ពេលរំលឹកដល់អ្នកចម្រៀងគឹមដាន ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង អ្នកស្នេហាសិល្បៈស្ទើរតែទាំងអស់តែងស្គាល់បង ពីព្រោះបងមិនត្រឹមតែល្បីឈ្មោះដោយសារសូរសំនៀងដ៏ពីរោះលន្លង់លន្លោចតាមរយៈបទចម្រៀងប្រលោមស្នេហ៍ប៉ុណ្ណោះទេ តែបងនៅទាំងមានថ្វីដៃខាងផ្លុំខ្លុយដោយច្រមុះទៀតផង។ អាចនិយាយបានថានៅតំបន់វាលរាបទន្លេគឺវឡុងនេះ គឺមានតែបងម្នាក់គត់ដែលមានថ្វីដៃខាងផ្លុំខ្លុយដ៏ចម្លែកដូច្នេះ។
គឹមដានល្បីឈ្មោះនឹងទេពកោសល្យផ្លុំខ្លុយដោយច្រមុះ
ចំពោះអ្នកភ្លេងជាទូទៅ ពេលផ្លុំខ្លុយ គេផ្លុំដោយមាត់កូតទ្រ គឺកូតដៃស្តាំ ប៉ុន្តែចំពោះគឹមដានវិញគឺខុសពីគេឯង នោះគឺផ្លុំខ្លុយដោយច្រមុះនិងកូតទ្រដៃឆ្វេង។ ពេលសាកសួរពីរបៀបផ្លុំខ្លុយដោយច្រមុះ គឹមដានឲ្យដឹងៈ " ជាង២០ឆ្នាំផ្សារភ្ជាប់ជាមួយនឹងក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង អនុស្សាវរីយ៍ដែលខ្ញុំចាំជានិច្ចនោះ គឺមេដាយមាសមួយគ្រឿងដែលខ្ញុំ ទទួលបានជាលើកដំបូង អាស្រ័យផ្លុំខ្លុយដោយច្រមុះ។ ខ្ញុំចេះផ្លុំខ្លុយ កាលនៅតូចម៉្លេះ ទៅណាមកណាឃើញតែគេផ្លុំខ្លុយដោយមាត់ ម្ល៉ោះហើយខ្ញុំក៏មានគំនិតធ្វើឲ្យប្លែកពីគេនោះគឺផ្លុំខ្លុយដោយច្រមុះ។ ផ្លុំខ្លុយដោយច្រមុះវាលំបាកណាស់ត្រូវខំហាត់ផ្លុំឲ្យបានមែនទែន ពីព្រោះត្រូវរករបៀបយកខ្យល់ច្រមុះឲ្យបានវែង"។ ជាមួយនឹងចរិតឧស្សាហ៍ព្យា យាមហ្វឹកហាត់ និងដោយបានការណែនាំរបស់សិល្បៈករឆ្នើមសើងលឿង ម្ល៉ោះហើយគ្រាន់តែរយៈកាល២ខែចូលក្រុមហាត់ផ្លុំគឹមដាន បានចូលរួមសមោសរសូរសំនៀង ចម្រៀងប្រជាប្រិយវៀតណាម សំឡេងខ្លុយរបស់បងបានធ្វើឲ្យដក់ជាប់ក្នុងអារម្មណ៍មនុស្សទូទៅនិងទាក់ទាញបាននូវអារម្មណ៍របស់គណៈកម្មការមេប្រយោគនៃសមោសរសិល្បៈ និងឈានដល់ការឈ្នះរង្វាន់មេដាយមាស។ ចាប់ពីពេលនោះរហូតទល់នឹងសព្វថ្ងៃ បងខិតខំហាត់ពត់និងចូលរួមប្រឡងក្នុងបណ្តាពិធីសមោសរសិល្បៈនិងឈ្នះបានមេដាយគ្រប់ប្រភេទចំនួន១០ អាស្រ័យស្នាដៃផ្លុំខ្លុយដោយច្រមុះ។
