រួមនឹងបរិយាកាសថ្ងៃចូលរៀននៃទូទាំងប្រទេស ព្រឹកថ្ងៃទី ៥ ខែកញ្ញា ប៉ុស្តិ៍ការពារព្រំដែនហងជូយ ខេត្តកាម៉ាវ បានចាត់តាំងពិធីបើកបវេសនកាលថ្នាក់រៀនមេត្តាធម៌នៅលើកោះហងជូយ។ អញ្ជើញចូលរួមនិងចង្អុលការក្នុងពិធីនេះមាន លោកវរសេនីយ៍ឯកបម្រុង ដងកុងងៀប មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន ហងជូយ ព្រមទាំងតំណាងស្ថានីយរ៉ាដាជើងទឹក ៦១៥ ស្ថានីយសើនសមុទ្រ អាណាព្យាបាលសិស្សនិងសិស្សានុសិស្សចូលរួមពិធីនេះ។

ទិដ្ឋភាពនៃពិធីបើកបវេសនកាលថ្នាក់រៀនមេត្តាធម៌។
ទោះជាថ្នាក់រៀនមានសិស្សត្រឹមតែ ១២ នាក់ក៏ដោយ ប៉ុន្តែលោក ដងកុងងៀប មេបញ្ជាការប៉ុស្តិ៍ បានថ្លែងការណ៍ចង្អុលការ ផ្តែផ្តាំ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងថ្នាក់រៀនមេត្តាធម៌ ឱ្យខិតខំជម្នះការលំបាក បំពេញភារកិច្ចឱ្យបានល្អ ដើម្បីជួយប្អូនៗឈានឡើងក្នុងការសិក្សា។ នៅក្នុងពិធីនេះ លោកមេបញ្ជាការប៉ុស្តិ៍បានជូនអំណោយដល់លោកគ្រូ និងសិស្សានុសិស្សចំនួន ១៣ ចំណែក រួមមាន៖ កាតាប សៀវភៅ ឧបករណ៍សិក្សា សម្លៀកបំពាក់ និងទឹកប្រាក់ ក្នុងមួយចំណែកៗ មានតម្លៃ ១.០០០.០០០ ដុង បានមកពីការកៀរគរនិងដកពីមូលនិធិរបស់អង្គភាព។ ទន្ទឹមនឹងនោះ បានជូនអាហារូបករណ៍ចំនួន ២ ចំណែក ដល់កុមារ ២ រូប ដែលមានជីវភាពខ្វះខាត និងមានស្នាដៃល្អក្នុងការសិក្សា ក្នុងកម្មវិធី "ជំរុញដំណើរប្អូនទៅសាលា" ដោយទឹកប្រាក់មួយចំណែកមានតម្លៃ ៤.៥០០.០០០ ដុង។ ជាមួយនឹងនោះ គណៈបញ្ជាការស្ថានីយរ៉ាដាជើងទឹក ក៏ជូនអំណោយ ១ ចំណែក មានតម្លៃ ៥០០.០០០ ដុង ជូនដល់ថ្នាក់រៀនមេត្តាធម៌ផងដែរ។

ជូនអំណោយដល់សិស្សានុសិស្សរបស់ថ្នាក់រៀន។
ពិធីបើកបវេសនកាលបានប្រព្រឹត្តទៅដោយភាពកក់ក្តៅនៃមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅលើកោះហងជូយ រួមចំណែកកសាងកម្លាំងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជនឱ្យកាន់តែរឹងមាំ ពង្រឹងទំនុកចិត្ត កសាងយុទ្ធសាស្រ្តទឹកចិត្តប្រជាជន និងរួមចំណែកការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព សន្តិសុខព្រំដែនជាតិរបស់មាតុភូមិ៕
យី្វអាញ-ត្រឹងរ៉ូន