16/10/2026 - 21:58

បណ្តា​ញ "សន្តិ​សុខ​ សណ្តាប់​ធ្នាប់​សង្គម​ឆ្លាត​វៃ" គ្រប​ដណ្តប់​លើ​ភូមិ​ឋាន​ 

រួម​ជា​មួយ​នឹង​និន្នាការ​អនុ​វត្ត​បច្ចេក​វិទ្យា​ក្នុង​ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ឃុំ​តឹង​ហឹង ខេត្ត​កា​ម៉ាវ បាន​អនុ​វត្ត​ទម្រង់ “សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​ឆ្លាត​វៃ” យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។ តាម​រយៈ​នោះ ប្រ​ព័ន្ធ​កា​មេ​រ៉ា​សន្តិ​សុខ​របស់​ទម្រង់​នេះ បាន​បម្រើ​ការ​ងារ​គ្រប់​គ្រង​ភូមិ​ឋាន មុខ​សញ្ញា និង​ស្វែង​រក​រូប​ភាព​សម្រាប់​ស៊ើប​អង្កេត​ករណី​ដែល​ជាប់​ពាក់​ព័ន្ធ។

 នគរ​បាល​ឃុំ​តឹង​ហឹង គ្រប់​គ្រង​ប្រ​ព័ន្ធ​កា​មេ​រ៉ា​សន្តិ​សុខ។

តាម​នោះ បច្ចុប្បន្ន​នៅ​លើ​ភូមិ​ឋាន​ឃុំ​តឹង​ហឹង មាន​កា​មេ​រ៉ា​សន្តិ​សុខ ២០ គ្រឿង ដែល​នគរ​បាល​ឃុំ​គ្រប់​គ្រង បាន​ដំ​ឡើង​នៅ​ទី​តាំង សំ​ខាន់ៗ ១១ កន្លែង នៅ​តាម​ដង​ផ្លូវ​គមនា​គមន៍ តំ​បន់​តាំង​ទី​លំ​នៅ ទី​ស្នាក់​ការ​ស្ថា​ប័ន និង​តំ​បន់​ដែល​ស្មុគ​ស្មាញ​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់; ទន្ទឹម​នឹង​នោះ តភ្ជាប់​បន្ថែម​កា​មេ​រ៉ា ៥ គ្រឿង​ដែល​ប្រ​ជា​ជន​វិនិ​យោគ​ដំ​ឡើង​និង​ស្ម័គ្រ​ចិត្ត​តភ្ជាប់​ជា​មួយ​ប្រ​ព័ន្ធ​រួម។ ទិន្ន​ន័យ​ទាំង​អស់​បាន​ប្រ​មូល​ផ្តុំ​នៅ​នគរ​បាល​ឃុំ ដើម្បី​បម្រើ​ការ​ងារ​គ្រប់​គ្រង តាម​ដាន និង​ដោះ​ស្រាយ​ស្ថាន​ការណ៍​ដែល​កើត​ឡើង​អំ​ពី​សន្តិ​សុខ សណ្តាប់​ធ្នាប់។ ទម្រង់​នេះ​មាន​លក្ខន្តិកៈ​សកម្ម​ភាព​ច្បាស់​លាស់ កំ​ណត់​ជាក់​ស្តែង​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​កម្លាំង​នគរ​បាល​ម្នាក់ៗ ដំ​ណើរ​ការ​ទទួល​និង​ដោះ​ស្រាយ​ព័ត៌​មាន និង​យន្ត​ការ​សហ​ការ​តាម​រយៈ​នោះ បាន​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​បង្ការ​ទប់​ស្កាត់ រក​ឃើញ ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​បទ​ល្មើស​នា​នា​និង​អំ​ពើ​រំ​លោភ​បំ​ពាន​ច្បាប់។

