តម្លៃប្រេងឥន្ធនៈពិភពលោកកើនឡើងជាលំដាប់ក្នុងរយៈពេលកន្លង ព្រមជាមួយនឹងកង្វះប្រភពផ្គត់ផ្គង់ក្នុងប្រទេស បានបង្កកម្លាំងសម្ពាធទៅលើតម្លៃទំនិញ ពិសេសគឺវិស័យដឹកជញ្ជូននិងសម្ភារៈប្រើប្រាស់ចាំបាច់ បម្រើជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
រយៈពេលជិតៗនេះ តម្លៃប្រេងឥន្ធនៈកើនឡើងជាលំដាប់។
តាមការលើកឡើងរបស់ដេប៉ូលក់ប្រេងឥន្ធនៈ ទន្ទឹមនឹងការលំបាកអំពីប្រភពផ្គត់ផ្គង់ សព្វថ្ងៃបណ្តាដេប៉ូ ”ក៏ឈរអង្គុយមិនស្រណុក” ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើងជាលំដាប់។ ស្ថានភាពនេះ បើមិនបានស្ដារឡើងវិញ នឹងញុាំងឱ្យដេប៉ូប្រេងឥន្ធនៈធ្លាក់ក្នុងស្ថានភាពកាន់តែលក់កាន់តែខាត។ រីឯអាជីវកម្មដឹកជញ្ជូននានាកំពុងមានភ្ញៀវថយចុះដោយសាររងផលប៉ះពាល់នៃជំងឺ COVID – ១៩ ហើយបន្តប្រឈមនឹងការលំបាកខណៈពេលតម្លៃប្រេងឥន្ធនៈកើនឡើងជាលំដាប់។ល។ ប្រសិនបើតម្លៃប្រេងឥន្ធនៈបន្តកើនខ្ពស់ បណ្ដាក្រុមហ៊ុនយានយន្តបង្កើនតម្លៃព្រមៗគ្នាគឺជាប្រការដែលមិនអាចជៀសផុត ហើយខណៈពេលនោះ ទំនិញផ្សេងៗទៀតច្បាស់ជាកើនតម្លៃតាម។ ហើយផលវិបាកគឺប្រជាជន អាជីវកម្មពាក់ព័ន្ធ ត្រូវទទួលរងការបង់ខាត។
ក្នុងកិច្ចប្រជុំគណៈចង្អុលការគ្រប់គ្រងតម្លៃប្រព្រឹត្តឡើងថ្មីៗនេះ ឧបនាយករដ្ឋមន្រ្តី ឡេមិញខាយ បានសំណូមពរក្រសួងឧស្សាហ-ពាណិជ្ជកម្ម បន្តដាក់ចេញវិធានការធានាគ្រប់គ្រាន់ ប្រេងឥន្ធនៈបម្រើការផលិត អាជីវកម្មនិងជីវភាពប្រជាជន; ព្រមជាមួយនោះ ស្នើស្ថាប័នមានសមត្ថកិច្ចបង្កើនការត្រួតពិនិត្យ វិនិច្ឆ័យបន្ទាន់រាល់ទង្វើខុសឆ្គងតាមសេចក្ដីកំណត់នៃច្បាប់។ ទន្ទឹមនឹងនោះ ក្រសួងគប្បីតាមដានការប្រែប្រួលនៃស្ថានភាពប្រេងឥន្ធនៈដើម្បីមានគោលនយោបាយជំនួយសមស្របនឹងតម្លៃធានាតុល្យភាពផ្គត់ផ្គង់-តម្រូវការ មិនទុកឱ្យខ្វះប្រភពទំនិញ; ដឹកនាំចង្អុលការសម្ព័ន្ធប្រេងឥន្ធនៈវៀតណាម និងដើមទងនាំចូលនានា ដើម្បីនាំចូលសមស្រប ប្រិតសំចៃរូបិយប័ណ្ណ ធានាតម្រូវការក្នុងប្រទេស។ ក្រសួងឧស្សាហ- ពាណិជ្ជកម្ម គប្បីគិតគូរហ្មត់ចត់ កើនតម្លៃប្រេងឥន្ធនៈត្រូវជិតដិតជាមួយទីផ្សារ ត្រូវប្រិតសំចៃខ្ពស់បំផុតដែលអាចធ្វើបាន តាមលក្ខខ័ណ្ឌ ប្រើប្រាស់មូលនិធិលំនឹងតម្លៃប្រិតសំចៃការចំណាយ ក្នុងអាជីវកម្មប្រេងឥន្ធនៈដើម្បីជំនួយប្រជាជន ជំនួយខឿនសេដ្ឋកិច្ច។
ប្រេងឥន្ធនៈគឺជាមុខទំនិញយុទ្ធសាស្រ្ត មានតួនាទីសំខាន់ក្នុងការការពារសន្ដិសុខឋាមពលជាតិ។ ការម្ចាស់ការប្រភពផ្គត់ផ្គង់ ជៀសវាងការជះឥទ្ធិពលអវិជ្ជមានដល់ខឿនសេដ្ឋកិច្ច ខណៈពេលតម្លៃបន្ត ”កើនឡើង”គឺមានអត្ថន័យដ៏សំខាន់ខ្លាំងណាស់។ ដើម្បីទប់ស្កាត់ស្ថានភាព ”សាចទឹកតាមភ្លៀង” មុខទំនិញឯទៀត ស្រុះគ្នាកើនតម្លៃក្នុងរយៈពេលខាងមុខ កម្លាំងសមត្ថកិច្ចគប្បីបង្កើនការត្រួតពិនិត្យការចុះបញ្ជីឈ្មោះ បង្កើនតម្លៃលក់ទំនិញ។ ជាពិសេស ដាច់ខាតមិនអនុញ្ញាតចុះបញ្ជីឈ្មោះកើនតម្លៃ ខណៈពេលមិនគ្រប់មូលដ្ឋាន មិនសមស្របជាមួយនឹងអត្រាកើនតម្លៃវត្ថុធាតុដើម។ល។ រដ្ឋអំណាចមូលដ្ឋាននិងកម្លាំងគ្រប់គ្រងទីផ្សារ គប្បីបង្កើនការត្រួតពិនិត្យទីផ្សារ សំដៅប្រះទះឃើញទាន់ពេលនិងវិនិច្ឆ័យម៉ឺងម៉ាត់រាល់ករណី ចេតនាប្រព្រឹត្តល្មើសបង្កើនតម្លៃទំនិញគ្មាន ហេតុផល ”ប្រេងឥន្ធនៈកើនតម្លៃ”សំដៅកេងចំណេញ។ រដ្ឋនិងក្រសួង ផ្នែកនានាគប្បីសិក្សាស្រាវជ្រាវ កែតម្រូវតាមទិសដៅកាត់បន្ថយពន្ធ ដាពាក់ព័ន្ធដល់ប្រេងឥន្ធនៈ៕
តាមកាសែតប្រជាជន- ប្រែសម្រួល៖ ថាច់ធី