រយៈពេលជាង ២០ ឆ្នាំផ្សារភ្ជាប់នឹងអាជីពជាគ្រូបង្រៀន លោកគ្រូម៉ាយយ៉ុងត្រាង គ្រូបង្រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ តែងយកអស់ពីចិត្តក្នុងការផ្ទេរចំណេះដឹងភាសាបាលី និងអក្សរសាស្ត្រខ្មែរជូនដល់សមណសិស្ស និងសិស្សជាច្រើនជំនាន់ រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សភាសានៃគម្ពីរព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ព្រមទាំងភាសានិងអក្សរសាស្ត្ររបស់ជនជាតិ។

លោកគ្រូ ម៉ាយយ៉ុងត្រាង - គ្រូបង្រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។
តាំងពីតូច លោកគ្រូ ម៉ាយយ៉ុងត្រាង បានចិញ្ចឹមក្ដីស្រមៃចង់ធ្វើជាគ្រូបង្រៀន។ ក្នុងគោលបំណងអភិរក្សភាសានិងអក្សរសាស្ត្ររបស់ជនជាតិ នៅឆ្នាំ ១៩៩៣ លោកគ្រូបានចូលរៀនចំណេះដឹងទូទៅ និងថ្នាក់គរុកោសល្យមធ្យមសិក្សាជំនាញ ឧភយភាសា (ខ្មែរ-វៀត) នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ ក្រោយពេលបញ្ចប់ការសិក្សានៅឆ្នាំ ១៩៩៧ លោកគ្រូបានចាត់បញ្ជូនមកបង្រៀននៅសាលាអនុវិទ្យាល័យពោធិដល់ឆ្នាំ ២០១២ លោកគ្រូបានប្តូរទៅបង្រៀននៅសាលាអនុវិទ្យាល័យតូងឌឹកថាំង។ លុះដល់ឆ្នាំ ២០១៤ លោកគ្រូបានចាត់បញ្ជូនមកបង្រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ដែលជាសាលាចាស់របស់លោកគ្រូធ្លាប់សិក្សារហូតមកដល់សព្វថ្ងៃ។
លោកគ្រូ ម៉ាយយ៉ុងត្រាង ចែករំលែក៖ “នៅសាលា ខ្ញុំបានចាត់ឱ្យទទួលបន្ទុកបង្រៀនមុខវិជ្ជា ភាសាបាលី-ខ្មែរ។ ទោះបីភាសាបាលីជាមុខវិជ្ជាពិបាក ប៉ុន្តែតាមរយៈស្រាវជ្រាវ និងរៀនសូត្រពីលោកគ្រូជំនាន់មុនដែលមានបទពិសោធន៍ តាំងពីពេលខ្ញុំនៅរៀនថ្នាក់ពុទ្ធិកបឋមសិក្សានិងមធ្យមសិក្សាបាលី រួមនឹងការខិតខំស្វ័យសិក្សាបន្ថែម បានជួយឱ្យខ្ញុំមានចំណេះដឹងគ្រប់គ្រាន់ដើម្បីផ្ទេរចំណេះដឹងខាងមុខវិជ្ជានេះដល់សមណសិស្ស។ ដោយសារនេះជា “ភាសាបុរាណ” ទើបការសិក្សាមានការលំបាកខ្លាំង”។ ដើម្បីបង្កក្តីស្រឡាញ់ និងការជក់ចិត្តចំពោះមុខវិជ្ជាបាលី-ខ្មែរ លោកគ្រូត្រាង តែងអនុវត្តវិធីសាស្ត្របង្កល្បះពីភាសាបាលីមកជាភាសាខ្មែរ និងផ្ទុយមកវិញ។ ទន្ទឹមនឹងនោះ លោកគ្រូបានបែងចែកក្រុមពិភាក្សា និងអនុវត្តបច្ចេកវិទ្យាព័ត៌មានតាមរយៈការបញ្ចាំងស្លាយ (PowerPoint) ក្នុងការបង្រៀន។ វិធីសាស្ត្រទាំងនេះជួយឱ្យសមណៈសិស្សមានចំណាប់អារម្មណ៍កាន់តែខ្លាំង និងរួមចំណែកលើកកម្ពស់គុណភាពអប់រំរបស់សាលា។ សមណៈសិស្ស គៀងសុខា មានថេរដីកា៖ “លោកគ្រូត្រាង មានចំណេះដឹងជ្រៅជ្រះខាងបកប្រែបាលី-ខ្មែរ ជាមួយនឹងរបៀបបង្ហាត់បង្ហាញមានប្រព័ន្ធច្បាស់លាស់ ងាយយល់ និងងាយចងចាំ តាំងពីផ្នែកវេយ្យាករណ៍រហូតដល់ការប្រើប្រាស់ពាក្យពេចន៍។ ក្នុងម៉ោងសិក្សា ប្រសិនបើមានសមណៈសិស្សអង្គណាមិនទាន់យល់ច្បាស់ លោកគ្រូតែងត្រៀមលក្ខណៈជួយពន្យល់ណែនាំឡើងវិញយ៉ាងអស់ពីចិត្ត”។
វាយតម្លៃចំពោះលោកគ្រូម៉ាយយ៉ុងត្រាង លោកគ្រូថាច់រឹទ្ធ - ចាងហ្វាងរង បានបញ្ជាក់៖ “លោកគ្រូត្រាង ជាគ្រូបង្រៀនដែលមានជំនាញវិជ្ជាជីវៈ និងមានមូលដ្ឋានចំណេះដឹងយ៉ាងជ្រៅជ្រះផ្នែកភាសាបាលី។ ក្រៅពីអត្តចរិតរួសរាយរាក់ទាក់ លោកគ្រូត្រៀមលក្ខណៈជានិច្ចក្នុងការជួយជ្រោមជ្រែងមិត្តរួមការងារ។ រយៈពេលកន្លងមក លោកគ្រូតែងអនុវត្តសម្រេចភារកិច្ចដែលបានប្រគល់ជូន ជាបុគ្គលគំរូសម្រាប់មិត្តរួមការងារ និងសិក្ខាកាមរៀនសូត្រតាម”៕
ថាញវ៉ាង - ថាច់ធី