លោក​វរ​សេនីយ៍​ឯក​បម្រុង ង្វៀង​ថាញ​ង្វៀន ប្រ​ធាន​នគរ​បាល​ឃុំ​តឹង​ហឹង ឱ្យ​ដឹង៖ “ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៅ​ភូមិ​ភាគ បាន​កៀរ​គរ​កម្លាំង​សាម​គ្គី​ពី​រណ​សិរ្ស​មាតុ​ភូមិ អង្គ​ការ​មហា​ជន អង្គ​ការ​នយោ​បាយ - សង្គម កង​កម្លាំង​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន និង​មហា​ជន​ចូល​រួម​ជា​ច្រើន។ បច្ចុប្បន្ន ឃុំ​តឹង​ហឹង កំ​ពុង​អនុ​វត្ត​ទម្រង់ “សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​ឆ្លាត​វៃ​” បាន​ដំ​ណើរ​ការ​ដោយ​ផ្អែក​លើ​លក្ខន្តិកៈ​សកម្ម​ភាព​ច្បាស់​លាស់ កំ​ណត់​ជាក់​ស្តែង​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​កម្លាំង​នគរ​បាល​ម្នាក់ៗ ដំ​ណើរ​ការ​ទទួល​ព័ត៌​មាន និង​យន្ត​ការ​សហ​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង។ តាម​រយៈ​នោះ បាន​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​បង្ការ​ទប់​ស្កាត់​ចំ​ពោះ​បទ​ល្មើស”។

ប្រ​សិទ្ធ​ភាព​របស់​ទម្រង់​មិន​ត្រឹម​តែ​បង្ហាញ​តាម​រយៈ​ចំ​នួន​ពេល​ផ្សព្វ​ផ្សាយ ឬ​ប្រ​ភព​ព័ត៌​មាន​ដែល​ទទួល​បាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ផ្សារ​ភ្ជាប់​រវាង​កម្លាំង​នគរ​បាល​និង​ប្រ​ជា​ជន។ លោក​វរ​សេនីយ៍​ឯក ឡេ​ម៉ាញ់​ហុង នា​យក​រង​នគរ​បាល​ខេត្ត​កា​ម៉ាវ បញ្ជាក់៖ “ផ្តើម​ពី​ការ​អនុ​វត្ត​ជាក់​ស្តែង​នូវ​ទម្រង់​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ក្នុង​ការ​បង្ការ ទប់​ស្កាត់​បទ​ល្មើស​នៅ​ឃុំ​តឹង​ហឹង បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព ជា​វិជ្ជ​មាន​ក្នុង​ការ​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់ និង​កសាង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៅ​ភូមិ​ភាគ។ ពេល​ប្រ​ជា​ជន​យល់​ច្បាស់​អំ​ពី​ផល​ប្រ​យោជន៍​របស់​ទម្រង់ “សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​ឆ្លាត​វៃ” ពួក​គាត់​នឹង​ស្ម័គ្រ​ចិត្ត​រួម​ចំ​ណែក ថវិកា និង​ផ្តល់​ព័ត៌​មាន​ថ្កោល​ទោស​បទ​ល្មើស។ ដោយ​សារ​មាន​កា​មេ​រ៉ា​តាម​ដាន កម្លាំង​នគរ​បាល​មូល​ដ្ឋាន​បន្ថយ​បាន​ការ​ចាត់​ចែង​ប្រ​ចាំ​ការ​តាម​បែប​ប្រ​ពៃ​ណី ប្តូរ​មក​ម្ចាស់​ការ​ក្តោ​បក្តាប់​ស្ថាន​ភាព និង​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​ពី​ចម្ងាយ​ពី​ដំ​បូង”។

ប្រ​ព័ន្ធ “កាមេ​រ៉ា​តាម​ដាន” មិន​ត្រឹម​តែ​ជួយ​កម្លាំង​នគរ​បាល​រក្សា​លំ​នឹង​ភូមិ​ឋាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើន​ការ​ផ្សារ​ភ្ជាប់​រវាង​ទឹក​ចិត្ត​ប្រ​ជា​ជន​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ទៀត​ផង។ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដើម្បី​នគរ​បាល​ខេត្ត​កា​ម៉ាវ​បន្ត​ពង្រីក​ទម្រង់​រក្សា ជីវ​ភាព​សុខ​សាន្ត និង​សុភ​មង្គល​ជូន​ប្រ​ជា​ជន​នៅ​តំ​បន់​ចុង​ប៉ូល​ខាង​ត្បូង​នៃ​មាតុ​ភូមិ៕

                                    យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