ជារៀងរាល់ថ្ងៃសីល នៅវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរនានា នៅឃុំធ្វឹងហ្វា ទីក្រុងកឹងធើ កម្មាភិបាលនិងយុទ្ធជននគរបាល តែងមានមុខយ៉ាងទៀងទាត់ ដើម្បីផ្សព្វផ្សាយច្បាប់ជូនដល់ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទ។ ទម្រង់ផ្សព្វផ្សាយរួមបញ្ចូលក្នុងការប្រជុំជីវភាពសាសនា បាននិងកំពុងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងតំបន់ជនរួមជាតិខ្មែរ។

នគរបាលឃុំធ្វឹងហ្វា ផ្សព្វផ្សាយច្បាប់ជូនព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទ
នៅវត្តព្រះបួនព្រះភ័ក្ត្រ។
នាព្រឹកថ្ងៃសីលមួយនៅវត្តព្រះបួនព្រះភ័ក្ត្រ ពុទ្ធបរិស័ទរាប់រយនាក់ បានជួបជុំគ្នាយ៉ាងកុះករ ប្រគេនចង្ហាន់ដល់ព្រះសង្ឃតាមពិធីការសាសនា។ ក្រោយពីពិធី ប្រជាជនបានអង្គុយរង់ចាំស្ដាប់កម្មាភិបាល យុទ្ធជនផ្សព្វផ្សាយនូវរឿងរ៉ាវជាក់ស្តែង ជិតដិត អំពីកិច្ចការផ្សេងៗដែលកើតមានឡើងក្នុងជីវភាព ឆ្លងតាមរយៈនោះបានផ្ទេរជូននូវបទប្បញ្ញត្តិនៃច្បាប់យ៉ាងទន់ភ្លន់ និងងាយយល់។
អ្នកមីង យ័ញ ធីជៀង ពុទ្ធបរិស័ទវត្តព្រះបួនព្រះភ័ក្ត្រ ឱ្យដឹង៖ “ស្តាប់កម្មាភិបាលនគរបាលផ្សព្វផ្សាយរួច ពេលត្រឡប់ទៅផ្ទះវិញ ខ្ញុំបានរំលឹកកូនចៅ ពេលចូលរួមចរាចរណ៍ ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ រស់នៅនិងធ្វើកិច្ចការតាមរដ្ឋធម្មនុញ្ញនិងច្បាប់; មិនធ្លាក់ខ្លួនទៅក្នុងអបាយមុខគ្រឿងញៀន និងចេះរបៀបការពារទ្រព្យសម្បត្តិរបស់គ្រួសារ”។
ក្រៅពីនោះ កម្លាំងនគរបាលនៅទាំងផ្តល់ព័ត៌មានអំពីការប្រើប្រាស់កម្មវិធីកំណត់អត្តសញ្ញាណអេឡិកត្រូនិក VNeID; ឧទ្ទេសនាមបណ្តាឧបករណ៍ប្រើប្រាស់ជាក់ស្តែង ដូចជាការបញ្ចូលឯកសារឯកជន អនុវត្តសេវារដ្ឋតាមប្រព័ន្ធអនឡាញ និងឆ្លុះបញ្ចាំងមតិយោបល់អំពីសន្តិសុខ សណ្តាប់ធ្នាប់...។ល។ ជួយប្រជាជនជាជំហានខិតជិតការផ្លាស់ប្តូរឌីជីថល បង្កើតជាទម្លាប់ប្រើប្រាស់ឧបករណ៍ឌីជីថល ក្នុងការដោះស្រាយនីតិវិធីរដ្ឋបាល។
