រយៈពេលកន្លង ទីក្រុងកឹងធើ បានលើកកម្ពស់គុណភាពអប់រំភាសាជនជាតិភាគតិច ដោយមានគោលនយោបាយថ្មីៗជាច្រើន ប្រព័ន្ធសាលារៀនបានបើកទូលាយ រួមចំណែកថែរក្សាភាសានិងអក្សររបស់ជនជាតិភាគតិច។

ថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាលនៅវត្តសិរីតាម៉ឺន។
ដោយលក្ខណៈពិសេសមានជនជាតិខ្មែររស់នៅកុះករ ផ្នែកអប់រំទីក្រុង បន្តចាត់ទុកការអប់រំភាសាជនជាតិភាគតិចជាភារកិច្ចដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍អប់រំគ្រប់ជ្រុងជ្រោយ។
ចាប់ពីដើមឆ្នាំសិក្សា មន្ទីរអប់រំនិងបណ្ដុះបណ្ដាលទីក្រុងកឹងធើ បានប្រកាសឱ្យប្រើឯកសារចង្អុលការសេចក្តីណែនាំអនុវត្តកម្មវិធីអប់រំជនជាតិត្រូវតាមទិសដៅរបស់យុទ្ធសាស្ត្រការងារជនជាតិ ដំណាក់កាល ២០២១-២០៣០។ ពិសេស គឺសារលិខិតលេខ ១០៤៩/SGDĐT- QLCL ចុះថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៥ អំពីការបង្រៀនភាសាខ្មែរចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងសារលិខិតលេខ ១៦៨៣/SGDĐT- QLCL ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ណែនាំអនុវត្តភារកិច្ចអប់រំជនជាតិ។ មន្ទីរក៏បានសហការជាមួយមន្ទីរជនជាតិនិងសាសនា ក្នុងការផ្សព្វផ្សាយគោលនយោបាយជនជាតិ ធានាសិទ្ធិរៀនសូត្រស្មើភាពដល់សិស្សជនជាតិភាគតិច ទន្ទឹមនឹងនោះ បង្កើនការត្រួតពិនិត្យដោះស្រាយការលំបាក ដើម្បីលើកកម្ពស់គុណភាពបង្រៀននិងរៀន។
បច្ចុប្បន្ន ទូទាំងទីក្រុងមានសាលារៀនបង្រៀនអក្សរខ្មែរចំនួន១៤១ សាលាមាន១.៧៦៦បន្ទប់ និងមានសិស្សជាង៤៨.០០០ នាក់។ ទន្ទឹមនឹងនោះ មានសាលាជនជាតិអន្តេវាសិកចំនួន១៣ បានយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈ ធានាគ្រប់លក្ខណៈសម្រាប់សិស្សរៀនសូត្រនិងស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ កងជួរគ្រូបង្រៀនអក្សរខ្មែរមាន២៣៩នាក់ ឆ្លើយតបនឹងតម្រូវការបង្រៀននិងរៀនកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកគ្រូ គឹមមិញហាយ គ្រូបង្រៀនអក្សរខ្មែរនៅសាលាបឋមសិក្សាឡុងភូA ឱ្យដឹង៖ “កម្មវិធីភាសាខ្មែរឆ្នាំនេះបានណែនាំយ៉ាងជាក់ស្តែង ប្អូនៗសកម្មរៀនសូត្រ អាណាព្យាបាលសិស្សក៏យកចិត្តទុកដាក់ ពីព្រោះឃើញកូនចៅរបស់ខ្លួនបានរៀនភាសាកំណើតត្រឹមត្រូវតាមកម្មវិធីរបស់ក្រសួង”។
ការបង្ហាត់បង្រៀនអក្សរខ្មែរមិនត្រឹមតែនៅតាមសាលាចំណេះទូទៅប៉ុណ្ណោះទេ នៅតាមវត្តខ្មែរក៏បានរក្សាការបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលជាប្រចាំផងដែរ ដោយទាក់ទាញកូនចៅមាមីងខ្មែរមករៀនសូត្រច្រើនកុះករ។
ព្រះតេជព្រះគុណ ត្រឹងវុាំងថា ព្រះចៅអធិការវត្តសិរីតាម៉ឺន ឃុំលីវទូ មានថេដីកា៖ “វត្តបានបើកថ្នាក់បង្រៀនអក្សរខ្មែរជារៀងរាល់ឆ្នាំ មុនពេលរួមបញ្ចូលខេត្តសុកត្រាំងចាស់ មានគោលនយោបាយឧបត្ថម្ភគ្រូបង្រៀន ជួយឱ្យវត្តមានលក្ខណៈបន្ថែមដើម្បីរៀបចំបើកថ្នាក់រៀនកាន់តែល្អ”។
លោកយ័ញហ្វាងង្វៀន នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ឱ្យដឹង៖ “រយៈពេលខាងមុខ មន្ទីរនឹងបន្តពង្រីកលទ្ធផលដែលសម្រេចបាន កសាងវិធានការឱ្យបានសមស្របនឹងស្ថានភាពនៅភូមិភាគ ដើម្បីអនុវត្តមានប្រសិទ្ធភាពការអភិវឌ្ឍអប់រំភាសាជនជាតិភាគតិច រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០”៕
វឌ្ឍា-វិមាន