មិនត្រឹមតែជាវត្តបុរាណមួយដែលមានអាយុកាលជាង ៥៦០ ឆ្នាំប៉ុណ្ណោះទេ វត្តព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំឡុងហ៊ីប គឺជាកន្លែងរក្សាតម្លៃវប្បធម៌ប្រពៃណីជាច្រើនរបស់ជនរួមជាតិខ្មែរទៀតផង។ តាំងពីស្ថាបត្យកម្ម សិល្បៈចម្លាក់ រហូតដល់ការបង្រៀនអក្សរខ្មែរដល់យុវវ័យជំនាន់ក្រោយ វត្តបានរួមចំណែកអភិរក្ស និងរីកសាយភាយអត្តសញ្ញាណវប្បធម៌ជនជាតិ ក្នុងសង្វាក់នៃជីវភាពដ៏ទំនើប។


បរិវេណវត្តព្រៃវល្លិ៍ មានទេសភាពបៃតងម្លប់ត្រជាក់ សុខដុមរមនារវាងស្ថាបត្យកម្ម និងធម្មជាតិ ទាក់ទាញភ្ញៀវទេសចរមកទស្សនា គោរពបូជា។
ស្ថិតនៅលើបរិវេណទំហំប្រមាណ ៧,៣ ហិកតា វត្តព្រៃវល្លិ៍ បានកសាងឡើងតាំងពីឆ្នាំ ១៤៦៤ ហើយជាវត្តខ្មែរបុរាណមួយក្នុងចំណោមវត្តខ្មែរនៅខេត្តវិញឡុង។ ឆ្លងកាត់រយៈពេលជាងពាក់កណ្តាលសហស្សវត្សរ៍ វត្តមិនត្រឹមតែជាមជ្ឈមណ្ឌលសកម្មភាពជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងក្លាយជាអាសយដ្ឋានថែរក្សាតម្លៃវប្បធម៌ អប់រំ និងសិល្បៈប្រពៃណីជាច្រើន ដែលទាក់ទាញពុទ្ធបរិស័ទ និងភ្ញៀវទេសចរច្រើនកុះករមកទស្សនា និងគោរពបូជាទៀតផង។
តាមថេរដីកាព្រះតេជព្រះគុណ ថាច់ទ្រឿង ចៅអធិការវត្តព្រៃវល្លិ៍ ផ្នែកសំណង់ជាច្រើនក្នុងវត្តចាស់ទ្រុឌទ្រោមទៅតាមពេលវេលា។ ចាប់ពីឆ្នាំ ២០១៥ មកទល់បច្ចុប្បន្ន វត្តបានចលនាបច្ច័យដើម្បីកសាង ជួសជុល ព្រមទាំងកសាងព្រះវិហារថ្មីតាមរចនាបថពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ ការជួសជុលមិនត្រឹមតែបង្កលក្ខណៈងាយស្រួលសម្រាប់ពុទ្ធបរិស័ទគោរពប្រតិបត្តិសាសនាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សតម្លៃស្ថាបត្យកម្មប្រពៃណីរបស់ជនរួមជាតិខ្មែរផងដែរ។
ចាប់តាំងពីព្រះវិហារថ្មីបានដាក់ឱ្យប្រើប្រាស់ វត្តព្រៃវល្លិ៍កាន់តែមានភ្ញៀវទេសចរក្នុងនិងក្រៅខេត្តមកទស្សនាច្រើនឡើងៗ។ ពេលឈានជើងឆ្លងកាត់ខ្លោងទ្វារវត្ត ភ្ញៀវទេសចរនឹងមានអារម្មណ៍ថាបរិយាកាសស្ងប់ស្ងាត់ជាមួយនឹងជួរដើមឈើបៃតង ដំបូលក្បឿងច្រើនជាន់ខ្ពស់សន្លឹម អមដោយក្បាច់រចនាចម្លាក់យ៉ាងរស់រវើក។ រូបនាគរាជ គ្រុឌ, កិន្នរ និងក្បូរក្បាច់តុបតែងលម្អប្រកបដោយលក្ខណៈពិសេសនៃសិល្បៈខ្មែរ បានបង្កបានសម្រស់ដ៏ឆើតឆាយ។ ចំពោះជនរួមជាតិខ្មែរ វត្តមិនត្រឹមតែជាកន្លែងប្រារព្ធសាសននិយមកិច្ចប៉ុណ្ណោះទេ ថែមទាំងជាបរិយាកាសតភ្ជាប់សហគមន៍ ជាទីកន្លែងរក្សាទំនៀមទម្លាប់ និងបង្ហាត់បង្រៀនតៗនូវតម្លៃវប្បធម៌ពីជំនាន់មួយទៅជំនាន់មួយ។