កើតនឹងធំដឹងក្តីក្នុងគ្រួសារមួយ ឪពុកជាតន្រ្តីករដ៏ល្បីឈ្មោះមួយរូប នៅភូមិសុកឡែវ ទីប្រជុំជនឡិចហោយធឿង ស្រុកត្រឹងឌេ។ កាលនៅតូច បងបានឪពុកបង្រៀនភ្លេងដល់អាយុ១២ឆ្នាំ បងបានក្លាយជាអ្នកកូតទ្រដៃឆ្វេងដ៏ល្បីឈ្មោះមួយរូបនៅភូមិស្រុក។ ដើរលេងភ្លេងតាមឪពុកគ្រប់ទិសទី ម្ល៉ោះហើយឈ្មោះរបស់គឹមដានត្រូវបានអ្នកជំនាញខាង ភ្លេងដឹងឮច្រើន។ អាស្រ័យហេតុនោះ ការបានជម្រើសចូលក្រុមសិល្បៈ ចំពោះបង គឺគ្មានអ្វីលំបាកនិងចម្លែកនោះទេ។ ឆ្នាំ១៩៩២ គឹមដានបានជម្រើសចូលក្រុមសិល្បខ្មែរសុកត្រាំង។ ធ្លាប់ជាអ្នកមានទេពកោសល្យខាងភ្លេងនិងមានទេពកោសល្យខាងច្រៀងផងនោះ ម្ល៉ោះហើយពេលចូលក្រុម បងមានឱកាសហាត់ពត់និងសិក្សាស្រាវជ្រាវយ៉ាងច្រើនពីរៀមច្បង។ ហេតុដូច្នោះ ក្រោយរយៈកាល២ខែហាត់ពត់ បងបង្កើតបានស្នាដៃមួយដ៏អស្ចារ្យនោះ គឺផ្លុំខ្លុយដោយច្រមុះ ហើយកាន់តែល្បីឈ្មោះ រហូតដល់សព្វថ្ងៃ។ បងគឹមដានឲ្យដឹងៈ"មុននេះខ្ញុំផ្លុំខ្លុយដោយរន្ធច្រមុះខាងស្តាំ ក្រោយរយៈកាលច្រើនឆ្នាំហាត់ផ្លុំ សព្វថ្ងៃខ្ញុំផ្លុំដោយរន្ធច្រមុះទាំងសងខាង"។
មិនត្រឹមតែមានទេពកោសល្យផ្លុំខ្លុយដោយច្រមុះប៉ុណ្ណោះទេ គឹមដាន នៅទាំងមានសូរសំនៀងដ៏ពីរោះ មានអ្នកចូលចិត្តយ៉ាងច្រើន។ ជាច្រើនឆ្នាំកន្លង ពេលដើរសម្តែងតាមក្រុម បងគ្រាន់តែច្រៀងបទចម្រៀងប្រលោមស្នេហ៍ និងផ្លុំខ្លុយប្រគុំក្នុងវង់តន្រ្តីរបស់ក្រុមយូកេប៉ុណ្ណោះ។ វាយតម្លៃចំពោះគឹមដាន បងថាច់ចម្រើន ប្រធានក្រុមសិល្បៈខ្មែរខេត្តសុក ត្រាំង ឲ្យដឹងៈ" ផ្លុំខ្លុយដោយច្រមុះមិនមែនអ្នកណាក៏ធ្វើបានទាំងអស់នោះទេ គឺមានតែអ្នកមានទេពកោសល្យពីកំណើត ហើយស៊ូទ្រាំហាត់ពត់ស្រឡាញ់របរ ទើបហាត់បានល្អ។ ចាប់ពីពេលនោះរហូតមកទល់សព្វថ្ងៃ គឹមដានជានិច្ចកាលតែងជាអ្នកឧស្សាហ៍ព្យាយាមហាត់ពត់និងជាអ្នកសិក្សាស្រាវជ្រាវនូវអ្វីដែលថ្មីដែលល្អប្រសើរ ដែលចម្លែកនិងមនុស្សធម្មតាធ្វើមិនបាន។ ជាមួយនឹងទេពកោសល្យផ្លុំខ្លុយដោយច្រមុះ កូតទ្រដៃឆ្វេង គឹមដានត្រូវបានចាត់ទុកជាសិល្បករ" សម្បូរប្រាជ្ញ" មួយរូបរបស់ក្រុម"៕
យ្វីអាញ់-សឺនម៉ាល័យ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។