឹង​គុណ​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង ព្រម​ទាំង​រួម​ចំ​ណែក​អប់​រំ​ប្រ​ពៃ​ណី​ស្នេ​ហា​ជាតិ ទឹក​ចិត្ត​ដឹង​គុណ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ជំ​នាន់​ក្រោយ”។ តាម​លោក​ស្រី វរៈសេ​នីយ៍​ត្រី ត្រិន​ង៉ុក​ថាវ ផ្កា​ឈូក​មួយ​ទងៗ​ដែល​បាន​ផ្លាស់​ថ្មី មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​និមិត្ត​រូប​នៃ​ទឹក​ចិត្ត​ដឹង​គុណ​ចំ​ពោះ​អ្នក​ដែល​បាន​លះ​បង់​ជីវិត​ដើម្បី​មា​តុ​ភូមិ។ តាម​រយៈ​សកម្ម​ភាព​នេះ កម្មា​ភិ​បាល និង​សមា​ជិកា​ម្នាក់ៗ​កាន់​តែ​យល់​ដឹង​ជ្រាល​ជ្រៅ​អំ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​ភារ​កិច្ច និង​ជីវ​ភាព​រស់​នៅ បន្ត​ពង្រីក​គុណ​សម្បត្តិ​នៃ​យុទ្ធ​ជន​នគរ​បាល​ប្រ​ជា​ជន "ដើម្បី​ប្រ​ទេស​ជាតិ​ភ្លេច​ខ្លួន ដើម្បី​ប្រ​ជា​ជន​បម្រើ"។

កម្មា​ភិបាល និង​យុទ្ធ​ជន​នៃ​នគរ​បាល​ខេត្ត​កា​ម៉ាវ ផ្លាស់​ផ្កា​ឈូក​ថ្មី​នៅ​តាម​ផ្នូរ​យុទ្ធ​ជន​ពលី​នៅ​បូជ​នីយ​ដ្ឋាន សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ។

លោក​វរៈ​សេនីយ៍​ទោ ង្វៀង​ថាញ​ត្វង អនុ​ប្រ​ធាន​ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ខេត្ត​កា​ម៉ាវ បាន​ឱ្យ​ដឹង​៖ “សកម្ម​ភាព​ផ្លាស់​ផ្កា​ឈូក​ថ្មី​នៅ​តាម​បូជ​នីយ​ដ្ឋាន​យុទ្ធ​ជន​ពលី បាន​អង្គ​ភាព​រក្សា​ជា​រៀង​រាល់​ឆ្នាំ ហើយ​បាន​ក្លាយ​ជា​សកម្ម​ភាព​អប់រំ​ប្រ​ពៃ​ណី មាន​អត្ថ​ន័យ​ជាក់​ស្តែង​សម្រាប់​កម្មា​ភិបាល យុទ្ធ​ជន សមា​ជិក​យុវ​ជន និង​សមា​ជិកា”។ តាម​លោក​វរៈសេ​នីយ៍​ទោ ង្វៀង​ថាញ​ត្វង ផ្នូរ​យុទ្ធ​ជន​ពលី​នី​មួយៗ គឺ​ជា​និមិត្ត​រូប​ដ៏​ពិ​សិដ្ឋ​នៃ​ការ​លះ​បង់​ដើម្បី​ឯក​រាជ្យ និង​សេ​រី​ភាព​របស់​ប្រ​ជា​ជាតិ។ ហេ​តុ​ដូច្នេះ ការ​ថែ​ទាំ អនា​ម័យ ផ្លាស់​ប្តូរ​ផ្កា និង​អុជ​ធូប មិន​ត្រឹម​តែ​បង្ហាញ​ពី​សីល​ធម៌ “ផឹក​ទឹក​នឹក​ប្រ​ភព” និង​ទឹក​ចិត្ត​ដឹង​គុណ​ចំ​ពោះ​បុព្វ​បុរស​ដែល​បាន​លះ​បង់​ដើម្បី​បុព្វ​ហេតុ​ការ​ពារ​មា​តុ​ភូមិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​រួម​ចំ​ណែក​អប់​រំ​កម្មា​ភិបាល​ និង​យុទ្ធ​ជន​ ឱ្យ​ចង​ចាំ​ជា​និច្ច​នូវ​ប្រ​ពៃ​ណី​ដ៏​ល្បី​ល្បាញ​នៃ​កង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន​។ ផ្តើម​ពី​នោះ​ កម្មា​ភិបាល​ និង​យុទ្ធ​ជន​ម្នាក់​ៗ បន្ត​ហាត់​ពត់​លត់​ដំ​ស្មារតី​នយោ​បាយ​ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ខិត​ខំ​បម្រើ​ប្រ​ជា​ជន​ដោយ​ស្មោះ​ស្ម័គ្រ​ និង​ប្តេជ្ញា​សម្រេច​ភារ​កិច្ច​ឆ្នើម​ ធា​នា​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​នៅ​លើ​ភូមិ​ដ្ឋាន​ខេត្ត​។

កម្ម​វិធី​ផ្លាស់​ផ្កា​ឈូក​ថ្មី​នៅ​តាម​បូ​ជនីយ​ដ្ឋាន​យុទ្ធ​ជន​ពលី​ គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​នា​នា​របស់​សម្ព័ន្ធ​ យុវ​ជន​ និង​សមា​គម​នា​រី​នៃ​ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ខេត្ត​កាម៉ាវ ឆ្ពោះ​ទៅ​កាន់​ខួប​អនុ​ស្សាវ​រី​យ៍ ៧៩ ឆ្នាំ​ទិវា​យុទ្ធ​ជន​ពិ​ការ - យុទ្ធ​ជន​ពលី។ ឆ្លង​តាម​រយៈ​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​នេះ សីល​ធម៌ “ផឹក​ទឹក​នឹក​ប្រ​ភព” និង “តប​ស្នង​សង​គុណ” បន្ត​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ រួម​ចំ​ណែក​បំ​ប៉ន់​ឧត្តម​គតិ​បដិ​វត្តន៍ ជំ​រុញ​ស្មារតី​ស្នេ​ហា​ជាតិ និង​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​កម្មា​ភិ​បាល យុទ្ធ​ជន សមា​ជិក​យុវ​ជន និង​សមា​ជិកា។ ទន្ទឹម​នឹង​នោះ កម្ម​វិធី​ក៏​បាន​រួម​ចំ​ណែក​កសាង និង​សាយ​ភាយ​រូប​ភាព​ដ៏​ល្អ​ប្រ​ពៃ​នៃ​យុទ្ធ​ជន​នគរ​បាល​កាម៉ាវ មាន​សមត្ថ​ភាព មនុស្ស​ធម៌ ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន គោ​រព​ប្រ​ជា​ជន ដើម្បី​ប្រ​ជា​ជន​បម្រើ៕

យ្វី​អាញ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