អ្នកមីង លី ធីស៊ុង ពុទ្ធបរិស័ទម្នាក់របស់វត្ត បានឱ្យដឹង៖ “ឥឡូវនេះ ខ្ញុំបានយល់ច្បាស់ពីបទប្បញ្ញត្តិ ក្រោយពីកើតកូនរួចត្រូវតែធ្វើសំបុត្រកំណើតឱ្យបានទាន់ពេលសម្រាប់កុមារ និងអត្ថប្រយោជន៍នៃការកំណត់អត្តសញ្ញាណនៅលើ VNeID។ ខ្ញុំនឹងរំលឹកកូនចៅឱ្យអនុវត្តបានត្រឹមត្រូវតាមបទប្បញ្ញត្តិ ដើម្បីងាយស្រួលនូវពេលធ្វើនីតិវិធីរដ្ឋបាល”។
ឃុំធ្វឹងហ្វា បច្ចុប្បន្ន មានវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរចំនួន ៣ វត្ត គឺវត្តចំប៉ា វត្តព្រះបួនព្រះភ័ក្ត្រ និងវត្តតាគុជចាស់ ជាមួយនឹងពុទ្ធបរិស័ទរាប់រយនាក់ ចូលរួមប្រជុំជីវភាពជាប្រចាំ។ នេះក៏ជាទីតាំងដែលនគរបាលឃុំ ជ្រើសរើសដើម្បីរក្សាការផ្សព្វផ្សាយជារៀងរាល់ថ្ងៃសីល។ ក្រោយពីការផ្សព្វផ្សាយរបស់កម្មាភិបាលនគរបាល ព្រះឧបជ្ឈាយ៍ ថាច់ បន ព្រះចៅអធិការវត្តព្រះបួនព្រះភ័ក្ត្រ បន្តស្រាយបំភ្លឺឡើងវិញជាភាសាខ្មែរ នូវរាល់ខ្លឹមសារសំខាន់ៗ ដើម្បីឱ្យមាមីងងាយស្រួលក្នុងការទទួលយក។ ព្រះឧបជ្ឈាយ៍ ថាច់ បន មានថេរដីការ៖ “ការផ្សព្វផ្សាយដោយភាសាកំណើត ជួយឱ្យមាមីងយល់ដឹង និងចងចាំបានយូរជាង។ ពេលដែលយល់ មាមីងនឹងមិនត្រូវជនខិលខូចបោកប្រាស់ទៀត ចេះការពារខ្លួនឯង គ្រួសារ និងរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរស់នៅល្អ បវរសាសនា”។
តាមប្រសាសន៍លោកអនុសេនីយ៍ទោ យ័ញ មិញធៀង ប្រធានក្រុមនគរបាលតំបន់ នគរបាលឃុំធ្វឹងហ្វា ការជ្រើសរើសវត្តអារាមធ្វើជាកន្លែងផ្សព្វផ្សាយ គឺចេញមកពីលក្ខណៈពិសេសនៃការប្រជុំជីវភាពរបស់ជនរួមជាតិខ្មែរ។ ពេលដែលប្រជាជនយល់ដឹងច្បាប់ លើកកម្ពស់ស្មារតីស្វ័យការពារ ស្វ័យគ្រប់គ្រង ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ នឹងកាន់តែពង្រីកប្រសិទ្ធភាពខ្ពស់។
ផ្តើមចាប់ពីពេលផ្សព្វផ្សាយដ៏សាមញ្ញ នៅក្រោមដំបូលវត្តអារាម ច្បាប់ជាជំហានកំពុងបញ្ជ្រាបទៅក្នុងជីវភាពរបស់មាមីងខ្មែរ។ ពុទ្ធបរិស័ទម្នាក់ៗ ក្រោយពេលយល់ដឹងពីច្បាប់ នឹងក្លាយទៅជាអ្នកផ្សព្វផ្សាយម្នាក់នៅក្នុងគ្រួសារ។ នោះក៏ជាថ្នាលដើម្បីកសាងយុទ្ធសាស្ត្រសន្តិសុខប្រជាជនដ៏រឹងមាំ រួមចំណែកក្នុងការរក្សាសុខសាន្តត្រាណភូមិស្រុកធ្វឹងហ្វា៕
ថាច់ ពេជ្រ - មេងលី