“កំណត់ត្រាប្រចាំថ្ងៃបីល្អបំផុត” គឺជាចលនាប្រឡងប្រណាំងដ៏មានអត្ថន័យ អាស្រ័យសមាគមនារីនគរបាលប្រជាជនផ្តួចផ្តើមឡើង ផ្សារភ្ជាប់ជាមួយក្រមលក្ខឋាន “បំពេញការងារបានល្អបំផុត ជិតស្និទ្ធប្រជាជនបំផុតក្នុងការបម្រើនិងទំនួលខុសត្រូវបំផុតក្នុងសកម្មភាព”។ តាមរយៈទំព័រកំណត់ត្រាប្រចាំថ្ងៃនីមួយៗ រូបភាពយុទ្ធនារីនគរបាលខេត្តកាម៉ាវ បានបង្ហាញឡើងយ៉ាងស្និទ្ធស្នាល មនុស្សធម៌ យកចិត្តទុកដាក់ចំពោះការងារនិងបម្រើប្រជាជនដោយអស់ពីចិត្ត។

សមាគមនារីនៅតាមបណ្ដុំប្រឡងប្រណាំងនៃនគរបាលខេត្តកាម៉ាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តចលនា “កំណត់ត្រាប្រចាំថ្ងៃបីល្អបំផុត”។
សម្រាប់នគរបាលខេត្តកាម៉ាវ ចលនានេះបានអនុវត្តយ៉ាងទូលំទូលាយដល់សមាគមនារីគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ខេត្តដល់មូលដ្ឋាន និងក្លាយជាកិច្ចការប្រចាំរបស់កម្មាភិបាល យុទ្ធនារីនគរបាល។ ទំព័រកំណត់ត្រាប្រចាំថ្ងៃនីមួយៗ មិនត្រឹមតែជាកន្លែងរក្សានូវអនុស្សាវរីយ៍ក្នុងអាជីពប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់បុគ្គលម្នាក់ៗ ពិនិត្យនិងវាយតម្លៃខ្លួនឯងឡើងវិញនៃដំណើរការអនុវត្តចលនាប្រឡងប្រណាំង “បីល្អបំផុត”។ វរសេនីយ៍ត្រីត្រិញង៉ុកថាវ ប្រធានសមាគមនារីនៃការិយាល័យនគរបាលចរាចរណ៍ ចែករំលែក៖ “ក្នុងពេលចុះទៅផ្សព្វផ្សាយនៅអនុវិទ្យាល័យនិងវិទ្យាល័យខាញ់អាង ខ្ញុំបានណែនាំដោយផ្ទាល់អំពីជំនាញបើកបរសុវត្ថិភាព ចែកជូនខិត្តប័ណ្ណផ្សព្វផ្សាយដល់សិស្សានុសិស្ស និងឆ្លើយបំភ្លឺស្ថានការណ៍ចរាចរណ៍ជាក់ស្តែងនានា។ ប្រការដែលធ្វើឱ្យខ្ញុំខ្វល់ខ្វាយ មិនត្រឹមតែជាការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតស្មារតីគោរពច្បាប់ដល់ប្អូនៗ តាំងពីនៅអង្គុយលើកៅអីសាលារៀន។ រូបភាពសិស្សានុសិស្សផ្តោតអារម្មណ៍ស្តាប់យ៉ាងយកចិត្តទុកដាក់ ចូលរួមយ៉ាងសប្បាយរីករាយ និងនៅបន្តថតរូបអនុស្សាវរីយ៍ជាមួយកម្លាំងនគរបាលចរាចរណ៍ បន្ទាប់ពីចប់កម្មវិធីផ្សព្វផ្សាយ បានក្លាយជាកម្លាំងចិត្តដើម្បីខ្ញុំបន្តខិតខំប្រឹងប្រែងក្នុងការងារបន្ថែមទៀត”។

យុទ្ធនារីនគរបាលខេត្តកាម៉ាវ កំពុងអនុវត្តការងារធ្វើឯកសារផ្ដល់អត្តសញ្ញាណជូនសិស្សានុសិស្ស។
រឿងរ៉ាវរបស់វរសេនីយ៍ត្រី ត្រិញង៉ុកថាវ បានធ្វើឱ្យរីកសាយភាយស្មារតីទទួលខុសត្រូវក្នុងការងារផ្សព្វផ្សាយ ឯទំព័រកំណត់ត្រាប្រថ្ងៃថ្ងៃរបស់អនុសេនីយ៍ឯកបម្រុង ផាមធី កម្មាភិបាលសមាគមនារីផ្នែកការងារនយោបាយ ក៏រឹតតែធ្វើឱ្យរំជួលចិត្ត ដោយសារស្មារតីចែករំលែកជាមួយមាមីងកសិករក្នុងគ្រាលំបាក។ នោះគឺនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៦ ពេលដែលប្រជាកសិករជាច្រើនគ្រួសារនៅឃុំ ខាញ់ប៊ិញនិងដាបាក់ ជួបការលំបាកក្នុងការលក់កសិផល ពិសេសគឺផ្លែល្ពៅដល់រដូវប្រមូលផល ប៉ុន្តែឈ្មួញបានផ្អាកការទិញ ហើយតម្លៃក៏ធ្លាក់ចុះយ៉ាងខ្លាំង។ ភ្លាមៗនោះ បន្ទាប់ពីទទួលបានព័ត៌មាន សមាគមនារីនគរបាលខេត្ត បានប្រញាប់ប្រញាលរៀបចំសកម្មភាពគាំទ្រលក់កសិផលជូនមាមីងកសិករ។ រយៈពេលត្រឹមតែ ៥ ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការល្ពៅជាង ២០ តោន ដែលមានតម្លៃសរុបជាង ១២០ លានដុង ត្រូវបានកម្មាភិបាលនិងយុទ្ធជនទិញនិងជួយលក់ដោយផ្ទាល់។ អនុសេនីយ៍ឯកបម្រុង ផាមធីធី ឱ្យដឹង៖ “ប្រការដែលធ្វើឱ្យខ្ញុំរំភើបចិត្តបំផុត មិនមែនស្ថិតនៅលើតួលេខនោះទេ គឺជាស្មារតីសាមគ្គីរបស់កម្មាភិបាលនិងយុទ្ធជន ក្នុងការព្រួតដៃជួយប្រជាជនឆ្លងផុតការលំបាក។ ខ្ញុំយល់ថា ពាក្យ“ជិតនឹងប្រជាជនបំផុត” មិនមែនគ្រាន់តែជាពាក្យស្លោកទេ ប៉ុន្តែមានន័យថា យើងមានវត្តមានចំពេល ធ្វើអ្វីដែលប្រជាជនត្រូវការបំផុត និងទាន់ពេលវេលាបំផុត ដើម្បីបង្កើតសេចក្តីរីករាយនិងផ្ដល់ទំនុកចិត្តសម្រាប់ប្រជាជន”។
មិនត្រឹមតែនៅថ្នាក់ខេត្តប៉ុណ្ណោះទេ ចលនា “កំណត់ត្រាប្រចាំថ្ងៃបីល្អបំផុត” ក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់មូលដ្ឋាន កន្លែងដែលកម្មាភិបាលនារីនិងយុទ្ធនារីនគរបាលឃុំ កំពុងនៅជិតដិតនឹងប្រជាជន ផ្សារភ្ជាប់នឹងមូលដ្ឋានដើម្បីបំពេញភារកិច្ចជារៀងរាល់ថ្ងៃ។ នៅទីស្នាក់ការនគរបាលឃុំវិញឡើយ អនុសេនីយ៍ឯក ឡេហ្វិញចូវ បានកត់ត្រាថ្ងៃបំពេញការងារដ៏មានអត្ថន័យមួយនៅពេលបានរួមដំណើរជាមួយក្រុមការងារចុះសួរសុខទុក្ខ និងជូនអំណោយអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ តាមរយៈដំណើរចុះទៅតាមមូលដ្ឋាន អនុសេនីយ៍ឯកចូវ កាន់តែមានអារម្មណ៍យល់ច្បាស់ពីសេចក្តីស្រឡាញ់ និងការជឿទុកចិត្តដែលប្រជាជនផ្តល់ជូនកម្លាំងនគរបាលមូលដ្ឋាន។ អនុសេនីយ៍ឯកចូវ រៀបរាប់៖ “ពាក្យលើកទឹកចិត្តដ៏សាមញ្ញរបស់មាមីងជនរួមជាតិខ្មែរ ដូចជា៖ “កូនៗបានខិតខំថែរក្សាភាពសុខសាន្តជូនភូមិស្រុក មាមីងជឿទុកចិត្តណាស់!” បានក្លាយជាកម្លាំងចិត្តសម្រាប់នារីនគរបាលដូចពួកខ្ញុំ យើងខ្ញុំបន្តខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរ”។
វរសេនីយ៍ទោ ង្វៀងថាញថ្វង ប្រធានផ្នែកនារីនគរបាលខេត្ត បញ្ជាក់៖ “អាចនិយាយបានថា ចលនា “កំណត់ត្រាប្រចាំថ្ងៃបីល្អបំផុត” មិនត្រឹមតែជាវិធីធ្វើឱ្យកម្មាភិបាលនិងយុទ្ធនារីនគរបាលម្នាក់ៗ ពិនិត្យឡើងវិញនូវដំណើរការបម្រើការងារ និងឆ្លុះបញ្ចាំងខ្លួនឯងក្នុងការបំពេញភារកិច្ចប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរក្សានូវអនុស្សាវរីយ៍អាជីព និងជាស្ពានតភ្ជាប់ក្នុងការផ្សព្វផ្សាយអំពើល្អ ទឹកចិត្តមនុស្សធម៌របស់យុទ្ធនារីនគរបាលក្នុងជីវិតប្រចាំថ្ងៃទៀតផង។ តាមរយៈទំព័រអក្ខរានីមួយៗ រូបភាពនារីនគរបាលខេត្តកាម៉ាវ បានបង្ហាញពីភាពស្និទ្ធស្នាល ការទទួលខុសត្រូវនិងពោរពេញដោយទឹកចិត្តមនុស្សធម៌ រួមចំណែកធ្វើឱ្យលេចធ្លោរូបភាពយុទ្ធជននគរបាលប្រជាជន “ដើម្បីប្រទេសជាតិហ៊ានលះបង់ ដើម្បីប្រជាជនស្ម័គ្របម្រើ” ”៕
យ៉ីអាញ - ពេជ្រសឿន