មហោស្រពចម្រៀងប្រជាប្រិយខ្មែរ តំបន់វាលរាបទន្លេគឺវឡុង លើកទី១-២០១៨ អាស្រ័យនាយកដ្ឋានទូរទស្សន៍ភាសាជនជាតិនៃស្ថានីយទូរទស្សន៍វៀតណាម(VTV5) សហការជាមួយស្ថានីយវិទ្យុទូរទស្សន៍ខេត្តសុកត្រាំង រៀបចំឡើង ទើបតែបញ្ចប់ដោយជោគជ័យ។ តាមរយៈទំនុកភ្លេងនិងបទចម្រៀងប្រជាប្រិយប្រពៃណីបេក្ខជនគ្រប់រូបបានបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
គណៈចាត់តាំងជូនរង្វាន់លេខ៣ដល់បេក្ខជនទាំង៣នាក់។
មហោស្រពចម្រៀងប្រជាប្រិយខ្មែរ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១ដល់ទី៥ ខែតុលា ឆ្នាំ២០១៨ ទាក់ទាញសិប្បករ សិល្បករសិល្បការិនី សិស្សនិស្សិតមិនជំនាញជាង៣០០នាក់ មកពីសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិក មហាវិទ្យាល័យនៅបណ្ដាខេត្ត ក្រុង តំបន់វាលរាបទន្លេគឺវឡុង។ រាល់ខ្លឹមសារនៃឈុតសម្ដែង រួមមានស្ងើចសរសើរគុណបក្ស អ៊ំហូ ភូមិស្រុកផ្លាស់ថ្មី ស្ងើចសរសើរស្មារតីសាមគ្គី ស្នេហាមាតុភូមិ ពិធីបុណ្យប្រជាប្រិយ មនោសញ្ចេតនាគ្រួសារ។ល។ សិល្បករឆ្នើម សឺនលឿងប្រធានគណៈកម្មការមេប្រយោគ ឲ្យដឹង៖ “ដំបូង យើងខ្ញុំមានការបារម្ភណាស់ដែរពីព្រោះនេះជាលើកដំបូងដែលចាត់តាំងប្រឡងទម្រង់ចម្រៀងប្រជាប្រិយខ្មែរ។ មហោស្រពចម្រៀងបានទាក់ទាញបេក្ខជន ចូលរួមមានអាយុចាប់ពី១០ដល់៩២ឆ្នាំ។ ប្រការនេះសឲ្យឃើញថា ចម្រៀងប្រជាប្រិយខ្មែរតែងបានមាមីងយើងនិយមចូលចិត្តនិងថែរក្សា”។ តាមការវាយតម្លៃរបស់គណៈកម្មការមេប្រយោគ បេក្ខជនគ្រប់រូបសុទ្ធសឹងមានការត្រៀមបម្រុងខ្លឹមសារយ៉ាងហ្មត់ចត់ និងឆ្លើយតបតាមតម្រូវការ។
ឆ្លងតាមរយៈឈុតសម្តែងអមដោយសូរសំនៀងពិរោះរណ្តំរបស់បេក្ខជន បានទាក់ទាញមាមីងខ្មែរមកគាំទ្រយ៉ាងច្រើនកុះករ រួមចំណែកញំាុងឲ្យពិធីមហោស្រពសម្រេចជោគជ័យល្អប្រសើរ។ បេក្ខជនជាប់លេខ៣ សឺនធីយីវ នៅឃុំភូតឹន ស្រុកចូវថាញ់ ឲ្យដឹង៖ “កាលពីតូច ប្អូនចូលចិត្តចម្រៀងប្រជាប្រិយខ្មែរ មកទល់ឥឡូវទើបមានឱកាសសម្តែងបង្ហាញ។ សម្រាប់ប្អូន មហោស្រពពិតជាមានអត្ថន័យមិនត្រឹមតែជួយឧទ្ទេសនាមពីចម្រៀងប្រជាប្រិយរបស់ជនជាតិដល់មិត្តយុវវ័យខ្មែរគ្រប់រូបប៉ុណ្ណោះទេ នៅទាំងឧទ្ទេសនាមដល់បណ្តាជនជាតិជាបងប្អូនក្នុងទូទាំងប្រទេសទៀតផង”។ ចំណែកបេក្ខជនជាប់លេខ១ ឡឹមធីយៀន និស្សិតមកពីសាលាមធ្យមសិក្សាវប្បធម៌សិល្បៈសុកត្រាំង ឲ្យដឹង៖ “ជាច្រើនឆ្នាំមកនេះ ប្អូនច្រៀងតែបទទំនើបចម្រុះ។ រយៈពេលជិត១ខែហាត់សមច្រៀងចម្រៀងប្រជាប្រិយគឺមិនមែនជាការងាយទេ។ ក្រោយពេលដឹងថាខ្លួនជាប់ចំណាត់ថ្នាក់លេខ១ ប្អូនសប្បាយចិត្តនិងមានមោទនភាពខ្លាំងណាស់ពេលបានច្រៀងចម្រៀងប្រជាប្រិយរបស់ជនជាតិខ្លួន”៕
លីធាន-ថាច់ធី