ព្រឹកថ្ងៃទី ២០ ខែកក្កដា ក្រុមការងារនៃគណះបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ដឹកនាំដោយលោកវរសេនីយ៍ឯក ផាម ឡេស្វឹងប៊ិញ មេបញ្ជាការធ្វើជាប្រធានក្រុម បានអញ្ជើញមកសួរសុខទុក្ខ និងជូនអំណោយដល់បណ្តាគ្រួសារជាសាច់ញាតិយុទ្ធជនពលី យុទ្ធជនពិការ និងវីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជននៅលើភូមិដ្ឋាន នាឱកាសខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំ ទិវាយុទ្ធជនពិការ - យុទ្ធជនពលី (២៧/៧/១៩៤៧ - ២៧/៧/២០២៦)។

លោកវរសេនីយ៍ឯក ផាម ឡេស្វឹងប៊ិញ មេបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ជូនអំណោយដល់គ្រួសារលោកវរសេនីយ៍ឯក ឡេ មិញគើ វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតមេបញ្ជាការកងទ័ពការពារព្រំដែនខេត្តសុកត្រាំង (ចាស់)។
ក្រុមបានអញ្ជើញមកសួរសុខទុក្ខ និងជូនអំណោយដល់លោកវរសេនីយ៍ឯក ឡេ មិញគើ វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតមេបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ; សួរសុខទុក្ខគ្រួសារយុទ្ធជនពលី វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន ង្វៀងវៀតហុង អតីតស្នងការនយោបាយកងអនុសេនាធំការពារគណៈកម្មាធិការបក្សខេត្តសុកត្រាំង (B68)។
នៅតាមកន្លែងដែលមកសួរសុខទុក្ខ លោកវរសេនីយ៍ឯក ផាម ឡេស្វឹងប៊ិញ បានសួរសុខទុក្ខយ៉ាងកក់ក្តៅអំពីសុខភាព និងការរស់នៅរបស់គ្រួសារនីមួយៗ; ព្រមទាំងសម្តែងនូវទឹកចិត្តដឹងគុណ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគ និងលះបង់ដ៏ធំធេងរបស់បណ្តាវីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនពិការ - យុទ្ធជនពលី ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ កសាងនិងការពារមាតុភូមិ។ លោកបានបញ្ជាក់៖ ជំនាន់កម្មាភិបាល និងយុទ្ធជននានានៃកងទ័ពការពារព្រំដែនទីក្រុងកឹងធើ តែងតែគោរពដ៏ខ្ពង់ខ្ពស់ កត់ត្រាទុកក្នុងចិត្តនូវគុណបំណាច់របស់បុព្វបុរសជំនាន់មុនៗ ហើយនឹងបន្តពង្រីកប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម កងទ័ពការពារព្រំដែន សម្រេចបានល្អនូវភារកិច្ចគ្រប់គ្រង ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព សន្តិសុខតំបន់ព្រំដែនសមុទ្រ។ ទន្ទឹមនឹងនោះ ក៏សង្ឃឹមថា គ្រួសារទាំងឡាយនឹងបន្តពង្រីកប្រពៃណីបដិវត្តន៍ ធ្វើជាបង្អែកអប់រំកូនចៅឱ្យយកគំរូតាមជំនាន់ដូនតា ខិតខំរៀនសូត្រ ពលកម្ម រួមចំណែកកសាងស្រុកកំណើតឱ្យកាន់តែរីកចម្រើន និងសម្បូរសប្បាយ។

លោកវរសេនីយ៍ឯក ផាម ឡេស្វឹងប៊ិញ មេបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ជូនអំណោយដល់គ្រួសារយុទ្ធជនពលី វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន ង្វៀង វៀតហុង អតីតស្នងការនយោបាយនៃកងអនុសេនាធំការពារគណៈកម្មាធិការបក្សខេត្តសុកត្រាំង (B68)។
សកម្មភាពសួរសុខទុក្ខ និងជូនអំណោយបណ្តាគ្រួសារគោលនយោបាយ គឺជាការងារប្រចាំឆ្នាំរបស់គណះបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បង្ហាញពីមនោសញ្ចេតនា ការទទួលខុសត្រូវ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះអ្នកដែលមានការបរិច្ចាគ និងលះបង់ដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ រួមចំណែកអប់រំប្រពៃណីស្នេហាជាតិ ទឹកចិត្តដឹងគុណ និងការទទួលខុសត្រូវដល់កម្មាភិបាល និងយុទ្ធជនក្នុងទូទាំងអង្គភាព៕
យ្វីអាញ - មេងលី