ពង្រីកស្មារតីឈានមុខនិងស្ម័គ្រចិត្តរបស់យុវជន សមាជិកសម្ព័ន្ធយុវជននគរបាលឃុំឡុងភូ ទីក្រុងកឹងធើ បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយផ្តោតទៅលើប្រជាជន និងសិស្សានុសិស្សដែលមានជីវភាពលំបាក។ តាមរយៈចលនាប្រឡងប្រណាំង “៣ ជាងគេគឺវិន័យជាងគេ ភក្ដីភាពជាងគេ និងនៅជិតប្រជាជនជាងគេ” យុវជននគរបាលបានបង្កើតទម្រង់សុខុមាលភាពសង្គម កាន់តែរីកសាយភាយ រួមចំណែកកសាងរូបភាពកងកម្លាំងនគរបាលដែលនៅជិតស្និទ្ធ និងយល់ពីជីវភាពរបស់ប្រជាជន។
.jpg)
យុវជននគរបាលឃុំឡុងភូ ផ្តល់ជំនួយដល់សិស្សដែលមានជីវភាពលំបាក។
សកម្មភាពមួយក្នុងចំណោមសកម្មភាពដែលបានអនុវត្តជាប្រចាំ គឺទម្រង់ “ឆ្នាំង បបរនៃសេចក្តីស្រឡាញ់-ផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺ” ដែលបានចែកជូនអាហារជាង ៥០០ ចំណែកដល់អ្នកជំងឺនៅតាមមូលដ្ឋានសុខាភិបាល។ បបរក្តៅៗត្រូវបាននាំយកទៅជូនអ្នកជំងឺដោយផ្ទាល់ ពិសេសអ្នកដែលមានជីវភាពលំបាក ទោះបីតម្លៃសម្ភារៈមិនធំដុំក៏ដោយ ប៉ុន្តែវាបង្ហាញពីការចែករំលែក និងការយកចិត្តទុកដាក់របស់យុវជននគរបាល។ ជាមួយគ្នានេះ ទម្រង់ “ល្វែងទំនិញសូន្យដុង” បានចែកជូនអំណោយជាង ៦១០ កញ្ចប់ដល់ប្រជាជន និងសិស្សានុសិស្សជាជនជាតិភាគតិចដែលមានជីវភាពលំបាក; ចំណែកទម្រង់ “ដូរសំរាម ប្លាស្ទិក យកកូនឈើនិងសម្ភារៈសិក្សា” ក៏បានអនុវត្ត មិនត្រឹមតែផ្តល់សម្លៀកបំពាក់ សៀវភៅ និងសម្ភារៈសិក្សាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថានក្នុងសហគមន៍ផងដែរ។ កុមារី ឡឹមធីង៉ុកម៉ាយ សិស្សសាលា បឋមសិក្សាឡុងភូ B ចែករំលែក៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានពូៗ មីងៗនគរបាលផ្តល់សៀវភៅ ប៊ិក និងសម្ភារៈសិក្សា។ ខ្ញុំនឹងខិតខំរៀនសូត្រឱ្យបានល្អ ដើម្បីមិនឱ្យពូៗ មីងៗខកបំណង”។
មិនត្រឹមតែយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សប៉ុណ្ណោះទេ យុវជននៃកងកម្លាំងនគរបាលឃុំឡុងភូ ក៏បានសកម្មក្នុងការអំពាវនាវដល់សប្បុរសជន ដើម្បី ផ្តល់អំណោយនិងសម្ភារៈប្រើប្រាស់ចាំបាច់ដល់គ្រួសារក្រីក្រ និងគ្រួសារដែលជួបការលំបាក; ទន្ទឹមនឹងនោះ ក៏បានចូលរួមជួយប្រជាជនក្នុងការបញ្ចូលព័ត៌មានអត្តសញ្ញាណអេឡិចត្រូនិក និងប័ណ្ណធានារ៉ាប់រងសុខាភិបាល ព្រមទាំងចុះទៅតាមផ្ទះធ្វើអត្តសញ្ញាណប័ណ្ណជូនអ្នកវ័យចាស់ និងអ្នកដែលមានស្ថានភាពលំបាកក្នុងការធ្វើដំណើរ រួមចំណែកនាំយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែជិតស្និទ្ធនឹងប្រជាជន។ លោកថាច់ហ្វាងស្វឹង នៅភូមិសុកម៉ើយ ឃុំឡុងភូ ឱ្យដឹង៖ “កម្មាភិបាលនិងយុទ្ធជននគរបាលវ័យក្មេង មានភាពសកម្មនិងជិតស្និទ្ធជាមួយប្រជាជនណាស់។ ចាប់ពីការផ្តល់អំណោយ ឧបត្ថម្ភសិស្សានុសិស្សរហូតដល់ការណែនាំប្រជាជនធ្វើលិខិតស្នាមផ្សេងៗ ពួកគាត់តែងតែយកចិត្តទុកដាក់និងជួយដោយអស់ពីចិត្ត។ សកម្មភាពទាំងនេះ ធ្វើឱ្យប្រជាជនកាន់តែមានជំនឿទុកចិត្ត និងស្រឡាញ់រាប់អានកងកម្លាំងនគរបាល”។
លោកវរសេនីយ៍ត្រី ង្វៀងហឿខ្វេដឿង លេខាសាខាសម្ព័ន្ធយុវជននគរបាលឃុំឡុងភូ ឱ្យដឹង៖ “យើងខ្ញុំកំណត់ថា សមាជិកសម្ព័ន្ធយុវជននគរបាលម្នាក់ៗ មិនត្រឹមតែអនុវត្តល្អនូវភារកិច្ចជំនាញប៉ុណ្ណោះទេ ថែមទាំងពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្តនិងមានការទទួលខុសត្រូវចំពោះសហគមន៍។ នៅពេលខាងមុខ យើងខ្ញុំនឹងបន្តអំពាវនាវដល់យុទ្ធជនចូលរួមវិភាគទាន ដើម្បីបន្តរក្សាទម្រង់ដែលមានប្រសិទ្ធភាព ព្រមទាំងចលនាប្រភពធនធានក្នុងសង្គមបន្ថែមទៀត ដើម្បីគិតគូរឱ្យបានល្អចំពោះប្រជាជនក្រីក្រ អ្នកវ័យចាស់គ្មានទីពឹង អ្នកដែលងាយរងគ្រោះ និង សិស្សជនជាតិភាគតិចដែលមានជីវភាពលំបាក បង្កការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធដើម្បីឱ្យប្រជាជនយល់ និងរួមដំណើរជាមួយកងកម្លាំងនគរបាល ក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់”។
តាមរយៈសកម្មភាពជាក់ស្តែងទាំងនេះ យុវជននគរបាលឃុំឡុងភូ កំពុងរួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ និងបង្កើនទំនាក់ទំនងរវាងកងកម្លាំងនគរបាលជាមួយប្រជាជន។ ឆ្លងតាមរយៈនោះ ក៏បានចូលរួមឃោសនាចលនាដល់ជនជាតិភាគតិច គោរពនិងអនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ សកម្មចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ រួមកម្លាំងកសាងមាតុភូមិឡុងភូឱ្យកាន់តែមានការរីកចម្រើន៕
យ៉ីអាញ-ពេជ្រសឿន