សំណង់មួយក្នុងចំណោមសំណង់ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ គឺសាលាធម្មសភា ដែលសាងសង់អំពីឈើប្រណីតមានអាយុកាលជាង ២០០ ឆ្នាំ ដោយរុះរើពីព្រះវិហារចាស់។ សំណង់មានតម្លៃប្រវត្តិសាស្ត្រផង និងបង្ហាញពីស្មារតីភ្ញាក់រលឹកអភិរក្សបេតិកភណ្ឌរបស់វត្តផង។ សសរឈើធំៗ ក្បាច់ចម្លាក់ដ៏វិចិត្រនៅតែរក្សាបានល្អគង់វង្ស ជួយឱ្យភ្ញៀវទេសចរមានអារម្មណ៍យល់ច្បាស់អំពីសម្រស់នៃសិល្បៈស្ថាបត្យកម្មខ្មែរឆ្លងកាត់ជាច្រើនសតវត្សរ៍មកហើយ។

សាលាធម្មសភាបានសាងសង់ ជួសជុលឡើងវិញដោយប្រើប្រាស់ឈើប្រណីតពីព្រះវិហារចាស់ដែលមានអាយុកាលជាង ២០០ ឆ្នាំ រក្សានូវតម្លៃស្ថាបត្យកម្មដ៏វិសេស និងអត្តសញ្ញាណវប្បធម៌ខ្មែររបស់វត្ត។
មិនត្រឹមតែអភិរក្សតម្លៃរូបបីប៉ុណ្ណោះទេ វត្តព្រៃវល្លិ៍នៅទាំងផ្តោតសំខាន់លើការអភិរក្សបេតិក ភណ្ឌវប្បធម៌អរូបបីទៀតផង។ រៀងរាល់ឆ្នាំ ក្នុងឱកាសវិស្សមកាល វត្តបើកថ្នាក់បង្រៀនអក្សរខ្មែរដោយឥតគិតថ្លៃសម្រាប់សិស្សចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ ផងដែរ។ ដោយមានបន្ទប់រៀន ៨ បន្ទប់ ក្នុងមួយបន្ទប់មានសិស្សរៀនពី ២២ ដល់ ២៣ នាក់។ នៅទីនេះ ប្អូនៗបានរៀនអាន រៀនសរសេរអក្សរខ្មែរ សិក្សាធម៌អាថ៌វិន័យពុទ្ធសាសនាទក្ខិណនិកាយ សីលធម៌ និងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។
ព្រះតេជព្រះគុណ ថាច់ទ្រឿង មានថេរដីកាបន្ថែម៖ ការបើកថ្នាក់បង្រៀនអក្សរខ្មែរជាសកម្មភាពដែលវត្តបានរក្សាជាច្រើនឆ្នាំមកហើយ ដោយគោលបំណងចង់ឱ្យយុវវ័យជំនាន់ក្រោយយល់ដឹង និងប្រើប្រាស់ភាសាកំណើតបានស្ទាត់ជំនាញ ផ្តើមពីនោះកាន់តែស្រឡាញ់ និងមោទនភាពអំពីអត្តសញ្ញាណជាតិ។ នេះក៏ជាវិធីសាស្ត្រដើម្បីរក្សាភាសា និងអក្សរខ្មែរចំពោះការប៉ះពាល់នៃដំណាក់កាលសមាហរណកម្ម និងអភិវឌ្ឍ។
បច្ចុប្បន្ន វត្តព្រៃវល្លិ៍នៅតែរក្សាតួនាទីជាទីបង្អែកស្មារតីរបស់ជនរួមជាតិខ្មែរ និងជា "ឃ្លាំងទ្រព្យ" រក្សានូវតម្លៃវប្បធម៌ប្រពៃណី។ ជាមួយនឹងសម្រស់បុរាណ បរិយាកាសស្ងប់ស្ងាត់ អមដោយសកម្មភាពជាក់ស្តែងក្នុងការអភិរក្សភាសា អក្សរ និងទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ វត្តមិនត្រឹមតែជាគោលដៅទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងរួមចំណែករីកសាយភាយតម្លៃវប្បធម៌ដ៏វិសេសនៃតំបន់ទឹកដីវិញឡុងទៀតផង៕
ទីទុយ - លីសៀ